ព័ត៌មានទាន់ហេតុការណ៍៖

បទល្មើសនេសាទកើតមានព្រោងព្រាតនៅ ស្រុកតំបែរ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ ប្រជាពលរដ្ឋនៅឃុំ ត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំអះអាង ថា ទិន្នផលត្រីក្នុងបឹងនិងព្រែកឆ្នាំនេះថយ ចុះដោយសារបទល្មើសនេសាទកើតមានយ៉ាងអនាធិបតេយ្យហើយគ្មានការទប់ ស្កាត់។ បន្ថែមពីនេះគឺបណ្ដាលឲ្យប៉ះពាល់ដល់ការនេសាទជាលក្ខណៈគ្រួសាររបស់ប្រជាពលរដ្ឋនៅក្នុងភូមិទៀតផងប្រសិនបើអាជ្ញាធរពាក់ព័ន្ធនៅតែបណ្តោយឲ្យ សកម្មភាពទាំងនោះកើតឡើងបន្តទៀត។

ប្រជាពលរដ្ឋឃុំត្រពាំងព្រីងស្នើឲ្យ អាជ្ញាធរពាក់ព័ន្ធជួយអន្តរាគមន៍លើករណីបទល្មើសនេសាទនៅតំបន់ព្រែកអភិរក្ស ប៉ព្រេង ឬបឹងអភិរក្សប៉ព្រេង ក្នុងភូមិបុស្នោ ឲ្យបានឆាប់រហ័ស ។

បទល្មើសនេសាទទាំងនោះមានដូចជា ការឆក់ ដាក់របាំងអួនសាច់ក្រឡាញឹកស្ទើរពេញផ្ទៃព្រែក ព្រមទាំងការដាក់សម្រាស់ជាច្រើនកន្លែងទៀតផង។ ប្រជាពលរដ្ឋ បានត្រឹមរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ប៉ុន្តែមិនទាន់ឃើញមានវិធានការណាមួយឡើយ បើទោះបីជាសកម្មភាពទាំងនោះកើត ឡើងជាយូរណាស់មកហើយក្តី ។

លោក ផុន ឈឿន រស់នៅភូមិបុស្នោ ឃុំប្រពាំងព្រីង បានឲ្យដឹងថា ក្នុងផ្ទៃព្រែក ប៉ព្រេង ឬបឹងអភិរក្សប៉ព្រេងស្ទើរតែទាំង អស់ត្រូវបានគ្រប់គ្រងដោយបុគ្គលម្នាក់ ឬ ២នាក់ប៉ុណ្ណោះ។ លោកបន្តថា ពួកគេគ្រប់គ្រងតាមរយៈធ្វើអាជីវកម្មនេសាទរបស់ ខ្លួនដូចជាកាប់ឫស្សីដែលមានដុះនៅក្បែរៗ មាត់ព្រែកដាក់សម្រាស់ផ្តាច់មុខដែលមានជិត២០កន្លែង។ បន្ថែមពីនេះពួកគេដាក់ របាំងអួនកាត់ទទឹងលើផ្ទៃព្រែកស្ទើរតែទាំង ស្រុងទៀតផង។ បញ្ហានេះលោកបារម្ភថាវាមិនត្រឹមតែប៉ះពាល់ដល់ប្រជានេសាទ លក្ខណៈគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែវាធ្វើឲ្យប៉ះពាល់ដល់ព្រៃលិចទឹក និងបាក់ច្រាំង ព្រែកជាដើម ។

ព្រែកអភិរក្សប៉ព្រេងមានបណ្តោយជិត ១ពាន់ម៉ែត្រនិងទទឹងជិត១០០ម៉ែត្រដែលហូរចាក់ពីព្រែកឆ្លូង ខេត្តក្រចេះ។

ប្រភពដដែលបញ្ជាក់ថា ក្រុមអ្នកប្រព្រឹត្ត បទល្មើសទាំងនោះជាពលរដ្ឋមកពីភូមិ ផ្សេងដែលគេដឹងថា មានសែស្រឡាយ ជាប់ជាមួយមន្ត្រីរាជការបម្រើការងារនៅស្រុកតំបែរ ។

ច្បាប់ជលផលឆ្នាំ២០០៦ មាត្រា៩៨ ចែងថា ត្រូវផ្ដន្ទាទោសបទល្មើសជលផលថ្នាក់ទី១ដោយដាក់ពន្ធនាគារពី៣ឆ្នាំទៅ ៥ឆ្នាំ និងរឹបអូសយកវត្ថុតាងទាំងអស់ដាក់ជាសម្បត្តិរដ្ឋ ឬបំផ្លាញចោល។ បទល្មើស ទាំងនោះរួមមាន នេសាទដោយឧបករណ៍ ឆក់ គ្រឿងផ្ទុះ និងសារធាតុពុលគ្រប់ប្រភេទ ក្នុងដែននេសាទជាដើម ៕ ហេង សូរិយា

abc3


ចែករំលែក៖