ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យស្រវឹងស្រារអិលជើងធ្លាកទឹកលង់ស្លាប់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ បុរសជនជាតិវៀតណាមម្នាក់បានលង់ទឹកស្លាប់យ៉ាងអាណោចអធ័ម ត្រូវបានគេសង្ស័យបណ្ដាលមកពីស្រវឹងស្រាជោគជាំ ហើយបានងើបចេញពីមុងទៅបត់បន្ទោបង់ក៏អិលជើងធ្លាក់ចូលទឹកបឹងទន្លេសាបនៅខាងមុខផ្ទះ។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង ៦និង៣០នាទីព្រឹក ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧ នៅបឹងទន្លេសាប ត្រង់ចំណុចមុខផ្ទះផែបណ្ដែតទឹករបស់ជនរងគ្រោះ ស្ថិតនៅភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋភូមិផងរបងជាមួយបានឱ្យដឹងថា ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ឡេ យ៉ាំងកៃ ភេទប្រុស អាយុ ៤៩ឆ្នាំ នៅលីវ ស្នាក់នៅផ្ទះផែបណ្ដែតលើផ្ទៃបឹងទន្លេសាប ស្ថិតក្នុងភូមិ-ឃុំកើតហេតុ ។

ប្រភពបន្តថា កាលពីរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ គេឃើញជនរងគ្រោះបានអុំទូកទៅផ្ទះអ្នកជិតខាង ហើយមានការជួបជុំគ្នាផឹកស៊ី រហូតដល់យប់ទើបឃើញអុំទូកត្រឡប់មកផ្ទះវិញ លុះព្រឹកថ្ងៃទី២១ខែឆ្នាំដដែល អ្នកជិតខាងមិនឃើញជនរងគ្រោះក្រោកពីដំណេក ក៏បាននាំគ្នាស្រែកហៅ ក៏មិនឮឆ្លើយនោះដែរ ទើបនាំគ្នាអុំទូកមកឡើងមើលក្នុងផ្ទះ ខណៈនោះបាត់ជនរងគ្រោះមិនដឹងទៅណា ក៏បង្កការភ្ញាក់ផ្អើលឆោឡោតែម្ដង ហើយសង្ស័យអាចធ្លាក់ចូលទឹកលង់ស្លាប់ទើបនាំគ្នាចុះរាវ ក៏ប្រទះឃើញសាកសពនៅបាតដីផ្នែកខាងមុខផ្ទះ ។

ប្រភពដដែលបន្តទៀតថា ដូច្នេះបញ្ហាបុរសជាជនរងគ្រោះលង់ទឹកស្លាប់បែនេះ អាចបណ្ដាលមកពីស្រវឹងស្រាជោគជាំ ខណៈដែលជនរងគ្រោះរូបនេះគាត់ដូចជាមនុស្សមានវិបត្តិមួយរូបដែរ នៅគ្រាដែលគេឃើញគាត់ចូលចិត្តយកស្រាធ្វើជាមិត្តភ័ក្តិជំនួសបាយទឹក ម៉្យាងទៀតអាចបណ្ដាលមកពីគាត់ងើបទៅបន្ទោបង់ ពេលកណ្ដាលអធ្រាត្ររអិលជើងធ្លាក់ចូលទឹកលង់ស្លាប់បែបនេះក៏ថាបាន ។

ប្រភពពីសមត្ថកិច្ចនគរបាលស្រុកកណ្ដៀងបានឱ្យដឹងតាមទូរស័ព្ទដែរថា ក្រោយទទួលបានព័ត៌មានពាក់ព័ន្ធនឹងហេតុការខាងលើ កម្លាំងបានចុះដល់កន្លែងកើតហេតុ ដើម្បីសួរនាំ និងចាប់យកវត្ថុតាងនានាផងដែរ ប៉ុន្ដែនៅលើខ្លួនប្រាណសាកសពដូចជាមិនមានស្លាកស្នាមអ្វីគួរឱ្យសង្ស័យជាប់ពាក់ព័ន្ធនឹងករណីឃាតកម្មនោះឡើយ ទើបធ្វើកំណត់ហេតុប្រគល់សាកសព្វឱ្យសាច់ញាតិចាត់ចែងតាមប្រពៃណី ៕ ប៉ឹម ពិន

se (1) se (2) se (3)


ចែករំលែក៖