ព័ត៌មានទាន់ហេតុការណ៍៖

ខឹង​បងប្អូន​ស្តី​បន្ទោស​អោយ​មិន​ចេះ​ធ្វើ​ការ បុរសម្នាក់សម្រេចចិត្ត​ចង​ក​សម្លាប់​ខ្លួន​ឯង​

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ ដោយសារតែតូចចិត្តនឹងបងប្អូនស្តីបន្ទោសអោយរាល់ថ្ងៃពេកពីរឿងមិនចេះធ្វើការ ដើរតែលេង សេពគ្រឿងញៀន ទើបសម្រេចចិត្តចងកបញ្ចប់ជីវិតខ្លួនឯងចោលប្រពន្ធកូនរស់នៅគ្មានអ្នកទីពឹងអាស្រ័យ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែមករាឆ្នាំ២០១៧ ស្ថិតនៅក្រុមទី១ ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ចាន់ ហ្គ្រាន់ណា អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅភូមិកើតហេតុខាងលើ ។

តាមប្រភពពត៌មានពីបងស្រីរបស់ជនរងគ្រោះឈ្មោះ ចាន់ ម៉ៅ អាយុ២៧ឆ្នាំ មុខរបរកម្មកររោងចក្រស្នាក់នៅភូមិកើតហេតុជាមួយគ្នាបានអោយដឹងថា នៅមុនពេលកើតហេតុ ឃើញជនរងគ្រោះអង្គុយស្រងេះស្រងោចម្នាក់ឯង មិននិយាយស្ដីសោះ មើលទៅហាក់បីដូចជាគ្មានព្រលឹងនៅក្នុងខ្លួនសូម្បីតែបន្តិច។ លុះមកដល់ថ្ងៃកើតហេតុស្រាប់តែឃើញជនរងគ្រោះចងកសម្លាប់ខ្លួនឯងនៅក្នុងបន្ទប់ទឹកធ្វើឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិរត់នាំគ្នាមកជួយសង្គ្រោះ។ ប៉ុន្តែសំណាងអាក្រក់ជនរងគ្រោះបាត់បង់ជីវិតទៅហើយ។

តាមប្រភពដដែលបានបន្តទៀតថា កាលពីប៉ុន្មានខែមុនជនរងគ្រោះធ្លាប់ប្រើប្រាស់គ្រឿងញៀន ហើយត្រូវក្រុមគ្រួសារបានយកទៅមណ្ឌលកែប្រែឱកាសខ្ងុំចំនួន៦ខែម្ដងរួចមកហើយ ដោយចង់អោយជនរងគ្រោះផ្ដាច់ខ្លួនចេញពីសារធាតុញៀន។ តែពេលដែលជនរងគ្រោះចេញពីមណ្ឌលកែប្រែហាក់បីដូចជាគ្មានព្រលឹងនៅក្នុងខ្លួនអង្គុយមើលមេឃមើលផ្កាយថែមទាំងត្រូវបងប្អូនស្តីបន្ទោសអោយទៀត ធ្វើឲ្យជនរងគ្រោះដាច់ចិត្តចងកសម្លាប់ខ្លួនឯងតែម្ដងទៅ។

ក្រោយពីកើតហេតុគេឃើញនគរបាលមូលដ្ឋានបានចុះទៅកន្លែងកើតហេតុដើម្បីត្រួតពិនិត្យនិងធ្វើកោសល្យវិច័យទៅលើសាកសព។

តាមប្រភពពត៌មានពីកម្លាំងនគរបាលជំនាញខណ្ឌបានអោយដឹងថា សពជនរងគ្រោះពិតជាស្លាប់ដោយសារចងកសម្លាប់ខ្លួនឯងមែន។

បច្ចុប្បន្ននេះសាកសពជនរងគ្រោះត្រូវបាននគរបាលមូលដ្ឋានប្រគល់ទៅអោយសាច់ញាតិបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕ សុខាសែនជ័យ

ន ប


ចែករំលែក៖