ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ត្រូវឡូរីដឹកឈើកិនស្លាប់ ខណៈដេកលើផ្លូវដែក

ចែករំលែក៖

 

ភ្នំពេញ៖ បុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ ដេកស្លាប់យ៉ាងអាណោចអធ័មនៅតាមផ្លូវដែក ហើយត្រូវឡូរីដឹកឈើពេលយប់កិន ខណៈដែលរូបគេ ដេកនៅលើកំណាត់ផ្លូវដែកនោះ ហើយឡូរីក៏បន្តដំណើរទៅបាត់។

ហេតុការណ៍នេះបាន បង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវដែក ខ្សែ ភ្នំពេញ បាត់ដំបង ត្រង់ចំណុចភូមិសក្ដិប្រយុទ្ធ សង្កាត់ស្នោរ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះខាងលើឈ្មោះ ឡេង កុសល អាយុ៣២ឆ្នាំ មានជំងឺសសៃប្រសាទរយៈពេល៨ឆ្នាំកន្លងមក ហើយ និងមានទីលំនៅក្នុងភូមិទួលលៀប សង្កាត់ស្នោរ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មានពីអ្នកនៅក្បែរ បាននិយាយឲ្យដឹងថា កាលពីមុនបុរសខាងលើគឺជាមនុស្សត្រឹមត្រូវម្នាក់ និងរៀនសូត្រពូកែថែមទៀតផង គាត់ចេះនិយាយច្រើនភាសា ក្នុងនោះមានភាសាអង់គ្លេស និងភាសា ចិនផងដែរ ហើយក្រោយមកប្រហែលជា ដោយសារការខិតខំរៀនខ្លាំងពេក បានក្លាយទៅជាមនុស្សមានជំងឺ សសៃប្រសាទ លែងប្រក្រតីតែម្ដង។ បន្ទាប់ពីមានជំងឺនោះមក បុរសនោះតែងតែដើរចេញពីផ្ទះបាត់ៗ ហើយគេងនៅក្រៅផ្ទះរហូត ចំណែកក្រុមគ្រួសារបានតាមរកគ្រប់ពេល ជួនកាលបានរកឃើញ និងហៅឲ្យ ត្រឡប់ទៅផ្ទះវិញ និងពេលខ្លះតាមរកមិនឃើញ ក៏បណ្ដោយឲ្យដេកតាមព្រៃ និងតាមវាលតាមយថាកម្ម។

ប្រភពដដែលបានបន្តថា មួយរយៈពេលចុងក្រោយនេះ គេឧស្សាហ៍ឃើញបុរសនោះដេកនៅតាមចិញ្ចើម ផ្លូវដែក ត្រង់ចំណុចខាងលើ ហើយក្រុមគ្រួសារទៅតាមហៅ រូបគេមិនព្រមទៅផ្ទះនោះឡើយ ចំណែកផ្លូវដែក នោះ មិនទាន់មានរថភ្លើងធ្វើចរាចរនៅឡើយទេ គឺមានតែឡូរីដឹកបើកបរឆ្លងកាត់ទៅមកពេលយប់ជារៀង រាល់ថ្ងៃ។

ដោយឡែកនៅវេលាយប់ថ្ងៃទី២២ ខែមករា មិនមាននរណាម្នាក់បានដឹងថាយ៉ាងម៉េចនោះទេ ប៉ុន្តែ សង្ស័យថា បុរសនោះដេកនៅកណ្ដាលផ្លូវដែក ហើយនៅវេលាម៉ោងប្រហែល៩យប់ មានឡូរីដឹកឈើ ២ទៅ៣គ្រឿងបានបើកឆ្លងកាត់ទីនោះ យកឈើទៅលក់នៅភ្នំពេញ និងសង្ស័យថាត្រូវឡូរីទាំងនោះបើកកិន បណ្ដាលឲ្យស្លាប់បែបនេះតែម្ដង បន្ទាប់មកឡូរីបានបើកទៅបាត់ស្រមោល។

លុះវេលាម៉ោង៩ព្រឹកថ្ងៃទី២៣ ខែមករា មានអ្នកភូមិធ្វើដំណើរកាត់តាមនោះ បានប្រទះឃើញសព ទើបមានការភ្ញាក់ផ្អើលឆោរឡោ និងផ្ដល់ដំណឹងទៅក្រុមគ្រួសារ ព្រមទាំងប្ដឹងនគរបាលឲ្យចុះទៅពិនិត្យមើល ហើយសពត្រូវបានក្រុម គ្រសារនាំយកទៅតម្កល់ធ្វើបុណ្យ នៅឈាបនដ្ឋានវត្តអង្គបឹងចក សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ៕ សុខា សែនជ័យ

image1 copy image2 copy


ចែករំលែក៖