ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូលឿនជ្រុលបុករថយន្តពីក្រោយបណ្តាលឲ្យស្លាប់ម្នាក់ រងរបួសធ្ងន់២នាក់

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់ភ្លាមនៅកន្លែងកើតហេតុ និង២នាក់ទៀតរងរបួសធ្ងន់ ខណៈពួកគេជិះម៉ូតូលឿនហើយជ្រុលបុករថយន្តពីក្រោយបណ្តាលឲ្យដួលបោកក្បាលទៅនឹងថ្នល់ កាលពីវេលាម៉ោង១០យប់ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ នៅចំណុចមុខផ្សារកាណាឌីយ៉ា តាមបណ្តោយផ្លូវវេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះដែលស្លាប់ឈ្មោះ ជិន ចាន់ធឿន ភេទប្រុស អាយុ២២ឆ្នាំ មុខរបជាជាងម៉ូទ័រ ស្នាក់នៅភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកំណើតនៅ ភូមិជើងវត្តឃុំ គងជ័យ ស្រុកអូរាំងឪ ខេត្តកំពង់ធំ។ ចំណែក២នាក់ទៀតមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។

តាមសាក្សីនៅកន្លែងកើតហេតុគេបានឃើញ ជនរងគ្រោះជិះម៉ូតូម៉ាកឌ្រឹមសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 1D 5808 ធ្វើដំណើរតាមបណ្តោយផ្លូវវេងស្រេង ក្នុងទិសដៅពីលិចទៅកើត ស្របជាមួយរថយន្តម៉ាកហាយឡែនឌ័រ មិនចាំស្លាកលេខ ខណៈមកដល់ចំណុចកើតហេតុ ក៏ជ្រុលចង្កូតទៅបុកនឹងរថយន្តពីក្រោយពេញទំហឹងបណ្តាលឲ្យដួលទៅនឹងថ្នល់បោកក្បាលស្លាប់ម្នាក់ និង២នាក់ទៀតរងរបួសធ្ងន់ ។

ក្រោយពេលកើតហេតុ រថយន្តបានបន្តដំណើរទៅបាត់ ហើយជនរងគ្រោះ ដែលរបួសត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យ ចំណែកសពត្រូវបានសមត្ថកិច្ចចុះធ្វើឯកសារប្រគល់ឲ្យក្រុមគ្រួសារ ដោយឡែកម៉ូតូ សមត្ថកិច្ចយកទៅរក្សារទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យរង់ចាំដោះស្រាយពេលក្រោយ ៕ សុខាសែនជ័យ

c1 c2


ចែករំលែក៖