សហគមន៍អឺរ៉ុបកំពុងតែជួបគ្រោះថ្នាក់នឹងបញ្ហារបស់សហគមន៍នេះមិនអាចដោះស្រាយបាននៅក្នុងជំនួបពិភាក្សារបស់មេដឹកនាំទាំងអស់។
ទាំងនោះជាការប្រកាសរបស់អធិកាបេតី អាល្លឺម៉ង់ អេនហ្គេឡា មែរគែល នៅក្នុងកិច្ច ប្រជុំសហគមន៍អឺរ៉ុបនៅទីក្រុង Bratislava នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦។ កាល ពីថ្ងៃទី១៦ ខែកញ្ញា សហគមន៍អឺរ៉ុបមាន ២៧ប្រទេសបានជួបប្រជុំគ្នាលើកលែងតែអង់គ្លេសបានជួបប្រជុំគ្នានៅទីក្រុង Bratislva។ ប្រធានបទសំខាន់នៅក្នុងកិច្ចប្រជុំនេះគឺគម្រោងចាកចេញពីអឺរ៉ុបរបស់អង់ គ្លេស។ ក្រៅពីនេះក៏បានពិភាក្សាអំពីជនភៀសខ្លួនសន្តិសុខ និងអភិវឌ្ឍន៍សេដ្ឋ កិច្ច។
ក្នុងពេលជាមួយគ្នានេះសមាជិកព្រឹទ្ធ សភាអឺរ៉ុបលោក Martin Schulz បានទទួល ស្គាល់ថា អឺរ៉ុបកំពុងធ្លាក់ក្នុងដំណាក់កាលគ្រោះថ្នាក់។ អ្នកឯកទេសសេដ្ឋកិច្ចធ្លាប់ ទទួលបានពានរង្វាន់ណូបែលបានបញ្ជាក់ ថា មិនមានអនាគតទៀតឡើយសម្រាប់ សហគមន៍ប្រទេសចាយប្រាក់រួមគ្នានេះគឺអឺរ៉ូ។
លោក Joseph Stiglitz អតីតទីប្រឹក្សាជាន់ខ្ពស់របស់អតីតប្រធានាធិបតីអាមេរិក Bill Clinton ធ្លាប់ទទួលបានពានរង្វាន់ណូបែលសេដ្ឋកិច្ចពេលថ្មីៗកន្លងទៅនេះបានបញ្ជាក់ថា ប្រទេសចាយប្រាក់រួមអឺរ៉ូចាំបាច់ត្រូវតែបញ្ចប់ដើម្បីរក្សាលំនឹងសេដ្ឋកិច្ចជៀស វាងវិបត្តិកាន់តែធ្ងន់ជាងនេះ។
លោក Joseph Stiglitz បញ្ជាក់ទៀតថា ការណ៍ដែលអង់គ្លេសចាកចេញពីសហ គមន៍អឺរ៉ុបនោះធ្វើឲ្យមានការផ្លាស់ប្តូរនៅ ក្នុងតំបន់ទាំងមូលហើយអាចជំរុញឲ្យអឺរ៉ុបធ្លាក់ក្នុងដំណាក់កាលនៃការដួលរលំ។ លោកបន្តទៀតថា អុីតាលីអាចជាប្រទេស បន្ទាប់ដើរតាមគន្លងរបស់អង់គ្លេសចាក ចេញពីអឺរ៉ុប។ ទាំងនោះហើយអឺរ៉ុបគួរតែ ពិចារណាដើម្បីបញ្ចប់សហគមន៍នេះ ដោយស្ងប់ស្ងាត់ចៀសវាង «គ្រោះមហន្ត រាយនយោបាយកើតឡើង»។
បើទោះបីទើបតែបានបង្កើតឡើងក្នុង រយៈពេល១៥ឆ្នាំ (១៩៩៩) សហគមន៍ ប្រទេសចាយប្រាក់រួមអឺរ៉ូជាច្រើនលើកឡើង ពីប្រសិទ្ធភាពនៃសហគមន៍ក្រោយពេលប្រឈមនឹងវិបត្តិសេដ្ឋកិច្ចជាទ្រង់ទ្រាយធំនៅក្នុងឆ្នាំ២០០៨-២០០៩។
ទិន្នន័យជាផ្លូវការបានបង្ហាញថា នៅក្នុង ត្រីមាសទី២នេះកំណើនសេដ្ឋកិច្ចនៅតំបន់ចាយប្រាក់អឺរ៉ូបានធ្លាក់ចុះយ៉ាងខ្លាំងដោយសារតែមានការព្រួយបារម្ភចំពោះការចាកចេញរបស់អង់គ្លេសពីសហគមន៍អឺរ៉ុប ហើយនិងការធ្លាក់ចុះនៃសេដ្ឋកិច្ចរបស់ អីុតាលី និងបារាំង។
ទីភ្នាក់ងារស្ថិតិ Eurostat បានមាន ប្រសាសន៍ថា កំណើនសេដ្ឋកិច្ចនៅក្នុង តំបន់ចាយប្រាក់អឺរ៉ូចំនួន១៩ប្រទេសបានធ្លាក់ចុះពី០,៦ភាគរយមកដល់០,៣ភាគ រយនៅក្នុងរយៈពេល៣ខែចុងក្រោយនេះ។
ក្រុមហ៊ុនទិន្នន័យ Factset បានឱ្យដឹង ថា ចំណូលប្រចាំត្រីមាសដែលមាន០,៣ភាគរយនេះគឺស្របនឹងការព្យាកររបស់អ្នកវិភាគរបស់ក្រុមហ៊ុន។
អ្នកវិភាគបានឱ្យដឹងនៅពេលដែលការព្យាករកាលពីខែមុនថា ភាពមិនច្បាស់លាស់ នៃបញ្ហារបស់ប្រទេសអង់គ្លេសបានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចយ៉ាងខ្លាំង។
ពួកគេបានបន្ថែមទៀតថាកត្តាទាំងនេះនឹងបន្តបង្កើតបញ្ហាដល់កំណើនសេដ្ឋកិច្ច រហូតដល់ពេលដែលទំនាក់ទំនងរវាងសហ ភាពអឺរ៉ុបនឹងអង់គ្លេសត្រូវបានបញ្ជាក់។
បើប្រៀបធៀបនឹងឆ្នាំមុនសេដ្ឋកិច្ចរបស់ តំបន់ចាយប្រាក់អឺរ៉ូបានកើនឡើង១,៦ភាគ រយនៅក្នុងរយៈពេល៣ខែដល់ខែមិថុនា ពោលគឺជាតួលេខគ្មានការផ្លាស់ប្តូរពីការ ព្យាករកាលពីដំបូង។
អាល្លឺម៉ង់ជាប្រទេសដែលមានសេដ្ឋ កិច្ចធំជាងគេបំផុតរបស់អឺរ៉ុបមានភាពល្អជាងការរំពឹងទុកជាមួយនឹងកំណើន០,៤ភាគរយនៅក្នុងត្រីមាសទី២ពោលគឺធ្លាក់ចុះ ០,៧ភាគរយបើធៀបនឹងត្រីមាសទី១។
អេស៉្បាញដែលមានសេដ្ឋកិច្ចកើន ឡើង បន្ទាប់ពីស្ថិតក្នុងភាពជាប់គាំងអស់រយៈពេលជាច្រើនឆ្នាំនោះបានកើនឡើង ០,៧ភាគរយពោលគឺធ្លាក់ចុះពី០,៨ភាគ រយកាលពីត្រីមាសទី១។ ស្របពេលដែល អង់គ្លេសវិញទទួលបានកំណើន០,៦ភាគ រយបន្ទាប់ពីធ្លាក់ចុះដល់០,៤ភាគរយ។
ក្រោយពេលអង់គ្លេសបានសម្រេច ចាកចេញពីអឺរ៉ុបនោះធ្វើឲ្យសហគមន៍ដ៏ធំបំផុតលើពិភពលោកមួយនេះប្រឈមនឹង ការបែកបាក់គ្នាក្នុងពេលដែលវិបត្តិជាច្រើន កំពុងកើតឡើងនៅអឺរ៉ុបក្នុងនោះមានវិបត្តិជនភៀសខ្លួន និងសេដ្ឋកិច្ចជាដើម។
អ្នកវិទ្យាសាស្ត្រនយោបាយរុស្ស៊ីលោក Vitaly Tretyakov បានបញ្ជាក់ថា វាសនាសហគមន៍អឺរ៉ុបនាពេលនេះមានភាពល្អ ប្រសើរ តែពេលខាងមុខមិនអាចប្រសើរ ដូចនេះឡើយ។ លោក Vitaly Tretyakov បានបញ្ជាក់ថា ស្ថានភាពនៅអឺរ៉ុបមិនខុសអ្វីពីជោគវាសនារបស់អតីតសហភាពសូវៀតនោះឡើយ។ សូវៀតបានរស់រានមានជីវិតជិត៧០ឆ្នាំ ជាពេលវេលាមួយយ៉ាងយូរ តែទីបំផុតក៏ត្រូវតែបែកបាក់។ ចំណែកសហ គមន៍អឺរ៉ុបក៏នឹងត្រូវបែកបាក់ពេលមានអាយុ កាលដូចទៅនឹងសូវៀតគឺអំឡុងឆ្នាំ២០២២ ខាងមុខ។
រយៈពេល៧០ឆ្នាំមិនមែនជាពេលវេលា ខ្លីនោះឡើយគឺត្រូវឆ្លងកាត់៣ជំនាន់មនុស្ស ដឹកនាំ។ ជំនាន់ជីតាបានបង្កើតឡើងនិងសាងសង់នូវអ្វីដែលថ្មីៗ។ ជំនាន់កូនចៅ ទទួលបានអ្វីដែលថ្មីៗពីជីតា ហើយប្រើ ប្រាស់វាមិនបានគិតដល់ភាពខុសឆ្គងនោះឡើយ។ ចំណែកជំនាន់កូនចៅគឺមិនបាន មើលឃើញពីភាពល្អឥតខ្ចោះដែលជំនាន់មុនបន្សល់ទុកនោះទេ។ លើសពីនេះទៅទៀតអ្នកជំនាន់ក្រោយបានបោះបង់ទស្សនៈ របស់អ្នកជំនាន់មុនបំផ្លាញអ្វីដែលអ្នកជំនាន់ មុនខិតខំបង្កើតឡើងទីបំផុតក៏ដួលរលំ។ ប្រវត្តិសាស្ត្រសូវៀតបានវិវឌ្ឍដូចខាងលើ។ ពេលនេះសហគមន៍អឺរ៉ុបកំពុងតែធ្វើដំណើរ តាមគន្លងសូវៀតនៅពេលដ៏ខ្លីខាងមុខ ជំនាន់ក្រោយរបស់អឺរ៉ុបនឹងក្លាយជាកម្លាំងនយោបាយដ៏សំខាន់របស់សហគមន៍៕ ម៉ែវ សាធី