ខេត្តកណ្ដាលៈ ក្នុងរយៈពេលមួយថ្ងៃប៉ុណ្នោះសមត្ថកិច្ចនគរបាលខេត្ដកណ្ដាលបង្រ្កាបបទល្មើសជួញដូរគ្រឿងញៀនខុសច្បាប់បាន៤ករណី ចាប់ខ្លួនជនសង្ស័យ៦នាក់ដកហូតថ្នាំញៀនប្រភេទមេតំហ្វេតាមីនហៅម៉ាទឹកកកចំនួន២៦កញ្ចប់និងវត្ថុតាពាក់ព័ន្ធមួយចំនួនទៀតដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។
ប្រតិបត្ដិការបង្រ្កាបបទល្មើសជួញដូរគ្រឿងញៀននេះ ធ្វើឡើងកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ ដោយសមត្ថកិច្ចនគរបាលស្រុកកណ្ដាលស្ទឹង ,ស្រុកអង្គស្នួល និងស្រុកកៀនស្វាយ ខេត្ដកណ្ដាល ។
មន្រ្ដីនគរបាលការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្ដកណ្ដាលបានឲ្យដឹងថា នៅថ្ងៃទី១៧ នគរបាលស្រុកកណ្ដាលស្ទឹងបង្រ្កាបបទល្មើសជួញដូរគ្រឿងញៀនមួយករណី ចាប់ខ្លួនជនសង្ស័យ២នាក់ ដកហូតថ្នាំញៀនប្រភេទមេតំហ្វេតាមីនហៅម៉ាទឹកកកចំនួន៦កញ្ចប់ ។ ថ្ងៃដដែលនេះសមត្ថកិច្ចនគរបាលស្រុកអង្គស្នួលបង្រ្កាបបទល្មើសជួញដូរគ្រឿងញៀនបានមួយករណី ចាប់ខ្លួនជនសង្ស័យ១នាក់ ដកហូតថ្នាំញៀនប្រភេទមេតំហ្វេតាមីនហៅម៉ាទឹកកកចំនួន៥កញ្ចប់ ។
ប្រភពដដែលបន្ដថា នៅថ្ងៃទី១៧ ខែមករាដែរ នគរបាលស្រុកកៀនស្វាយបង្រ្កាបបទល្មើសជួញដូរគ្រៀងញៀនចំនួនពីរកណី ។ ករណីទី១ ចាប់ខ្លួនជនសង្ស័យ២នាក់ដកហូតថ្នាំញៀនប្រភេទមេតំហ្វេតាមីនហៅម៉ាទឹកកកចំនួន២កញ្ចប់ ,ករណីទី២ចាប់ខ្លួនជនសង្ស័យចំនួន១នាក់ដកហូតថ្នាំញៀនមេតំហ្វេតាមីនហៅម៉ាទឹកកកចំនួន១៣កញ្ចប់ផងដែរ ។
មន្រ្ដីនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនខេត្ដកណ្ដាលបានបញ្ជាក់ថា ជនសង្ស័យនិងវត្ថុតាងពាក់ព័ន្ធត្រូវបានបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ដកណ្ដាលនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧នេះដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ ស្អាងជ័យ