ភ្នំពេញ៖ លោកDayanand ប្រធានក្រុមហ៊ុនផលិតកម្មភាពយន្តកីឡារបស់ប្រទេសឥណ្ឌា បានអះអាងថា ខ្សែភាពយន្ត ដែលខ្លួនកំពុងត្រៀមថតជាផ្លូវការនៅពាក់កណ្តាលគុម្ភៈ ខាងមុខនេះ គ្រោងចាយលុយចន្លោះ ១០ទៅ១៥ម៉ឺនដុល្លារក្នុងរឿងនីមួយៗ។ ការអះអាងបែបនេះធ្វើឡើងក្នុងពិធីចុះនុស្សារណៈយោគយល់គ្នា រវាង គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ផលិតករភាពយឥណ្ឌា កាលពីរសៀលថ្ងៃទី១៥ខែមករាឆ្នាំ២០១៧នៅអគារស្នាក់ការNOCC។
លោកDayanand បានប្រាប់ឲ្យដឹងថា ចំពោះការផលិតរឿងដំបូង នឹងចាបផ្តើមរៀបចំនូវសេនារីយូពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០១៧ គឺខ្សែភាពយន្តដែលមានកម្រិតខ្ពស់ (Super Movies)ក្នុងខ្សែភាពយន្តនេះដែរ នឹងបានបង្ហាញពីសកម្មភាពជាក់ស្តែង នៅក្នុងប្រទេសកម្ពុជាយើង ដោយរឿងនីមួយៗក្រុមហ៊ុនគ្រោងចាយលុយក្នុងរង្វង់ ១០ម៉ឺនទៅ១៥ម៉ឺនដុល្លារ។
លោកបន្តថា ការផលិតខ្សែភាពយន្តកីឡាលើកដំបូងក្នុងព្រះរាជណាចក្រកម្ពុជា សម្រាប់ផ្សារចាក់បញ្ចាំងគឺធ្វើឡើងនៅកម្ពុជា បន្ទាប់មកក្រុមហ៊ុន និងរៀបចំបកប្រែជាភាសារអង់គ្លេស សម្រាប់ចាក់នូវតាមបណ្តាប្រទេសក្នុងតំបន់អាស៊ាន។ លោកDayanand បានបញ្ជាក់ថា មូលហេតុដែលក្រុមហ៊ុនរបស់មានចំណាប់អារម្មណ៍លើវិស័យកីឡានូវប្រទេសកម្ពុជា ដោយសាររូបលោកធ្លាប់ស្គាល់ ពីកម្ពុជារយៈពេល៥ឆ្នាំកន្លងមកហើយ ។
ក្នុងឱកាសនោះដែរ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មានប្រសាន៍ថា ការផលិតខ្សែភាពយន្តកីឡានេះ គឺកម្ពុជាមានផលចំណេញច្រើន ជាពិសេសកីឡាករ កីឡាការិនី ដែលត្រូវបានក្រុមហ៊ុនជ្រើសរើសយកមកធ្វើជាតួសម្តែងតែម្តង។
លោកបានបន្តទៀតថា ប្រសិនបើយើងមានឈ្មោះល្បីហើយ ប៉ុន្តែ យើងមិនបានចូលរួមថតកុន វាមិនអាចបន្តភាពល្បីល្បាញរបស់យើងឲ្យបានយូរអង្វែងនោះទេ តែបើយើងល្បីក្នុងវិស័យកីឡាហើយ យើងបន្តលេងកុនក្នុងវិស័យខ្សែភាព ធ្វើឲ្យកីឡាករកីឡាការិនីទទួលបានផលកម្រៃបន្ថែមទៀត ពីការដើរតួសម្តែង ម្យ៉ាងក៏មានឱកាសបានផ្សព្វផ្សាយវិស័យកីឡា របស់យើងទៅកាន់ពិភពលោក ឲ្យគេស្គាល់ពីកីឡារបស់កម្ពុជាផងដែរ ។
គួររំលឹកថា ក្រុមហ៊ុនផលិតខ្សែភាពយន្តកីឡា របស់ ធ្លាប់មានបទពិសោធន៍ផលិតភាពយន្ត ប្រភេទនេះ ទទួលបានជោគជ័យ នៅប្រទេសឥណ្ឌាជាច្រើនរឿងមកហើយ ម្យ៉ាងវិញទៀត ក្រុមហ៊ុននេះក៏មានស្នាដៃផលិតរឿងសំខាន់ៗសម្រាប់ចាក់បញ្ចាំងតាមទូរទស្សន៍ ដែលនិយាយពីសង្គម ក្នុងនោះដែរ ក្រុមហ៊ុនក៏មានបំណងផលិតភាពយន្តបែបកម្លែង ក្នុងប្រទេសកម្ពុជា ឲ្យទៅជាស្តង់ដាពិភពលោក ដែលអាចចាក់បញ្ចាំងក្រៅប្រទេសបាន ព្រោះកម្ពុជាក៏មានប្រជាជនរស់នៅក្រៅប្រទេសច្រើនណាស់ដែរ៕ សារីម