ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្ដិ៍ចោមចៅ បានសម្ដែងនូវការភ្ញាក់ផ្អើល និងហួសចិត្តយ៉ាងខ្លាំង បន្ទាប់ពីបង្ក្រាប់ជនសង្ស័យបានម្នាក់សកម្មខាងលួចហើយបាបបញ្ជូនទៅផ្នែកព្រហ្មទណ្ឌដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ ចំណែកម៉ូតូរបស់គេត្រូវ បានរក្សាទុកនៅប៉ស្ដិ៍ជាបណ្ដោះអាសន្នសិន ប៉ុន្តែគិតរហូតមកទល់នឹងពេល នេះ ទើបតែបានរយៈពេល៤ ថ្ងៃប៉ុណ្ណោះ ស្រាប់តែលេចមុខជននោះ ធ្វើដំណើរទៅកាន់ប៉ុស្ដិ៍ចោមចៅ សុំយកម៉ូតូរបស់ខ្លួនទៅវិញនៅវេលាម៉ោង១១ ព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ ធ្វើអោយនគរបាលប៉ុស្តិ៍ចោមចៅហួសចិត្តយ៉ាងខ្លាំងខណះដែលខំបង្ក្រាប់ហើយបែជាដោះលែងយ៉ាងស្រួលៗបែបនេះ។
អ្វីដែលធ្វើឲ្យនគរបាលភ្ញាក់ផ្អើលនិងហួសចិត្តនោះ គឺព្រោះតែពួកគាត់ខំបង្ក្រាប ហើយបញ្ជូនទៅតាមឋានា នុក្រម បែរជាត្រូវនគរបាលព្រហ្មទណ្ឌខណ្ឌ ដោះលែងងាយៗបែបនេះទៅវិញ។ តើមានកម្លាំងចិត្តឯណា បង្ក្រាបទៀត ជាពិសេសធ្វើម៉េចឲ្យប្រជាពលរដ្ឋមានទំនុកចិត្តទៅកើត ហើយក៏បានសំណូមពរសុំឲ្យ លោកស្នងការនគរបាលរាជធានីភ្នំពេញ ជាពិសេសលោកនាយឧត្តសេនីយ៏អគ្គស្នងការនគរបាលជាតិ ជួយពិនិត្យមើលពីបញ្ហាមួយនេះផងដែរ។ មិនតែប៉ុណ្ណោះនៅពេលនគរបាលសួរនាំថា 《ហេតុអ្វីបានជាឯង ចេញមកវិញស្រួលៗម្ល៉េះ? ជននោះបានឆ្លើយថា ឲ្យតែលុយគេ(ប៉ូលិស)បួន ដប់ម៉ឺនរៀលទៅបានចេញ ហើយ》 ប៉ុន្តែទន្ទឹមនឹងនេះដែរ ក៏មានប្រភពមិនច្បាស់ការមួយនិយាយថា ជននោះបង់លុយឲ្យប៉ូលិស៥រយ ដុល្លារទើបបានរួចខ្លួនយ៉ាងរំភើយបែបនេះ ដូច្នេះសូមអង្គភាពប្រឆាំងអំពើពុករលួយជួយស៊ើបអង្កេតផង។
ប៉ូលិសប៉ុស្ដិ៍បាននិយាយថា ជនដែលជាមុខសញ្ញាត្រូវចាប់ខ្លួនបានហើយដោះលែងវិញនោះ ឈ្មោះ អេង លី អាយុ ២២ឆ្នាំស្នាក់នៅម្តុំខាងក្រោយផ្សារស៊ិនជូរីផ្លាហ្សារ ស្ថិតនៅក្នុងភូមិប៉ប្រ៉កខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។ ចំណែកឯទូរស័ព្ទដែលលួចបានម៉ាក សាមស៊ុង តំលៃ៥០ដុល្លារ ជាកម្មសិទ្ធិរបស់បុរស ម្នាក់ឈ្មោះស៊ែ រិនចាន់ ជាជនជាតិចិន ម្ចាស់ហាងគ្រឿងក្រអូបមួយកន្លែង ស្ថិតនៅក្នុងបុរីញូថោនភូមិព្រៃទា សង្កាត់ចោមចៅ ។
ប្រភពដដែលបានបន្តទៀតថា កាលពីថ្ងៃទី ៩ មករា ជនសង្ស័យខាងលើនោះ បានចូលទៅទិញគ្រឿងក្រអូបនៅក្នុងហាងខាងលើ បន្ទាប់មកបានបន្លំលួចយកទូរស័ព្ទដៃ របស់ម្ចាស់ហាងរួចក៏បានជិះម៉ូតូ១គ្រឿង ម៉ាកGiono មិនមានស្លាក លេខគេចខ្លួនបាន ចំណែកម្ចាស់ហាង បន្ទាប់ពីបាត់ទូរស័ព្ទ ក៏បានឆែកមើលតាមកាមេរ៉ាសុវត្ថិភាពហើយ បានឃើញពីភិនភាគជនសង្ស័យ ក៏បានប្ដឹងឲ្យនគរបាលជួយអន្តរាគមន៏។រហូតដល់វេលាម៉ោង ៤និង៣០នាទីរសៀលថ្ងៃទី១៦ ខែមករា ២០១៧ ទើបកម្លាំងប៉ូលិសប៉ុស្ដិ៍ចោមចៅ តាមចាប់ខ្លួនបាន នៅតាមផ្លូវបេតុងក្នុងបុរីញ៉ូថោន ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រួមជាមួយម៉ូតូម៉ាកGionoដែលជាម៉ូតូជិះទៅធ្វើសកម្មភាពនោះ តែម្តង។
ក្រោយមកប៉ូលិសប៉ុស្ដិ៍ចោមចៅ បានកសាងសំណុំរឿងបញ្ជូនទៅ កាន់ផ្នែកប៉ូលិសណ្រហ្មទណ្ឌ ខណ្ឌ ពោធិ៍សែនជ័យ ដើម្បីចាត់ការបន្តហើយគិតរហូតមកដល់ពេលនេះ មានរយៈពេល៤ថ្ងៃប៉ុណ្ណោះ ជននោះត្រូវបានដោះលែងមកវិញ ពិតជាហួសចិត្តខ្លាំងណាស់ ហើយដោយសារតែបែបនេះហើយ ទើបបទល្មើសលួចឆក់ប្លន់ នោគ្នុងភូមិសាស្រ្ត ខណ្ឌពោធិ៍សែនជ័យសព្វថ្ងៃនេះ កើតឡើងយ៉ាងកក្រើក ជាបន្តបន្ទាប់៕ សុខាសែនជ័យ