ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្តីម្នាក់ចាញ់បោកយកលុយដុល្លារខ្មោចមកដូរយកលុយខ្មែរ២០លានរៀល

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ អ្នករកស៊ីប្តូរលុយវេរលុយវីងម្នាក់ចាញ់បោកជនសង្ស័យ៦នាក់យកលុយក្រដាស់១០០ដុល្លារក្លែងក្លាយដូរយកលុយខ្មែរ២០លានរៀល រួចគេចខ្លួនដោយសុវត្ថិភាព ។

ករណីនេះ បានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ នៅចំណុចផ្ទះប្តូរលុយ វេរលុយវីង ស្ថិតភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

មេបញ្ជាការកងរាជអាវុធហត្ថស្រុកអូរជ្រៅ លោក ជា ពិសី បានប្រាប់ថា ស្ត្រីរងគ្រោះឈ្មោះ ស្រេ មួយទៀង អាយុ៤០ឆ្នាំ មុខរបរប្តូរប្រាក់វេរលុយវីង រស់នៅភូមិ/ឃុំខាងលើ បានរត់មកប្តឹងនៅទីបញ្ជាការកងរាជអាវុធហត្ថស្រុកអូរជ្រៅ ឲ្យជួយអន្តរាគមន៍ ក្រោយជនសង្ស័យ១ក្រុមចំនួន៦នាក់មានក្មេងម្នាក់ បានជិះរថយន្តធុនវីហ្គោ ពណ៌ខ្មៅ គ្មានស្លាក់លេខ ធ្វើសកម្មភាពបោកប្រាស់ ។

ស្ត្រីរងគ្រោះបានបញ្ជាក់ប្រាប់សមត្ថកិច្ច ក្រោយពេលដែលជនសង្ស័យបានចុះពីរថយន្តមកប្តូរលុយនៅក្បែរចំការដំឡូងមីចម្ងាយពីផ្ទះប្រមាណ៧០០ម៉ែត្រ ដែលយកលុយក្រដាស់១០០ដុល្លារចំនួន៧៩សន្លឹក ស្មើនឹង៧.៩០០ដុល្លារដែលត្រូវប្តូរយកប្រាក់រៀលស្មើនិង២០លានរៀល ក្រោយពេលប្តូរយកលុយបានហើយ បានជិះរថយន្តគេចបាត់ ។

ស្ត្រីរងគ្រោះបន្តថា លុយដែលត្រូវជនសង្ស័យយកមកប្តូរយកលុយខ្មែរនេះ ជាក្រដាស់លុយក្លែងក្លាយ ទើបរត់ទៅប្តឹងកម្លាំងកងរាជអាវុធហត្ថស្រុកជួយធ្វើអន្តរាគមន៍ ប៉ុន្តែទម្រាំដឹង គឺហួសពេលបាត់ទៅហើយ បានត្រឹមតែអង្គុយយំប៉ុណ្ណោះ ។

លោកបានបញ្ជាក់ថា ចំពោះករណីអ្នកប្តូរប្រាក់វេរលុយវីងចាញ់បោកជនសង្ស័យនេះ កម្លាំងកងរាជអាវុធហត្ថស្រុកកំពុងស្រាវជ្រាវរកចាប់ខ្លួន ហើយលោកបានផ្តាំផ្ញើថា បើបងប្អូនដែលមានមុខរបរប្តូរលុយ វេរលុយ គឺមុននឹងប្តូរប្រាក់ ត្រូវពិនិត្យអោយបានច្បាស់លាស់សិន ការពារចាញ់បោកជនខិលខូចបន្តទៀត ៕ សំ វិច្ឆិកា

image2 image1


ចែករំលែក៖