ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ខ្លួនគូស្នេហ៍២នាក់ និងព្រះសង្ឃ២អង្គពាក់ព័ន្ធបទល្មើសគ្រឿងញៀននៅស្រុកកោះធំ

ចែករំលែក៖

ខេត្តកណ្តាលៈ បុរសស្ត្រី២នាក់ជាគូស្នេហ៍នឹងគ្នា ព្រមទាំងព្រះសង្ឃ២អង្គទៀត ត្រូវបានសមត្ថកិច្ចនគរបាលស្រុកកោះធំបង្រ្កាបចាប់ខ្លួនជាបន្តបន្ទាប់ ដកហូតបានវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន០៣កញ្ចប់ ,ទូរស័ព្ទដៃចំនួន០៣គ្រឿង ,សម្ភារៈវេចខ្ចប់ និងឧបករណ៍សម្រាប់សេពគ្រឿងញៀនមួយចំនួនទៀត ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។ ប្រតិបត្តិការបង្រ្កាបនេះធ្វើឡើងនៅវេលាម៉ោង១ និង២រសៀល ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ ត្រង់ចំណុចវត្តសំប៉ាន ស្ថិតក្នុងភូមិសំប៉ាន ឃុំកោះធំ(ខ) ស្រុកកោះធំ ។

លោកវរសេនីយ៍ទោ ឈឿន ប៊ុនឆន អធិការនគរបាលស្រុកកោះធំបានឲ្យដឹងថា គូស្នេហ៏មួយគូជាមុខសញ្ញាជួញដូរគ្រឿងញៀននោះឈ្មោះ ផុន ម៉ារ៉ាឌី ភេទ ប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិឬស្សីដាច់ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល រីឯនារីជាសង្សាឈ្មោះ ហួរ គឹមហ័ង ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិបុសខ្នុរ ឃុំបុសខ្នុរ ស្រុកចម្ការលើ ខេត្តកំពង់ចាម ។ ចំណែកឯព្រះសង្ឃ២អង្គ នោះ ទី១-ឈ្មោះ សឿង សុផានី អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតនៅភូមិស្យា ឃុំវាលពង់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ទី២-ឈ្មោះ ខែម រ៉ាមី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតនៅភូមិព្រៃមិច ឃុំវាលពង់ ស្រុកថ្ពង ។

លោកអធិការបានបន្តថា ក្នុងប្រតិបត្តិការបង្រ្កាបចាប់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀន សមត្ថកិច្ចបានធ្វើការដកហូតថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន០៣កញ្ចប់ ,ទូរស័ព្ទដៃចំនួន០៣គ្រឿង ,សម្ភារៈវេចខ្ចប់ និងឧបករណ៍សម្រាប់សេពគ្រឿងញៀនមួយចំនួនទៀត ។ ដោយឡែកក្នុងប្រតិបត្តិការបង្រ្កាបចាប់ខ្លួនព្រះសង្ឃ២អង្គខាងលើនេះ សមត្ថកិច្ចបានធ្វើការដកហូត ឧបករណ៍សម្រាប់សេព(ប្រើប្រាស់)គ្រឿងញៀនមួយចំនួន ខណៈដែលថ្នាំញៀនដែលទិញមកប្រើប្រាស់អស់មុនពេលសមត្ថកិច្ចចុះទៅដល់ ។

លោក ឈឿន ប៊ុនឆន បានបញ្ជាក់ថា ដំបូងឡើយសមត្ថកិច្ចនគរបាលស្រុកកោះធំបានធ្វើការស្រាវជ្រាវបង្រ្កាបចាប់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀនប្រុស-ស្រី២នាក់ ខាងលើនេះនៅវេលាម៉ោង១រសៀល ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ ឈានដល់ហូតវត្ថុតាងថ្នាំញៀន៣កញ្ចប់ ។ បន្ទាប់ពីធ្វើការសាកសួរជនល្មើសជួញដូរគ្រឿងញៀនខាងលើនេះ សមត្ថកិច្ចបានបន្តស្រាវជ្រាវឡោមព័ទ្ធចាប់ខ្លួនព្រះសង្ឃ២អង្គខាងលើនេះបន្ថែមទៀត ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ស្អាងជ័យ

ses-1 ses-2 ses-3 ses-4 ses-5 ses-6 ses-7 ses-8 ses-9


ចែករំលែក៖