ព័ត៌មានទាន់ហេតុការណ៍៖

អគ្គីភ័យបានឆាបឆេះអគាររោងចក្រក្នុងសួនការណាឌីយ៉ាបង្កការភ្ញាល់ផ្អើលកម្មកររត់ជាន់ជើងគ្នា

ចែករំលែក៖

ភ្នំពេញ៖ អគ្គីភ័យមួយបានឆេះអគាររោងចក្រមួយកន្លែងដែលមានទីតាំងនៅក្នុងសួនការណាឌីយ៉ា អាគារេខ៥ ភូមិត្រពាំងថ្លឹងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ បង្កជាផ្សែងចេញមកក្រៅយ៉ាងខ្មួលខ្មាញ់ កម្មកររត់ជាន់ជើងគ្នា និងនាំគ្នាយកបំពង់ពន្លត់អគ្គីភ័យមកបាញ់ពន្លត់។

តាមសាក្សីជាកម្មករបានឲ្យដឹងថា រោងចក្រខាងលើនេះ ថៅកែជនជាតិចិន ។ នៅមុនពេលកើតហេតុ ខណៈកម្មករខ្លះបានដល់ម៉ោងសម្រាកហូបបាយ ហើយក៏មានផ្សែង ចេញពីផ្នែកខាងក្រោយយ៉ាងខ្មួលខ្មាញ់ ធ្វើអោយកម្មករខ្លះភ័យរត់ជាន់ជើងគ្នា និងខ្លះទៀតរត់ទៅយកបំពង់ពន្លត់អគ្គីភ័យមកបាញ់ពន្លត់។

សាក្សីដដែលបានបន្តថា ខណៈដែលកំពុងឆេះថៅកែរោងចក្រនោះ មិនព្រមអោយអ្នកដែលនៅខាងក្រៅចូលទៅជួយអន្តរាគមន៍នោះទេ ទាំងរថយន្តពន្លត់អគ្គីភ័យរបស់សួនការណាឌីយ៉ាបានត្រឹមតែឈរមើលខាងក្រៅតែប៉ុណ្ណោះ។

ក្រោយកើតហេតុប្រហែល១០នាទី ទើបអាចគ្រប់គ្រងបានដោយប្រើប្រាស់បំពង់ពន្លត់អគ្គីភ័យជាច្រើនបំពង់។ ចំណែកការខូចខាតនោះ មិនអាចសន្មត់ថា ខូចខាតអស់ប៉ុន្មាននោះទេ ព្រោះតែថៅកែមិនអោយចូលទៅខាងក្នុង៕ សុខាសែនជ័យ

image4 image1 image2 image3


ចែករំលែក៖