ភ្នំពេញ៖ តារាចម្រៀងជាប់ រហស្សនាមតារាចិត្តធម៌ លោក សន វិជ្ជបុត្រ នឹងអញ្ជើញអ្នក ចម្រៀងចាប៉ីដងវែងល្បីឈ្មោះ៥រូបឲ្យជួបជុំគ្នាជាលើកដំបូង នៅផ្ទះលោកប្រាជ្ញ ឈួន នាខេត្តតាកែវ ដើម្បីជួបជុំទទួល ទានអាហារសាមគ្គី និងទទួលយក អំណោយពីលោក រួមនិងសិល្បករមួយចំនួនទៀត។
អ្នកចម្រៀងចាប៉ីដងវែង ដែលនឹងជួបជុំគ្នាលើកដំបូង នៅថ្ងៃទី២១ ខែមករានេះ មានដូចជាលោកតា គង់ ណៃ, លោកតាប្រាជ្ញ ឈួន, លោកតាស្មៀន ប៉េ ឬតាពូថៅដៃ, លោកតាសួន សាន និងអ្នកចម្រៀងចាប៉ីដងវែងមកពីខេត្តស្វាយរៀងម្នាក់ទៀត។ ពួកគាត់នឹងមានឱកាសជួបជុំសំណះសំណាល និងទទួលទានអាហារ រួមគ្នានៅក្នុងឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ ដែលជាទឹកដីកំណើត និងទីកន្លែងស្នាក់នៅបច្ចុប្បន្នរបស់លោកតា ប្រាជ្ញ ឈួន។
ការប្រកាសជួយដល់អ្នកចម្រៀង ចាប៉ីដងវែងនេះ ត្រូវបានធ្វើឡើង ក្រោយ ពីតារាចម្រៀង សន វិជ្ជបុត្រ បានមើលឃើញពីទុក្ខលំបាករបស់អ្នកចាប៉ីដងវែងដែលមានវ័យកាន់តែជរា និងជីវភាពខ្វះមុខខ្វះក្រោយ។
លោកបញ្ជាក់ថា លោកបានទំនាក់ ទំនងទៅកាន់អ្នកចម្រៀងចាប៉ឺដង វែងទាំង៥រូប នឹងបានប្រមូលពួកគាត់ឲ្យជួបជុំគ្នានៅភ្នំពេញ និងចេញដំណើរទៅកាន់ លំនៅដ្ឋានរបស់លោកតាប្រាជ្ញ ឈួន នៅព្រឹកថ្ងៃទី២១ ខែមករា តាមរថយន្តមួយគ្រឿងរួមគ្នាជាមួយសិល្បករមួយចំនួនផងដែរ។
លោកបញ្ជាក់ដែរថា កម្មវីធនេះ ក៏ជាការលើកទឹកចិត្តជំរុញឲ្យមានការលើកស្ទួយ និងគាំទ្របន្ថែមពីសំណាក់មហាជនចំពោះសិល្បៈចាប៉ីដងវែង ដែលទើបនឹងដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌអរូបិយកាលពីពេលថ្មីៗនេះ។
លោកបន្តថា អំណោយដែលលោក ប្រគល់ជូននៅពេលនេះគឺជាថវិកា របស់លោកផ្ទាល់ ដែលសប្បុរសជនមួយចំនួនជួយ ដល់រូបលោកហើយលោកចង់ធ្វើបុណ្យបន្តទៀត ក្រៅពីនេះ ក៏មានការរួមគ្នាជាមួយសិល្បករ និងសប្បុរសជនមួយចំនួនទៀតដូចជាកញ្ញា វី រីយ៉ា តារាសម្តែង ថៅកែហាង វីយ៉ា សាឡន, តារាសម្តែងកញ្ញា សួង សុខសារ៉ានីត, តារាចម្រៀង អេនណា និងអេមី, អ្នកស្រី ជេនី រ័ត្ន ប្រធានផ្នែកទីផ្សារ ក្រុមហ៊ុនសុគន្ធវឌ្ឍនៈត្រេឌីង, អតីតារាសម្តែងកញ្ញា ថាច់ ផល្លា, លោក ស្រី Linny Jay Jay CH រស់នៅប្រទេសអូស្រ្តាលី និងសប្បុរសជនមួយចំនួនទៀត។
លោកថា ព្រឹទ្ធាចារ្យ និងសិល្បករចាប៉ឺដងវែងនឹងទទួលបានថវិកាសរុបម្នាក់ៗយ៉ាងតិច១០០ដុល្លារអាមេរិក រួមជាមួយនឹងគ្រឿងឧបភោគ បរិភោគមួយចំនួនទៀត។
លោកថា ទោះជាអ្វីដែល លោកនិងសប្បុរសជនរួមគ្នាជួយនៅពេលនេះ មិនទាន់គ្រប់គ្រាន់នឹង តម្រូវការរបស់សិល្បករទាំងអស់ក្តី ប៉ុន្តែនេះគឺជាទឹកចិត្តដែលលោកនិងសប្បុរសជនមាន។
លោកក៏រំពឹងដែរថា ប្រជាពលរដ្ឋខ្មែរនិងជួយគាំទ្រលើកទឹកចិត្តបន្តដល់សិល្បៈ ក៏ដូចជាសិល្បករ ផ្នែកចាប៉ឺដងវែង៕ វឌ្ឍនា