ខេត្តតាកែវ ៖ ផ្ទះប្រជាពលរដ្ឋចំនួន៥ ខ្នងបានឆាបឆេះកាលពីព្រឹកថ្ងៃទី២៤ ខែ មករា ឆ្នាំ២០១៧ នៅក្នុងភូមិត្រពាំងព្រីង ឃុំគោកព្រិច ស្រុកគីរីវង់ ខេត្តតាកែវ ។
បើតាមការឲ្យដឹងពីលោក យុគ សារ៉ាត់ អធិការនគរបាលស្រុកគិរីវង់ឲ្យដឹងថា ផ្ទះប្រជាពលរដ្ឋដែលភ្លើងឆេះខាងលើនេះ មានចំនួន៥ខ្នងដែលមានម្ចាស់ទី១-ឈ្មោះ សំ អាន ភេទប្រុស អាយុ៧៨ឆ្នាំ ត្រូវភ្លើង ឆេះអស់ទាំងស្រុង និងទ្រព្យសម្បត្តិឆេះ មានមាស៣តម្លឹង លុយ២.០០០ដុល្លារ ព្រមទាំងស្រូវ២០បាវ, ទី២-ម្ចាស់ផ្ទះឈ្មោះ ឯ ឃីម ភេទស្រី អាយុ៥០ឆ្នាំ រងការខូច ខាត សម្ភារប្រើប្រាស់ និងស្រូវ១៥បាវ, ទី៣-គ្រួសារឈ្មោះ អោម ឡុង ភេទស្រី អាយុ៦៥ឆ្នាំ ត្រូវភ្លើងឆេះផ្ទះអស់៧០ភាគ រយ, ទី៤-ឈ្មោះ ឯម ខន ភេទស្រី អាយុ ៥២ឆ្នាំ ត្រូវភ្លើងឆេះផ្ទះអស់៣០ភាគរយ តែមិនខាតបង់សម្ភារក្នុងផ្ទះនោះទេ និងទី ៥-ម្ចាស់ផ្ទះឈ្មោះ ហ៊យ តាំង ភេទប្រុស អាយុ៣៩ឆ្នាំ ឆេះអស់២០ភាគរយតែទ្រព្យសម្បត្តិក៏ពុំមានខាតបង់នោះដែរ ។
លោកអធិការបានបញ្ជាក់ថា នៅក្នុង គ្រោះអគ្គិភ័យនេះពុំមានប្រជាពលរដ្ឋរងគ្រោះថ្នាក់នោះទេ ខណៈដែលសមត្ថកិច្ចនៅពេលកើតហេតុបានជួយទៅពន្លត់ជា មួយបងប្អូនប្រជាពលរដ្ឋក្នុងភូមិទាន់ពេល។
លោកបានសន្និដ្ឋានថា ករណីអគ្គិភ័យនេះអាចបណ្តាលមកពីផ្ទុះឆ្លងចរន្តគ្គិសនី៕ ជីសូរកា