ព័ត៌មានទាន់ហេតុការណ៍៖

សាកទូរស័ព្ទលើក្បាលដំណេក សន្តិសុខឃើញម្ចាស់ដេកលក់រពិសដៃលួចដាក់ក្នុងហោប៉ៅម្ចាស់ចាប់ជាប់

ចែករំលែក៖

ភ្នំពេញ: នគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវបានឃាត់ខ្លួនបុរសជាសន្តិសុខហាងម្នាក់ បន្ទាប់ពី បានធ្វើសកម្មភាពលួចយកទូរសព្ទដៃម៉ាក Iphone6 មួយគ្រឿងរបស់ស្ត្រីម្នាក់ដែលដាក់សាកថ្មលើតុនៅក្បាលដំណេក។

ការឃាត់ខ្លួនសន្តិសុខរូបនេះ បានធ្វើឡើងកាលពីវេលាម៉ោង២និង១៥នាទីរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ ២០១៧ នៅចំណុចផ្ទះលេខ៧៩៩ ផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឱ្យដឹងថា ជនសង្ស័យមានឈ្មោះ យ៉ែម សុខលីន អាយុ២៣ឆ្នាំ ជាសន្តិសុខហាង ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលេខ៤៩០ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។នៅមុនពេលកើតហេតុ ស្ត្រីរងគ្រោះបានដាក់ទូរសព្ទដៃម៉ាក Iphone6 ពណ៌ខ្មៅមួយគ្រឿងសាកថ្មនៅលើតុក្បាលដំណេកក្នុងផ្ទះរបស់ខ្លួនរួច បានដេកលក់មួយស្របក់ភ្ញាក់ឡើងវិញរកទូរស័ព្ទមិនឃើញ។ ពេលនោះជនរងគ្រោះ បានឃើញបុរសជាជនសង្ស័យឈរនៅខាងមុខផ្ទះ ក៏ស្រែកសួរថាពូ មានឃើញទូរស័ព្ទខ្ញុំទេ? បន្ទាប់មកជនសង្ស័យមិនស្តីតែបានដកយកទូរស័ព្ទចេញពីហោប៉ៅខោឲ្យវិញ ប៉ុន្តែត្រូវម្ចាស់ចាប់ខ្លួនប្រគល់ឲ្យកម្លាំងនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវតែម្តង។

ក្រោយពេលកើតហេតុ ទូរសព្ទដៃម៉ាក Iphons6 មួយគ្រឿងនោះ ត្រូវបានប្រគល់ឲ្យទៅស្ត្រីជាជនរងគ្រោះវិញ ចំណែកឯបុរសជាជនសង្ស័យ ត្រូវបាននាំខ្លួនយកទៅធ្វើការសាកសួរ និងធ្វើកំណត់ហេតុនៅអធិការដ្ឋាននគរបាលខណ្ឌចំការមនចាត់ការតាមច្បាប់ ៕ ប្រាថ្នា

សន្តិ លួច១១


ចែករំលែក៖