ខេត្តកោះកុង ៖ ជនសង្ស័យពាក់ព័ន្ធ ករណីជួញដូរគ្រឿងញៀន និងចោរលួច ម៉ូតូចំនួន៤នាក់ ត្រូវបានមន្ទីរយុត្តិធម៌នៃ កងរាជអាវុធហត្ថខេត្តកោះកុងបង្ហាញមុខ នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧នេះ ។
ជនសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀនទាំង៤នាក់ ត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថចុះបង្ក្រាបជាបន្តបន្ទាប់កាលពីពេលថ្មីៗនេះ ដោយក្រុមចោរលួចម៉ូតូត្រូវបានបង្ក្រាបនៅកន្លែងលក់សំបុត្ររថយន្តរបស់ក្រុម ហ៊ុន រឹទ្ធិ មុន្នី ដែលមានទីតាំងនៅក្បែររង្វង់មូលយាយរែកផ្លែឈើ ស្ថិតក្នុងភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ទើប ឈានទៅឆែកឆេរលំនៅឋានដកហូតបាន វត្ថុតាងមួយចំនួន ។
លោក នួន វុត្ថា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកោះកុង បានឲ្យដឹងថា ជនសង្ស័យជាចោរលួចម៉ូតូដែលសមត្ថកិច្ច កងរាជអាវុធហត្ថឃាត់ខ្លួន ទី១ឈ្មោះ ទ្រី កៅ ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរមិន ពិតប្រាកដ ទី២-ឈ្មោះ ទ្រី សុផានណា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិត ប្រាកដ អ្នកទាំង២មានទីលំនៅផ្ទះជួលក្នុងភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ។
លោកមេបញ្ជាការរងបានបន្តថា ក្រោយការឃាត់ខ្លួននិងឆែកឆេរលំនៅឋានកម្លាំងអាវុធហត្ថក្រុងបានដកហូតវត្ថុតាង ម៉ូតូ ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេ៊រី ឆ្នាំ២០១៦ និង១គ្រឿងទៀតម៉ាកដូចគ្នាសេ៊រីឆ្នាំ២០១៥ ដែលបានដោះបំបែកដាក់កេសផ្ញើតាមរថយន្យក្រុងយកទៅភ្នំពេញ និង ប្រដាប់ដោះម៉ូតូ១ប្រអប់ដែលក្រុម ចោរបានយកទៅធ្វើសកម្មភាពលួចម៉ូតូ នៅកន្លែងតាំងពិព័រណ៌កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០១៧ កន្លងទៅថ្មីៗនេះ។
ចំណែក១ករណីទៀត គឺកម្លាំងកងរាជអាវុធហត្ថស្រុកថ្មបាំង សហការជាមួយ កម្លាំងសមត្ថកិច្ចនគរបាលស្រុកថ្មបាំង ដោយបានបង្ក្រាបករណីជួញដូរ និងប្រើ ប្រាស់ គ្រឿងញៀននៅចំណុចភូមិគគីរ ឃុំឫស្សីជ្រំ ស្រុកថ្មបាំង ខេត្តកោះកុង (ម្តុំចំណោត លោកយាយម៉ៅ) និងបាន ឃាត់ខ្លួនជន សង្ស័យចំនួន២នាក់ ទី១-មាន ឈ្មោះ ស្រី ហួត ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកសិករមានទីលំនៅភូមិឃុំខាងលើ និងជនសង្ស័យទី២ ឈ្មោះ គុង ភ័ក្ត្រ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកសិករ មានទីលំនៅ ភូមិព្រៃកឹក ឃុំប្រាសាទភ្នំខ្យង ស្រុកកំពង់ ត្រាច ខេត្តកំពត ។
លោក នួន វុត្ថា បានឲ្យដឹងថា ជនសង្ស័យ ដែលកម្លាំងកងរាជអាវុធហត្ថស្រុកថ្មបាំងឃាត់ខ្លួននេះបានធ្វើសកម្មភាពជួញដូរនេះ អស់រយះពេល៣ខែកន្លងមកហើយ ដោយ ពួកគេបានទាក់ទងគ្នាតាមរយះទូរស័ព្ទហើយទិញដូរគ្រឿងញៀននៅក្នុងផ្ទះសំណាក់ក្នុងក្រុងខេមរភូមិន្ទដើម្បីយកទៅចែកចាយ បន្តនៅស្រុកថ្មបាំង ។
វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមានម៉ូតូចំនួន១គ្រឿង អត្តសញ្ញាណបណ្ណ ចំនួន១សន្លឹក ប្រាក់ចំនួន១០៦,០០០រៀល ថ្នាំញៀនមេតំហ្វេមីន(ម៉ាទឹកកក)ចំនួន ១៥កញ្ចប់=៧,៨៣ក្រាម ទូរស័ព្ទដៃចំនួន ៣គ្រឿង ថង់តូចសម្រាប់ច្រក១ដុំ គ្រាប់ កង់២ប្រអប់ ថ្នាំពេទ្យចំនួន៣កញ្ចប់ កាបូប ដាក់សម្ភារ២ទៀត ។
បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ខាងលើកម្លាំងមន្ទីរយុត្តិធម៌នៃកងរាជអាវុធ ហត្ថខេត្តកោះកុង កំពុងបញ្ជូនខ្លួនទៅកាន់ តុលាការខេត្តកោះកុងដើម្បីចាត់ការទៅតាមនីតិវិធី ។ ចំណែកម៉ូតូចំនួន២គ្រឿងកម្លាំង កងរាជអាវុធហត្ថប្រគល់ជូនទៅម្ចាស់វិញហើយ ចំណែក១គ្រឿងទៀតកម្លាំងកំពុងស្រាវជ្រាវរកឲ្យឃើញដើម្បីប្រគល់ជូន ម្ចាស់វិញផងដែរ ៕ ហេង នរិន្ទ្រ