ព័ត៌មានទាន់ហេតុការណ៍៖

មេដឹកនាំបរទេសរូបណាដែលនឹងជួបពិភាក្សាជាមួយប្រធានាធិបតីដូណាល់ ត្រាំ ដំបូងគេបង្អស់

ចែករំលែក៖

នាយករដ្ឋមន្ត្រីអង់គ្លេសTheresa May បាននិយាយទៅកាន់ព័ត៌មានBBC ថាលោកស្រីនឹងមិនខ្លាចនិយាយដោយត្រង់ ជាមួយប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ ប្រសិនបើគាត់និយាយ ឬធ្វើអ្វីដែលមិនអាចទទួលយកបាន។

តាមគម្រោង នាយករដ្ឋមន្ត្រីអង់គ្លេស នឹងជួបពិភាក្សានៅសេតវិមាននាថ្ងៃទី២៧ ខែមករា គឺក្រោយចូលកាន់តំណែងមានមួយសប្តាហ៍ ដូច្នេះនាយករដ្ឋមន្ត្រីអង់គ្លេស គឺជាមេដឹកនាំទីមួយដែលជួបពិភាក្សាជាមួយមេដឹកនាំអាមេរិក។

លោកស្រី នាយករដ្ឋមន្ត្រីអង់គ្លេសបានបញ្ជាក់ថា ទំនាក់ទំនងរវាងអាមេរិក នឹងអង់គ្លេស កាន់តែប្រសើរឡើង ។ ជាមួយគ្នានេះ លោកស្រីបានបញ្ជាក់ថា នឹងការពារផលប្រយោជន៍របស់ស្ត្រី ។

លោកស្រី Theresa May នឹងក្លាយជាមេដឹកនាំបរទេសលើកទីមួយ ដែលជួបជាមួយ ប្រធានាធិបតីអាមេរិកថ្មីនេះ បន្ទាប់ពីលោកឡើងកាន់តំណែង ជាផ្លូវការ។

នៅក្នុងជំនួបលើកដំបូងនោះ កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី របស់អង់គ្លេសក្រោយចាកចេញពីអឺរ៉ុប ត្រូវបានគេរំពឹងថា នឹងក្លាយជាប្រធានបទសំខាន់មួយ នៅក្នុងកិច្ចពិភាក្សា រវាងមេដឹកនាំទំាងពីរ។

ការបញ្ជាក់ពីជំនួបរវាងលោកស្រី Theresa May និងលោក ដូណាល់ ត្រាំ បានធ្វើឡើងបន្ទាប់ពីមានមនុស្ស រាប់លាននាក់ នៅជុំវិញពិភពលោក នាំគ្នាចូលរួម ហែក្បួនរបស់ស្រ្តី ដើម្បីប្រឆាំងនឹងលោក ដូណាល់ ត្រាំ។

ពាក់ព័ន្ធនិនស្ថានភាពនៅអាមេរិកនោះដែរ ចាប់តាំងពីថ្ងៃតំបូងចូលកាន់តំណែងប្រធានាធិបតីអាមេរិក លោកដូណាលត្រាំរងការធ្វើបាតុកម្មប្រឆាំងនៅគ្រប់ទិសទីតាំងពីវ៉ាស៊ីនតោនរហូតដល់បារាំង អង់គ្លេស ឬប៉ូឡូញ មនុស្សប្រុសស្រីជាច្រើនជាតិសាសន៍បានចេញធ្វើបាតុកម្ម ដើម្បីបរិហារនយោបាយរើសអើងស្រ្តី និងជនអន្តោប្រវេសន៍របស់ លោកដូណាល់ ត្រាំ។

ទៅតាមអ្នករៀបចំធ្វើបាតុកម្មចំនួនមនុស្សចូលរួមក្នុងបាតុកម្មប្រឆាំងលោកដូណាល់ ត្រាំបានកើនឡើងហួសពីចំនួនដែលគេបានគ្រោងទុក ដែលមានប្រមាណ ២សែននាក់។បាតុកម្មធំជាងគេមាននៅទីក្រុងវ៉ាស៊ីនតោន ជាទីដែលបាតុករប្រមាណ១លាននាក់បានដើរកកកុញ នៅតាមមហាវិថី និងផ្លូវគ្រប់ច្រកល្ហក។ចំនួនបាតុករប្រឆាំងត្រាំមានច្រើនជាងចំនួនមនុស្សដែលបានទៅចូលរួមក្នុងពិធីស្បថចូលកាន់តំណែងរបស់លោកដូណាល់ ត្រាំ កាលពីថ្ងៃសុក្រ។

ទៅតាមការអំពាវនាវរបស់ចលនាស្រ្តី ដែលដំបូងឡើយ ចង់ធ្វើបាតុកម្មដើម្បីការពារសិទ្ធិស្រ្តីនិងចង់បរិហាររិះគន់នយោបាយរើសអើងទៅលើស្រ្តី របស់លោកដូណាល់ ត្រាំប្រជាជនអាមេរិកាំងកាន់តែច្រើន មិនថា នៅក្នុង ឬក្រៅប្រទេសបានចូលរួមក្នុងបាតុកម្ម ដើម្បីសំដែងមតិរបស់ពួកគេប្រឆាំងគោលនយោបាយរបស់រដ្ឋបាលលោកត្រាំឬប្រឆាំងនឹងបុគ្គលិកលក្ខណៈរបស់លោកដូណាល់ ត្រាំផ្ទាល់តែម្តង។

កន្លងមកគេរកឃើញថា មានបាតុកម្មប្រឆាំងលោកដូណាល់ ត្រាំចំនួន ៦៧០កន្លែង ដែលត្រូវបានរៀបចំឡើង នៅក្នុងទីក្រុងចំនួន ៤០០ នៅអាមេរិកនិងនៅក្នុងប្រទេស៧០ផ្សេងទៀត។ នៅប៉ារីស ឡុងដ៍ ស៊ីដនី ប៊ែរឡាំង រ៉ូមប្រាគ តែលអាវីវរបស់អ៊ីស្រាអែល មនុស្សជាច្រើនម៉ឺននាក់បានចូលរួមធ្វើបាតុកម្ម ដើម្បីសំដែងសាមគ្គីភាពជាមួយប្រជាជនអាមេរិក។

លោកដូណាល់ ត្រាំ មិនបានធ្វើអត្ថាធិប្បាយទៅលើបាតុកម្មប្រឆាំងនឹងលោកនោះទេ។ ប៉ុន្តែផ្ទុយទៅវិញនៅពេលទៅធ្វើទស្សនកិច្ចនៅទីស្នាក់ការកណ្តាលរបស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក CIA លោកដូណាល់ត្រាំបានចោទប្រកាន់ប្រព័ន្ធផ្សព្វផ្សាយអាមេរិកាំង ថា បាននិយាយមិនពិតពីចំនួនមនុស្សដែលបានចូលរួមក្នុងពិធីស្បថចូលកាន់តំណែងរបស់លោកកាលពីថ្ងៃសុក្រ។ ដោយដាក់ទន្ទឹមគ្នារូបថត ពិធីស្បថរបស់លោកដូណាល់ ត្រាំហើយនិងពិធីស្បថរបស់លោកអូបាម៉ា នៅឆ្នាំ ២០០៩ កាសែតនិងទូរទស្សន៍អាមេរិកាំង បានប្រៀបធៀបថា លោកដូណាល់ ត្រាំមានមនុស្សមកចូលរួមតិចជាងពេលលោកអូបាម៉ាចូលស្បថកាន់តំណែងជាប្រធានាធិបតីអាមេរិកនៅឆ្នាំ ២០០៩៕

se stream_img


ចែករំលែក៖