ខេត្តកំពង់ស្ពឺ ៖ វង់អាប៉ោងដុះស្នឹមមួយ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកឧដុង្គចុះបង្ក្រាបកាលពីវេលាម៉ោង១០ និង៤០នាទី ព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ ស្ថិត នៅភូមិកាកាប ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ប៉ុន្តែចាប់បានតែមេ រីឯកូនៗ នាំគ្នារត់គេចខ្លួនអស់ ។
មន្រ្តីនគរបាលស្រុកឧដុង្គបានឲ្យដឹង ថា មេបាញ់អាប៉ោងដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ វុិត វឿន ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅភូមិ-ឃុំខាងលើ។ ជាមួយការឃាត់ខ្លួនមេបាញ់អាប៉ោងម្នាក់នេះ សមត្ថកិច្ច បានដកហូតគ្រាប់អាប៉ោង១គ្រាប់ , កម្រាល ចាក់១ និងទូរស័ព្ទដៃ១គ្រឿង ។
បើតាមអ្នកភូមិនិយាយថា វង់ល្បែងសុីសងអាប៉ោងខាងលើនេះលេងមិនសូវជាចាក់លុយធំៗប៉ុន្មានទេ តែលេងយូរមក ហើយដែរ និងសមត្ថកិច្ចមូលដ្ឋានក៏ធ្លាប់ ចុះទៅណរនាំ ប៉ុន្តែក្រុមអ្នកញៀនល្បែង មិនគិតពីការងារនេះនៅតែផ្គើន ទើបនគរបាលស្រុកចុះមកបង្ក្រាបតែម្តង ។
លោកវរសេនីយ៍ទោ ជា វណ្ណា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នង ការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានប្រាប់ ឲ្យដឹងនៅព្រឹកថ្ងៃទី២៤ ខែមករាថា មេបាញ់អាប៉ោងខាងលើនឹងត្រូវដោះលែងវិញបន្ទាប់ពីសមត្ថកិច្ចអប់រំ និងឲ្យធ្វើកិច្ចសន្យាបញ្ឈប់លេងល្បែងបន្តទៀត ហើយប្រសិនបើជននេះនៅបន្តរឹងរូសលេងទៀតនោះនឹងត្រូវប្រឈមការចាប់ខ្លួនបញ្ជូនទៅតុលាការ ៕ សេនា ស័ក្តិ