ភ្នំពេញ៖ ប៉ុន្មានថ្ងៃមកនេះមហាជនជាច្រើនបានចាប់អារម្មណ៍និងមិនសប្បាយចិត្តចំពោះទង្វើ អសិលធម៌របស់ពិធីករ ពិធីការិនីវិទ្យុ ABC កម្ពុជាក្នុងកម្មវិធី ABC 3 ស្ព្រីង របស់ស្ថានីយ៍ទូរទស្សន៍ ប៉ុស្តិ៍លេខ៣ ដែលសម្តែងអាកប្បកិរិយា និងសម្តីសម្តៅមិនសមរម្យដាក់ទស្សនិកជន រហូតធ្វើឲ្យលោក ខៀវ កាញារីទ្ធ រដ្ឋមន្រី្តក្រសួងព័ត៌មានមានប្រតិកម្ម និងបង្គាប់ឲ្យម្ចាស់ស្ថានីយ៍ទូរទស្សន៍មួយនេះបញ្ឈប់ផ្អាកការផ្សាយកម្មវិធីនេះ។ ប៉ុន្តែអ្វីដែលគួរឲ្យហួសចិត្តនោះ គឺចំណាត់ការរបស់ក្រសួងព័ត៌មានទៅលើបញ្ហានេះ ត្រូវបានពិធីករ ពិធីការិនី វិទ្យុ ABC មួយចំនួនម៉ាក់ងាយស្ថាប័នក្រសួងព័ត៌មាន ជាពិសេសលោករដ្ឋមន្រី្តខៀវ កាញារីទ្ធ តែម្តង។
ថ្លែងនៅក្នុងពិធីសំណេះសំណាលជាភាតរភាពជាមួយនិវត្តជនក្រសួងព័ត៌មានជាង ៣៤០នាក់ នៅទីស្តីការក្រសួងកាលពីព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧នេះ លោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានបញ្ជាក់ថាក្រុមអ្នកសារព័ត៌មានថា វិទ្យុ ABC កម្ពុជា គឺជាវិទ្យុដែលបានជួយការងារសង្គមច្រើនណាស់ហើយត្រូវបានចាត់ទុកបានចូលរួមយ៉ាងសកម្មក្នុងការផ្តល់និងជាប្រភពព័ត៌មាន។ប៉ុន្តែថ្មីៗនេះវិទ្យុបានប្រព្រឹត្តនូវកំហុសឆ្គងខ្លះនៅពេលដំបូង ដែលចំណុចអាចចាត់ទុកជាកំហុសធម្មតា តែអ្វីដែលជាកំហុសធ្ងន់ធ្ងរនោះ គឺនៅពេលដែលមានការរិះគន់ហើយ ក្នុងនាមជាពិធីករ ពិធីការិនីបែបជាជេរបញ្ជោរឬប្រើប្រាស់អសីលធម៌ទៅមហាជនវិញ ដែលជានេះជាកំហុសវិជ្ជាជីវៈដែលមិនអាចលើកលែងបានឡើយ ។
លោករដ្ឋមន្រ្តីបានបញ្ជាក់ទៀតថា ប្រសិនជាមានការសម្របសម្រួលកម្មវិធី ABC 3 ស្ព្រីង អាចនឹងឲ្យដំណើរការឡើងវិញបាន ប៉ុន្តែពិធីករ ពិធីការិនីដែលបានជេរមហាជនគឺមិនអនុញ្ញាតឲ្យមានមុខ ឬសំឡេងក្នុងប្រព័ន្ធផ្សព្វផ្សាយទេ ព្រោះបានជាប់ក្នុងបញ្ជីខ្មៅហើយ ប៉ុន្តែបើពីរបីឆ្នាំក្រោយមកមានការកែខ្លួន ប្រហែលជាអាចយកមកពិចារណាបន្តទៀត ៕ ប្រាថ្នា
លោក ខៀវ កាញារីទ្ធ រដ្ឋមន្រី្តក្រសួងព័ត៌មាន