ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកដាក់ទណ្ឌកម្មមន្ត្រីការបរទេសរុស្ស៊ីជាច្រើនរូប

ចែករំលែក៖

កាលពីថ្ងៃទី៩ ខែមករា ក្រសួងហិរញ្ញ វត្ថុអាមេរិកបានប្រកាសថា លោក Alexander Bastrykin អ្នកឯកទេសស្រាវជ្រាវ របស់រុស្ស៊ី និងមន្ត្រី៤រូបផ្សេងទៀតរបស់ រុស្ស៊ីបានដាក់បញ្ចូលក្នុងបញ្ជីដាក់ទណ្ឌ កម្មថ្មីរបស់អាមេរិកដោយរងការចោទ ប្រកាន់ពីបទរំលោភសិទ្ធិមនុស្ស។

ប្រភពព័ត៌មានបានឲ្យដឹងថា មន្ត្រីរុស្ស៊ីដែលរងការដាក់ទណ្ឌកម្មពីអាមេរិករួម មានប្រធានគណៈកម្មាធិការស្រាវជ្រាវរុស្ស៊ី Alexander Bastrykin និងអ្នកសើុបអង្កេត ពីររូបទៀតគឺលោក Gennady Plaksin និងលោក Stanislav Gordiyevsky ដែលជាប់ពាក់ព័ន្ធនឹងការស្រាវជ្រាវទៅលើមេធាវី Sergei Magnitsky ដែលបានស្លាប់ កាលពីឆ្នាំ២០០៩។ ក្រៅពីនេះនៅក្នុង បញ្ជីដាក់ទណ្ឌកម្មនៅមានលោក Andrei Lugovoy និង Dmitry Kovtun ដែល អាមេរិកចោទប្រកាន់ថា ជាប់ពាក់ព័ន្ធនឹងការស្លាប់របស់មន្ត្រីប្រឆាំងរុស្ស៊ីក្នុងទីក្រុងឡុងគឺលោក Alexander Litvinenko កាលពីឆ្នាំ២០០៦។

ក្រសួងហិរញ្ញវត្ថុអាមេរិកបានបញ្ជាក់ថា ការដាក់ទណ្ឌកម្មខាងលើមិនជាប់ពាក់ព័ន្ធនឹងការចោទប្រកាន់ការវាយប្រហារតាម បណ្តាញទៅលើប្រព័ន្ធបោះឆ្នោតនៅអាមេរិកឡើយ។

កន្លងមកថ្មីៗប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា បានសម្រេចបណ្តេញមន្ត្រីការទូតរុស្ស៊ី៣៥រូបចេញពីអាមេរិក។ រដ្ឋា ភិបាលទីក្រុងមូស្គូបានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថា មានបំណងបំផ្លាញទំនាក់ ទំនងជាមួយទីក្រុងមូស្គូ។

កាលពីថ្ងៃទី២៩ ខែធ្នូ ប្រធានាធិបតី អូបាម៉ាបានចេញបញ្ជាឲ្យបណ្តេញមន្ត្រី រុស្ស៊ី៣៥រូបដោយចោទប្រកាន់ពីបទចារ កម្មនៅសហរដ្ឋអាមេរិក។ មន្ត្រីរុស្ស៊ីដែលត្រូវបណ្តេញចេញនោះជាប់ពាក់ព័ន្ធនឹង ក្រុមចារកិច្ចពីរផ្សេងគ្នារបស់រុស្ស៊ីដែល បានវាយប្រហារទៅលើការបោះឆ្នោតនៅអាមេរិក។ ក្រៅពីនេះអាមេរិកបានបិទទីតាំង ពីរកន្លែងរបស់រុស្ស៊ីនៅក្នុងទឹកដីសហរដ្ឋអាមេរិក។

សារព័ត៌មានរ៉យទ័របានផ្សាយថា អាមេ រិកបានដាក់ទណ្ឌកម្មទៅលើអង្គការសន្តិសុខសហភាពរុស្ស៊ី FSB និងអង្គការចារ កម្មយោធា GRU ។ ទីតាំងពីរកន្លែងនៅ អាមេរិកដែលលោក អូបាម៉ា បញ្ជាឲ្យបិទទ្វារនោះស្ថិតនៅទីក្រុងញ៉ូវយ៉ក និងម៉ារី ឡែន ដោយសង្ស័យពាក់ព័ន្ធប្រមូលព័ត៌ មានចារកម្មពីអាមេរិក។

មន្ត្រីការបរទេស៣៥រូបរបស់រុស្ស៊ីត្រូវចាកចេញពីអាមេរិកក្នុងរយៈពេល៧២ ម៉ោង។ នេះជាការដាក់ទណ្ឌកម្មតឹងតែង បំផុតទៅលើរុស្ស៊ីពាក់ព័ន្ធនឹងសកម្មភាពចារកម្ម។

សកម្មភាពខាងលើកើតឡើងនៅពេល ដែលលោក អូបាម៉ា ជិតបញ្ចប់អាណត្តិនៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ។ សកម្មភាពខាងលើបានធ្វើឲ្យទំនាក់ទំនងរវាង អាមេរិកនឹងរុស្ស៊ីកាន់តែតានតឹងជាងពេលណាៗទាំងអស់បន្ទាប់ពីសង្គ្រាមត្រជាក់។

ក្រសួងចារកិច្ចអាមេរិកបានប្រកាសថា ប្រធានាធិបតីរុស្ស៊ីលោកពូទីនបានចេញ បញ្ជាដោយផ្ទាល់ទៅលើការបោះឆ្នោតនៅអាមេរិកដោយក្រុមហែកឃឺរុស្ស៊ីបានវាយប្រហារចូលក្នុងប្រព័ន្ធកុំព្យួទ័រលួចព័ត៌មានរបស់គណបក្សប្រជាធិបតេយ្យ ទើបធ្វើឲ្យ លោកស្រី ហ៊ីលឡារី គ្លីនតុន ចាញ់នៅក្នុង ការបោះឆ្នោត៕ ម៉ែវ សាធី

sanctions


ចែករំលែក៖