ព័ត៌មានទាន់ហេតុការណ៍៖

អួនហ៊ុំ៣វង់ ក្នុងចំណោម ៤វង់ ត្រូវបានប្រគល់ឲ្យម្ចាស់វិញក្រោយពីទទួលពិន័យអន្តរការ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ នាយសង្កាត់រដ្ឋបាល ជលផលកណ្ដៀង លោក ភុន សុវណ្ណា បានបញ្ជាក់តាម ទូរស័ព្ទនៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ថា អួនហ៊ុំចំនួន ០៣វង់ ក្នុងចំណោម ០៤វង់ រួមទាំងកាណូតទូក ឧបករណ៍ផ្សេងៗ ត្រូវបានប្រគល់ឱ្យម្ចាស់វិញហើយ កាលពីរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ បន្ទាប់ពីពិន័យអន្តរការតាមផ្លូវច្បាប់ ស្ដីពីរដ្ឋបាលជលផល ។

លោកនាយសង្កាត់បន្តថា អួនហ៊ុំទាំង ០៣វង់ រួមទាំងសម្ភារផ្សេងៗត្រូវបានម្ចាស់ចូលខ្លួនពិន័យអន្តរការ ហើយបាន ប្រគល់ឱ្យម្ចាស់វិញនោះក្នុង ០១វង់ មានប្រវែង ពី ៣០០ ទៅ ៣៥០ម ក្រឡា ពី២ហ៊ុន ទៅ ៣.៥ហ៊ុន ជំរៅ ៥ម ប៉ុន្ដែសម្ភារផ្សេងៗ ដូចជាកាណូត ទូក ។ល។ លោកពុំបានបញ្ជាក់នោះទេ ហើយការពិន័យអន្តរការអំពីចំនួនទឹកប្រាក់លោកក៏មិនបានបញ្ជាក់នោះដែរ ហើយម្ចាស់ឧបករណ៍ នេសាទអួនហ៊ុំអូសទាញដោយ គ្រឿងម៉ាស៊ីនមិនមែនលក្ខណៈ គ្រួសារខាងលើ ទី១-ឈ្មោះ មុយ ធីដាំ ទី២-ឈ្មោះ ជា ចន្ថា និងទី៣-ឈ្មោះ ង្វៀង យ៉ាំងហាយ អ្នកទាំង ០៣នាក់ ជាជនជាតិវៀតណាម ស្នាក់នៅឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

លោកបន្តទៀតថា ក្រោយពីចូលខ្លួនពិន័យអន្តរការ ចប់សព្វគ្រប់ និងបានប្រគល់វត្ថុតាង អោយម្ចាស់វិញ ហើយនោះ បានធ្វើកិច្ចសន្យាបញ្ឈប់ការធ្វើ សកម្មភាពបន្តទៀត ចំណែក ០១វង់ទៀតរួមទាំងសម្ភារផ្សេងៗ រក្សាទុកនៅសង្កាត់រដ្ឋបាលជលផលកណ្ដៀង ពុំទាន់ឃើញម្ចាស់ចូលខ្លួន មកទទួលការបង់ពិន័យអន្តរការនៅឡើយទេ ។

ករណីមន្រ្តីជំនាញរដ្ឋបាលជលផល ធ្វើការពិន័យអន្តរការ ហើយបានប្រគល់វត្ថុតាង ឱ្យម្ចាស់ខាងលើត្រូវបានប្រភពនានាបង្ហើបឱ្យដឹងថា អួនហ៊ុំទាំង ០៣វង់ មានប្រវែងវែងជាងនេះ រួមទាំងសម្ភារផ្សេងៗ ហើយទទួលការបង់ពិន័យក្នុង ០១វង់ៗ ៤លានរៀល ដូច្នេះការពិន័យអន្តរការខាងលើនេះ ទំនងដូចជាខុសប្រក្រតី ព្រោះគេដឹងថា បើយោងតាម ច្បាប់ស្ដីពីរដ្ឋបាលជលផល ការពិន័យអន្តរការតម្លៃគុណនឹង ពីរដងនៃឧបករណ៍នេសាទ (អួនហ៊ុំ) មានន័យថា ឧទាហរណ៍ៈ តម្លៃឧបករណ៍ ៥ម៉ឺនដុល្លារ គុណនឹងពីរដង ស្មើនឹង ១០ម៉ឺនដុល្លារ ។

គួររំលឹកផងដែរ អួនហ៊ុំទាំងទទួល ការបង់ពិន័យអន្តរការទាំងនៅសល់ចំនួន ០៤វង់ ត្រូវបានមន្រ្តីជំនាញ រដ្ឋបាលជលផលចាប់ កាលពីរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ នៅបឹងទន្លេសាប ត្រង់ចំណុចជ្រោយវែង អតីតឡូត៍នេសាទលេខ៧ ស្ថិតក្នុងភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ហើយបានយកទៅរក្សាទុកនៅស្នាក់ការសង្កាត់រដ្ឋបាលកណ្ដៀង ។
ប្រភពរាយការណ៍ពីប្រជានេសាទនៅបឹងទន្លេសាប បានឱ្យដឹងថា ក្នុងអួន ០១វង់ៗ ត្រូវបានគេរត់ការអស់ប្រមាណ ៤០លានរៀល ទៅឱ្យមន្រ្តីជំនាញ ស្ថាប័នពាក់ព័ន្ធ ក្នុងចំណោមឧបករណ៍អួនហ៊ុំទាំង ០៤វង់ខាងលើ ឈ្មោះ ជា ចន្ថា មានអ្នករត់ការម្នាក់ឈ្មោះ កែវ ហួរ ហើយគាត់បានទទួលលុយពីម្ចាស់អួនហ៊ុំ (ជា ចន្ថា) ប្រហែល ២០%មុនដើម្បីរត់ការ ទៅស្ថាប័នពាក់ព័ន្ធផ្សេងៗ ។

ពាក់ព័ន្ធករណីប្រភពរាយការណ៍លើកឡើងថា មានឈ្មោះ កែវ ហួរ យកលុយរត់ការទៅសមត្ថកិច្ច ស្ថាប័នពាក់ព័ន្ធនានាខាងលើ អ្នកកាសែត ពុំអាចស្វែងរកសុំការពន្យល់ជុំវិញបញ្ហាខាងលើនេះបាននោះទេ ហើយក៏មិនដឹងថា លោក កែវ ហួរ គាត់ជានរណា ហើយធ្វើអ្វីនោះដែរ ៕ ប៉ឹម ពិន

1484913818195 1484913742767 1484913713710

 


ចែករំលែក៖