ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសធ្ងន់ ត្រូវគេជួយដឹកយកទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្គ្រោះ ខណៈមានរថយន្ត១គ្រឿង បានបើកក្នុងល្បឿនលឿនហើយក៏ជ្រុលមកបុកពេញទំហឹងសង្ស័យម្ចាស់ស្រវឹងស្រា ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២០ថ្ងៃទី ១៥ខែ មករា ឆ្នាំ ២០១៧ ត្រង់ចំណុចផ្លូវ ១៩៨៦ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
តាមប្រភព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេឃើញ រថយន្តមួយគ្រឿងម៉ាកហុីយ៉ាន់ដាយ ពណ៌ខៀវពាក់ស្លាកលេខ ភ្នំពេញ 2X 3049 បើកបរដោយបុរសម្នាក់ ឈ្មោះ គីង តុលា ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅផ្ទះលេខ៤១៣ ផ្លូវ២៧១ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ក្នុងទិដៅពីលិចមកកើតក្នុងល្បឿនលឿនដូចហោះ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តខាងលើនោះបានរេចង្កូតទៅបុកម៉ូតូមួយគ្រឿងម៉ាកវ៉េវ ពណ៌ខ្មៅ គ្មានស្លាកលេខកំពុងបើកឆ្លងផ្លូវតិចៗ បណ្ដាលឲ្យម្ចាស់រងគ្រោះធ្ងន់ រីឯម៉ូតូវិញខូចខាតធ្ងន់ ហើយភ្លាមៗនោះរថយន្តខាងលើបានព្យាយាមបើករត់គេចខ្លួន តែត្រូវប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានជិះម៉ូតូដេញតាមរហូតដល់ចំណុចសាលាអន្តរជាតិមេតូឌីស្ទស្ថិតតាមបណ្ដោយផ្លូវ៣១៧ ស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោកទើបអាចឃាត់រថយន្តបង្កបាន។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានអ្នកស្គាល់បានដឹកតាមរ៉ឺមកកង់បី ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ដោយឡែករថយន្ត និងម៉ូតូត្រូវបានសមត្ថកិច្ចចរាចរណ៍ វាស់វែង និងបញ្ជូនទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ រង់ចាំការដោះស្រាយនៅពេលក្រោយ ៕ តុង សីហា