ព័ត៌មានទាន់ហេតុការណ៍៖

បាត់ខ្លួនអ្នកនេសាទម្នាក់ រួមទាំងកាណូត១គ្រឿងបន្ទាប់ពីឮសម្លេងផ្ទុះអាវុធច្រើនគ្រាប់នៅបឹងទន្លេសាប

ចែករំលែក៖

 

ខេត្តពោធិ៍សាត់៖ តាមសេចក្តីរាយការណ៍បានឲ្យថា កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តសៀមរាប និងកំលាំងនគរបាលអគ្គស្នងការនគរបាលជាតិ កំពុងមមាញឹកចុះស្រាវជ្រាវករណីផ្ទុះអាវុធច្រើនគ្រាប់នៅបឹងទន្លេសាប ខណៈមានមនុស្សរងរបួស និងបាត់ខ្លួនម្នាក់ រួមទាំងមធ្យោបាយកាណូត១គ្រឿងផងនោះ ដែលគេសង្ស័យក្នុងករណីបង្រ្កាបបទល្មើសនេសាទ ។

បើតាមការបញ្ជាក់ពីលោក ជិន ចាន់ ថន នាយផ្នែករដ្ឋបាលជលផលរាំងទិល បានឲ្យដឹងតាមទូរស័ព្ទនៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ ថា មានលឺសម្លេងផ្ទុះអាវុធពិតមែន កាលពីវេលាម៉ោងប្រមាណជាង០៩យប់ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ នៅបឹងទន្លេសាប ម្ដុំកន្លែងអភិរក្សជលផលដីរនាត ស្ថិតក្នុងភូមិដីរនាត ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់។

លោក បញ្ជាក់ទៀតថា ការផ្ទុះអាវុធនេះ ពិតជាបានឮសម្លេងមែន ប៉ុន្តែមិនដឹងថា កម្លាំងខាងណា ហើយមានបញ្ហាអ្វីនោះទេ លុះនៅព្រឹកថ្ងៃទី១៨ ខែឆ្នាំដដែលនេះ មានប្រជានេសាទមកពី ភូមិ-ឃុំចុងឃ្នាស ក្រុង-ខេត្តសៀមរាប បានមកសួររកសមាជិករបស់ខ្លួនថា បានបាត់ខ្លួនម្នាក់រួមទាំងកាណូត១គ្រឿងផងដែរ ហើយកំលាំងនគរបាលអគ្គស្នងការដ្ឋាននគរជាតិ បានចូលមកស្នាកការរបស់លោក ហូបបាយជុំគ្នា ក៏បានសួរនាំក្នុងករណីខាងលើនេះដែរ ។

ប្រភពព័ត៌មានផ្សេងៗលើកឡើងថា ករណីខាងលើពិតជាមានការបង្រ្កាបការនេសាទក្នុងកន្លែងអភិរក្សជលផល ទើបឈានដល់ការផ្ទុះអាវុធបែបនេះនោះ ហើយកន្លងមក ក៏ធ្លាប់កើតមានរហូតដល់របួស និងស្លាប់ជាញឹកញាប់ផងដែរ ប៉ុន្តែត្រូវបានគេបិទបាំងមិនឲ្យចេញធ្លាយមកក្រៅនោះទេ ហើយហេតុការណ៍នេះ ត្រូវបានគេលើកឡើងដូចគ្នាដែរ ដោយប្រជានេសាទជនជាតិវៀតណាមមកពីខេត្តខាងលើមកធ្វើសកម្មភាព ក៏ជួបការបង្រ្កាប ព្រោះលឺថា នៅមានសាក្សីរស់ហើយរងរបួសនៅក្នុងហេតុការណ៍នេះតែម្តង ប្រភពអះអាងថាកំពុងកើតហេតុជនបាត់ខ្លួនបានទូរស័ព្ទប្រាប់បងប្អូនថា ខ្លួនត្រូវគ្រាប់ហើយ រួចបាត់ខ្លួនរួមទាំងកាណូតផងដែរ ដែលត្រូវបានគេសង្ស័យលេចទឹកទាំងមនុស្ស ទាំងកាណូត ចំណែកកាណូតបក្ខពួករបស់ពួកគេ បើកឆាបមកយកបានតែអ្នកលោតចូលទឹកដែលរងរបួសនោះទេ រួចបើកចេញទៅបាត់តែម្តង ទោះជាយ៉ាងណា រង់ចាំសមត្ថកិច្ចស្រាវជ្រាវ ឬសាកសពអណ្ដែតឡើងទើបដឹងការពិត។

ទោះជាយ៉ាងណាក្តី ប្រភពព័ត៌មាននានានិយាយថា នៅតំបន់នោះ មានកន្លែងអភិរក្សជលផលអតីតឡូត៍នេសាទលេខ២ គ្រប់គ្រងការពារដោយសង្កាត់រដ្ឋបាលជលផលបាកាន ផ្នែករដ្ឋបាលជលផលរាំងទិល និងបរិស្ថាន ដូច្នេះករណីនេះ ពិតជាអាចកើតមានក្នុងការបង្រ្កាបការធ្វើនេសាទខុសច្បាប់ស្ដីពីជលផលជាក់ស្ដែង៕ ប៉ឹម ពិន


ចែករំលែក៖