ព័ត៌មានទាន់ហេតុការណ៍៖

សាលាឧទ្ធរណ៍​កាត់​ទោស​លោក​សម​ រង្ស៊ី​ ​ រឿង​ចោទ​ថា​ Facebook likes សម្តេច​តេជោ​ បាន​មក​ពី​ការ​ទិញ​ នៅ​រសៀល​នេះ​

ចែករំលែក៖

ភ្នំពេញ៖ សំណុំរឿងលោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ នឹងត្រូវសាលាឧទ្ធរណ៍ នៅរសៀលថ្ងៃទី១៧ ខែមករា នេះ បើកសវនាការ ពាក់ព័ន្ធករណីចោទថា Facebook likes សម្តេចតេជោ ដែលកើនយ៉ាងសន្ធឹកសន្ធាប់ បានមកពីការទិញ ឬ ក្លែងបន្លំ ។

លោកសំ សុគង់ ជាមេធាវីការពារក្ដីលោកសម រង្ស៊ី បញ្ជាក់ប្រាប់ ថា សវនាការនេះធ្វើឡើងនាសាលសវនាការទី១ ដោយមានលោក សំរិទ្ធ សុផល ជាប្រធានក្រុមជំនុំជម្រះ លោក ប៉ុល សំអឿន លោកស្រី ចាន់ ម៉ាឌីណា ជាសមាជិក និង លោក ង៉ែត សារ៉ាត ជាតំណាងមហាអយ្យការ ។

គួររំលឹកថា សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦ បានប្រកាសសាលក្រមផ្តន្ទាទោសពិន័យជាប្រាក់ចំពោះលោកសម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស ចំនួន១០លានរៀលនិងសងសំណងជំងឺចិត្តដល់ដើមបណ្ដឹងចំនួន១៥លានរៀល រឿងចោទថា Facebook likes សម្តេចតេជោ ដែលកើនយ៉ាងសន្ធឹកសន្ធាប់ បានមកពីការទិញ ឬ ក្លែងបន្លំ ។ តុលាការក៏បានបង្គាប់ឲ្យផ្សព្វផ្សាយសេចក្ដីសម្រេចនេះជាសាធារណៈតាមប្រព័ន្ធទូរគមនាគមន៍ចំនួន៣ថ្ងៃផងដែរ ។

លោក សម រង្ស៊ី ត្រូវបានចោទប្រកាន់ពីបទ”បរិហារកេរ្តិ៍ជាសាធារណៈ”តាមមាត្រា៣០៥នៃក្រមព្រហ្មទណ្ឌ ។ លោក សម រង្ស៊ី មិនមែនមានតែសំណុំរឿងនេះមួយទេ ពោលគឺ តុលាការកំពុងដំណើរការក្តីជាច្រើនទៀត ដែលបានចោទប្រកាន់លោកសម រង្ស៊ី ពីបទល្មើសព្រហ្មទណ្ឌ ហើយសុទ្ធសឹងជាបទល្មើសឧក្រិដ្ឋ ៕ ចេស្តា

images


ចែករំលែក៖