ខេត្តស្វាយរៀង ៖ នៅគ្រាដែលមានការ ជជែកអំពីបញ្ហាបំណុលរបស់សហរដ្ឋអាមេ រិកចំពោះកម្ពុជានោះអាជ្ញាធរមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជាបានរកឃើញគ្រាប់បែកផ្ទុះមានសារធាតុគីមី២កន្លែងនៅក្នុងស្រុក រមាសហែក ខេត្តស្វាយរៀង។ ពេលនេះ មជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជាកំពុងរៀបចំបោសសម្អាតទីតាំងទាំងនោះហើយ ។
លោក ហេង រតនា អគ្គនាយកមជ្ឈ មណ្ឌលកម្ចាត់មីនកម្ពុជាហៅកាត់ថា សុី ម៉ាក់បានថ្លែងថា អង្គភាពរបស់លោកបាន រកឃើញគ្រាប់បែកផ្ទុកសារធាតុគីមីដ៏គ្រោះថ្នាក់បំផុតដែលបន្សល់ទុកពីការទម្លាក់ របស់សហរដ្ឋអាមេរិក ស្ថិតនៅក្នុងសាលា បឋមសិក្សា និងវត្តគគីរ ស្ថិតក្នុងភូមិ-ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង ។
លោក ហេង រតនា បន្តថា ដើម្បីសុខ សុវត្ថិភាពរបស់ប្រជាជនសុីម៉ាក់ត្រូវបង្ខំ ចិត្តបើកប្រតិបត្តិការដោះយកគ្រាប់បែកផ្ទុកសារធាតុគីមីនៅទីតាំងខាងលើនេះចេញ ដោយត្រូវជម្លៀសសិស្សសាលា ព្រះសង្ឃ និងប្រជាពលរដ្ឋឲ្យនៅឆ្ងាយពីទីតាំងនេះប្រមាណ៣គីឡូម៉ែត្រដើម្បីការពារសុវត្ថិ ភាពជូនពួកគាត់ ។
លោកអគ្គនាយកបន្ថែមថា គ្រាប់បែកគីមី ដែលសុីម៉ាក់រកឃើញប្រភេទ Chlorobenzalmalononitrile (CS) ដែលទម្លាក់ពីលើ យន្តហោះហើយគ្រាប់បែកនេះប្រសិនបើ ផ្ទុះនឹងធ្វើឲ្យមានផលប៉ះពាល់ខ្លាំងបំផុត ដែលអាចបង្កឲ្យថប់ដង្ហើមក្មេងកើតមិន គ្រប់ខែនិងបញ្ហាមួយចំនួនទៀត។
លោក សរ ហ៊ុន សមាជិកក្រុមប្រឹក្សា ឃុំគគីរស្រុករមាសហែកបានឲ្យដឹងថា ពិត ជាបានរកឃើញគ្រាប់បែកគីមីនៅទីតាំងខាងលើប្រាកដមែន។ លោកថា គ្រាប់បែក នោះមាន២កន្លែងដោយក្នុងនៅបរិវេណសាលាបឋមសិក្សាគគីរមួយកន្លែងនិងមួយ កន្លែងទៀតនៅនឹងកុដិរបស់ព្រះសង្ឃក្នុង វត្តគគីរផងដែរ ។
លោក ហេង រតនា ប្រាប់ថា គ្រាប់បែក គីមីប្រភេទ CS នេះសុីម៉ាក់ធ្លាប់បានជួបនៅខេត្តចំនួន៥រួមមានខេត្តស្វាយរៀង ព្រៃវែង មណ្ឌលគិរី រតនគិរី និងក្រចេះ ប៉ុន្តែ មានខេត្ត៣ដែលសុីម៉ាក់ជឿជាក់ថា មាន គ្រាប់បែកគីមីនេះរួមមានខេត្តស្វាយរៀង ព្រៃវែង និងមណ្ឌលគិរី ។
គួរបញ្ជាក់ថា អាមេរិកបានទម្លាក់គ្រាប់បែកនៅកម្ពុជាពីដើមឆ្នាំ១៩៦៣ដល់ដើមឆ្នាំ១៩៧៥ប្រមាណ២លាន៨សែនតោន ដែលមានគ្រាប់បែកគីមីផងដែរដោយបានសម្លាប់ប្រជាពលរដ្ឋជាង៥០០.០០០នាក់់សម្លាប់ដោយផ្ទាល់និងកម្ទេចផ្ទះសម្បែង ពលរដ្ឋខែ្មររាប់ម៉ឺនកន្លែងផងដែរ ៕ ហេង សូរិយា