ភ្នំពេញ: អនុរក្សពន្ធនាគារព្រៃស បាននាំខ្លួនបុរសម្នាក់ដែលប្រឡងជាប់ជានគរបាល មកកាន់សាលាឧទ្ធរណ៍ កាលពីព្រឹកថ្ងៃទី២៤ ខែមករា ដើម្បីកាត់ទោសបទល្មើសសម្លាប់សង្សារជានិស្សិតវិទ្យាស្ថានវ៉ាន់ដាគណនេយ្យហើយយកសពទម្លាក់ក្នុងទឹកទន្លេ ។
សវនាការនាពេលនេះ ធ្វើឡើងតាមពាក្យបណ្ដឹងឧទ្ធរណ៍របស់ជនជាប់ចោទដែលមិនសុខចិត្តចំពោះសេចក្ដីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលផ្តន្ទាទោសរូបគេឲ្យជាប់ពន្ធនាគារអស់មួយជីវិត ។
មន្ត្រីសាលាឧទ្ធរណ៍ បញ្ជាក់ថា ជនជាប់ចោទ ឈ្មោះ ហុង កាលីឌីន អាយុ២៨ឆ្នាំ មុខរបរអចិន្រៃ្តយ៍ ជាងជុសជុលកុំព្យូទ័រនិង ជាមន្ត្រីនគរបាលទើបប្រលងជាប់ ត្រូវបានតុលាការចោទប្រកាន់ ចំនួន ៣បទល្មើស គឺ បទឃាតកម្មគិតទុកជាមុន បទប្រើប្រាស់គ្រឿងញៀន និង បទកាន់កាប់ អាវុធខុសច្បាប់ ។
នាពេលសវនាការសាលាឧទ្ធរណ៍ ជនជាប់ចោទនៅតែបដិសេធថា ពុំបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ ដោយស្នើឲ្យសាលាឧទ្ធរណ៍ជួយរកយុត្តិធម៌ ។
ទោះបីយ៉ាងណា ក្រោយការសួរដេញដោល លោក ប្លង់ សំណាង ជាអនុប្រធានសាលាឧទ្ធរណ៍ បានលើកពេលប្រកាសសាលដីកាទៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ខាងមុខនេះវិញ ។
គួររំលឹកថា ឈ្មោះ ហុង កាលីឌីន ត្រូវបានសមត្ថកិច្ច នគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ធ្វើការឃាត់ខ្លួនកាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៤ ក្នុងហាងកាហ្វេដាលីន តាម បណ្ដោយផ្លូវលេខ១០៥ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា បន្ទាប់ពីសពនារី រងគ្រោះឈ្មោះ សុង ដាវិន ត្រូវបានប្រជាពលរដ្ឋប្រទះឃើញអណ្តែត ក្នុងទឹកទន្លេ កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៤ មុខបឋមសិក្សាជ្រោយចង្វា ៕ ចេស្តា