ខេត្តតាកែវ៖ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ លោក ងី ច័ន្ទផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានអះអាងថា ប្រជាពលរដ្ឋជាង១០ម៉ឺនគ្រួសារនៅក្នុងខេត្តតាកែវ បច្ចុប្បន្នកំពុងមានបញ្ហាប្រឈមខ្លាំងដោយសារតែការជំពាក់បំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឬធនាគារ ដែលបណ្តាលឲ្យគ្រួសារខ្លះត្រូវបង្ខំចិត្តចាកចេញពីស្រុកកំណើតទៅរកការងារធ្វើនៅក្រៅប្រទេស ។
ថ្លែងនៅក្នុងពិធីបិទសន្និបាតសាលាខេត្តតាកែវ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ លោក ងី ច័ន្ទផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានឲ្យដឹងថា មានប្រជាពលរដ្ឋជាង១០ម៉ឺនគ្រួសារ នៅក្នុងខេត្តតាកែវ បានជំពាក់ប្រាក់បំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារនានា ហើយភាគច្រើនគឺពួកគេតែងខ្ចីលុយពីធនាគារមួយទៅសងធនាគារមួយទៀត ដោយលក្ខខណ្ឌគ្រាន់តែមានអត្តសញ្ញាណប័ណ្ណជាការគ្រប់គ្រាន់។
លោក បានថ្លែងថា បញ្ហានេះ វាបានធ្វើឲ្យប្រជាពលរដ្ឋកាន់តែជំពាក់លុយធនាគារវ័ណ្ដ-ក និងមានប្រជាពលរដ្ឋខ្លះទៀតបានរត់ចោលស្រុកថែមទៀតផង ព្រោះតែពុំមានលទ្ធភាពសងបំណុលឲ្យធនាគារមកវិញ។ បញ្ហានេះ ក៏បានធ្វើឲ្យជនឱកាសនិយម ឫ ជនខិលខូចអាចកេងចំណេញចំពោះបញ្ហានេះ ដូច្នោះអាជ្ញាធរខេត្តតាកែវ ត្រូវតែមានវិធានការទប់ស្កាត់ បង្ការ និងបង្ក្រាបឲ្យបានទាន់ពេលវេលា ចៀសវាងនាំឲ្យកើតមានបញ្ហាកាន់តែធំទៅៗ។
លោក រដ្ឋលេខាធិការ បានបញ្ជាក់ បន្ថែមទៀតថា កន្លងមក ប្រជាពលរដ្ឋនៅតែយល់ ច្រឡំ ចំពោះ ស្ថាប័នមីក្រូហិរញ្ញវត្ថុ ថា ជារបស់រដ្ឋ ដោយបុគ្គលិកមីក្រូហិរញ្ញវត្ថុទាំងនោះ តែងតែហៅលោកមេភូមិទៅជាមួយនៅពេលដែលខ្លួនទៅទារបំណុលពីប្រជាពលរដ្ឋ ដូច្នោះ កម្លាំងសមត្ថកិច្ចមូលដ្ឋានត្រូវផ្សព្វផ្សាយ និងអប់រំណែនាំដល់ប្រជាពលរដ្ឋ កុំឲ្យមានការភ័ន្តច្រឡំតទៅទៀត ហើយក៏អប់រំដល់មន្ត្រីមីក្រូហិរញ្ញវត្ថុទាំងនោះឲ្យយល់ពីតួនាទីរបស់ខ្លួនផងដែរ។
លោកក៏បានស្នើឲ្យមន្ត្រីមូលដ្ឋាន ត្រូវបង្កើនការប្រុងប្រយ័ត្ន និងចាត់វិធានការណ៍បន្ទាន់ផងដែរចំពោះជនដែលដើរឃោសនា បោកប្រាស់ប្រជាពលរដ្ឋ ដែលជំពាក់បំណុលធនាគារ ហើយពុំមានលទ្ធភាពសង ថានៅពេលបោះឆ្នោតឲ្យបក្សខ្លួន បំណុលដែលជំពាក់ធនាគារ នឹងត្រូវលុបចោលដោយពុំចាំបាច់សងធនាគារតទៅទៀតឡើយ ។
មិនមែនសម្រាប់តែខេត្តតាកែវនោះទេ ដែលមានប្រជាពលរដ្ឋធ្វើចំណាកស្រុកច្រើន ប៉ុន្តែខេត្តផ្សេងទៀតនៅតំបន់ទំនាបកណ្តាលដូចជាកំពង់ចាម ព្រៃវែងជាដើម ក៏បានចាកចេញពីស្រុកកំណើតទៅរកការងារនៅប្រទេសថៃ ឬប្រទេសផ្សេងទៀត ដោយផ្សងគ្រោះថ្នាក់ ព្រោះតែនៅក្នុងគ្រួសារជំពាក់បំណុលធនាគារច្រើនពេក ។ គ្រួសារខ្លះ បាត់បង់ដីធ្លី ផ្ទះសម្បែង ក៏ដូចជាសត្វធាតុ គោក្របី ដោយសារតែគ្មានប្រាក់បង់បំណុល គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឬធនាគារនានា ៕ ហេង សុរិយា