ភ្នំពេញ៖ បុរសម្នាក់បាន រត់ទៅប៉ុស្តិ៍នគរបាលសុំជួយអន្តរាគមន៍ បន្ទាប់ពីបាត់កូនស្រីស្រស់ស្អាត់ម្នាក់ អស់រយ:ពេល៧ថ្ងៃមកហើយ តែគាត់បានលឺដំណឹងថា កូនស្រីរបស់គាត់បាននៅជាមួយបុរសម្នាក់ តែបុរសម្នាក់នោះ មិនព្រមប្រាប់ពីដំណឹងកូនស្រីរបស់គាត់អោយដឹងនោះទេ ទើបនៅវេលាម៉ោង៩ព្រឹក ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ គាត់បានមកប៉ុស្តិ៍ចោមចៅ សុំការអន្តរាគមន៍ ។
កម្មការិនីដែលឱពុកកំពុងស្វែងរកនោះឈ្មោះ ទិត្យ ស្រស់ អាយុ២០ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងផ្សារអង្គ ភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិបន្ទាយមាស ឃុំបន្ទាយមាស ស្រុកទូកមាស ខេត្តកំពត រីឯឱពុកឈ្មោះ សាម ឈុច អាយ៣៨ឆ្នាំ មុខរបរជាកម្មករសំណង់ បច្ចុប្បន្នស្នាក់ផ្ទះជួល និងស្រុកកំណើតជាមួយគ្នា ។
តាមការរៀបរាប់ទាំងទឹកមុខស្រងូតស្រងាត់របស់ឱពុកនោះបានអោយដឹងថា កូនរបស់គាត់បានបាត់ចេញពីផ្ទះអស់រយ:ពេល៧ថ្ងៃហើយ គឺមិនបានដឹងដំណឹងថា ស្នាក់នៅទីណាទេ គ្រាន់តែដឹងថា មានបុរសម្នាក់ឈ្មោះ ហេង អាយុប្រហែងជាង៣០ឆ្នាំ មុខរបរធ្វើការរោងចក្រ ស្នាក់នៅភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានប្រពន្ធរួចហើយ តែបានមកទាក់ទងកូនស្រីរបស់គាត់អស់រយ:ពេល៦ខែហើយ មិនដឹងនាំកូនស្រីគាត់ទៅណាទេ គ្រាន់តែដឹងថា កូនស្រីរបស់គាត់បានទូរស័ព្ទមកទារលុយគាត់តែប៉ុណ្ណោះ។
ក្រោយពីបានទៅប៉ុស្តិ៍នគរបាលចោមចៅសមត្ថកិច្ចបានណែនាំរួច ក៏ត្រឡប់ទៅផ្ទះវិញ៕ សុខាសែនជ័យ