នៅថ្ងៃទី២១ ខែមករា ក្រោយពេលលោកត្រាំ ចូលកាន់តំណែងប្រធានាធិបតីអាមេរិកជាផ្លូវការមក លោកបានចុះហត្ថលេខា ផ្អាកទាំងស្រុងគោលនយោបាយរបស់អតីតប្រធានាធិបតីអូបាម៉ា ។
ក្នុងនោះលោកត្រាំ បានផ្អាក់ កម្មវិធីសុខាភិបាល ដែលមានឈ្មោះថា Obamacare។ កម្មវិធីសុខាភិបាលអូបាម៉ាឃែរ គឺជាជោគជ័យរបស់លោកអូបាម៉ា នៅពេលកាន់អំណាច តែពេលនេះ ត្រូវបានលោកត្រាំ លុបចោល។ កម្មវិធីអូបាម៉ាឃែរ បានជួយដល់ពលរដ្ឋអាមេរិកជាង ២០លាននាក់ ។ ក្រុមអ្នកឯកទេសបានបញ្ជាក់ថា ការដែលលោកត្រាំ លុបចោលកម្មវិធីខាងលើអាចបង្កឲ្យមានវិវាទនៅក្នុងសង្គម។
ក្រៅពីនេះលោកត្រាំ បានប្រកាសថា នឹងដកអាមេរិកចេញពី កិច្ចព្រមព្រៀងពាណិជ្ជកម្មឆ្លងទ្វីប TPP ដែលលោកអូបាម៉ា ជាអ្នកបង្កើតឡើងផងដែរ។
ជាមួយគ្នានោះ សេតវិមានដែលមានម្ចាសគ្រប់គ្រងថ្មីបានប្រកាសថា អាមេរិកនឹងមានវិធានការចាស់ដៃទៅលើ ប្រទេសណា ដែលបំពាន់កិច្ចព្រមព្រៀងពាណិជ្ជកម្ម ធ្វើឲ្យប៉ះពាល់ដល់ពលករនៅក្នុងទឹកដីអាមេរិក ។ ការប្រកាសទាំងនោះ គឺសម្តៅទៅលើប្រទេសចិន ដែលជាគោលដៅរបស់លោកត្រាំ តាំងពីពេលឃោសនាបោះឆ្នោត ។
នៅពេលនេះដែរ ចិនកំពុងទទួលយកវិធីសាស្ត្រ ផ្សះផ្សា ចំពោះចំណងមិត្តភាព ពាណិជ្ជកម្មរវាងចិន នឹងសហរដ្ឋអាមេរិក។ ត្រឹមតែមួយថ្ងៃ បន្ទាប់ពីប្រធានាធិបតីថ្មីលោកដូណាល់ ត្រាំ បានជ្រើសរើសលេខាធិការពាណិជ្ជកម្មដែលពិព័រណ៍សេដ្ឋកិច្ចដ៏ធំទី២ របស់ពិភពលោកថា ជាការគាំពារចំពោះប្រទេសជាច្រើនផ្សេងទៀត។
មន្ត្រីនាំពាក្យក្រសួងពាណិជ្ជកម្មប៉េកាំង លោក ស៊ុន ជីវិន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាលចិន មានបំណងរួមសហការជាមួយនឹងរដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍចំណងមិត្តភាពពាណិជ្ជកម្មដ៏រឹងមាំ ។ មន្ត្រីនាំពាក្យរូបនោះ តាមសេចក្តីរាយការណ៍ បានបង្ហាញនូវក្តីសង្ឃឹមថា ការចរចារវាងចិន នឹងសហរដ្ឋអាមេរិក អាចធ្វើការដោះស្រាយភាពចម្រូងចម្រាស់នានា យ៉ាងគ្រប់គ្រាន់ ។
ក្រៅពីនេះលោកត្រាំ បានប្រកាសគម្រោងអភិវឌ្ឍប្រព័ន្ធការពារមីស៊ីល ដើម្បីការពារសហរដ្ឋអាមេរិក ទប់ទល់នឹងការវាយប្រហារ ពីកូរ៉េខាងជើង និងអ៊ីរ៉ង់ ។
ក្នុងរយៈពេលប៉ុន្មាននាទី នៃពិធីចូលកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិក រដ្ឋបាលរបស់លោក ត្រាំ បាននិយាយថា ខ្លួននឹងអភិវឌ្ឍ ប្រព័ន្ធការពារមីស៊ីល ដែលនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រក្នុងការកសាងកម្លាំងយោធាឡើងវិញ ។
ប៉ុន្តែទោះជាយ៉ាង តាមការចុះផ្សាយរបស់ Sky News រដ្ឋបាលរបស់លោក ត្រាំ មិនបានផ្តល់នូវសេចក្តីលម្អិត ថា តើវាមានភាព ខុសប្លែកពីអ្វីដែលមានកំពុងស្ថិតនៅក្រោមការ អភិវឌ្ឍស្រាប់ទៅហើយ នឹងត្រូវចំណាយថវិកាប៉ុណ្ណា ឬក៏នឹងត្រូវចំណាយបែបណានោះទេ ។
នៅពេលចូលកាន់តំណែង ក៏មានការតវ៉ាបង្កទៅជាអំពើហិង្សា ផងដែរ។ នៅតាមដងផ្លូវឯទៀត ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ក្រុមអ្នកតវ៉ាជាច្រើន បាននាំគ្នាដើរ និងលើកបដាដែលសរសេរថា “Fake President ប្រធានាធិបតីក្លែងក្លាយ” ។ល។ ព្រមទាំងស្នើឲ្យលោកប្រធានាធិបតី ត្រាំ ចេញពីតំណែង។
នៅបំផុត ក្រុមបាតុករ ដែលមានអ្នកខ្លះបិទមុខ ដូចប៉ូលិសខ្លាហោះផងដែរ បានប្រើអំពើហិង្សាកម្ទេច របស់របរសាធារណៈ ដូចជាវាយកម្ទេច ធុងសំរាម មុនទៅដល់ការប្រើប្រាស់អំពើហិង្សាទ្រង់ទ្រាយ និងឈានទៅដល់ការប៉ះទង្គិចគ្នាជាមួយសមត្ថកិច្ច។
ក្រោយលោកត្រាំ ឡើងកាន់តំណែង ដោយមានការកែប្រែភ្លាមៗនោះ បានធ្វើឲ្យប្រទេសជាច្រើននៅជុំវិញពិភពលោកបង្ហាញក្តីបារម្ភយ៉ាងខ្លាំង ដោយអាចធ្វើឲ្យស្ថានភាពពិភពលោកប្រែប្រួលគ្រប់ពេល ៕ ម៉ែវ សាធី