ខេត្តកំពង់ឆ្នាំង៖ ក្រុមជនសង្ស័យ៧នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានជាបន្តបន្ទាប់ ក្រោយពីក្រុមជនសង្ស័យបានធ្វើសកម្មភាពប្រើប្រាស់ និង ចែកចាយថ្នាំញៀន ៣កន្លែងផ្សេងៗគ្នា ។
ប្រតិបត្តិការនេះ គឺចាប់ផ្តើមធ្វើពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ នៅស្រុករលាប្អៀរ និង ក្រុងកំពង់ឆ្នាំង ។
សមត្ថកិច្ចបានអោយដឹងទៀតថា កាលពីវេលាម៉ោង១៦និង២០នាទី នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ កំលាំងអធិការដ្ឋាននគរបាលស្រុករលាប្អៀរ សហការជាមួយជំនាញខេត្ត បានចុះបង្ក្រាបករណីផ្តល់ទីតាំង និងប្រើប្រាស់គ្រឿងញៀននៅចំណុចរោងចិញ្ចឹមជ្រូករបស់ឈ្មោះសាត់ សាវឿន ភូមិបាញ់ឆ្គោលឃុំជ្រៃបាក់ ស្រុករលាប្អៀរ ឃាត់ខ្លួនបាន៥នាក់ ១.ឈ្មោះវឿន ណាវី ភេទប្រុស អាយុ២៤ឆ្នាំ ២.ឈ្មោះ ពៅ បារាំង ភេទប្រុស អាយុ១៩ឆ្នាំ ៣.ឈ្មោះរ៉ែន មករា ភេទប្រុស អាយុ១៧ឆ្នាំ ទាំងបីនាក់ នៅភូមិបាញ់ឆ្គោល ឃុំជ្រៃបាក់ ។ ៤.ឈ្មោះ សយ រ៉ាក់ឆានុន ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិស្ពករាជ ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ និង ៥.ឈ្មោះឱស វណ្ណារត្ន័ ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
ក្នុងពេលឃាត់ខ្លួន សមត្ថកិច្ចដកហូតបាន-ថ្នាំញៀន២កញ្ចប់តូច (១ធំ ១កញ្ចប់) ដាវចំនួន២ដើម កាំភ្លើងខ្យល់១ដើម និងសម្ភារជក់មួយចំនួន។
ដោយឡែកកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ បានឃាត់ជនសង្ស័យចំនួន២នាក់ នៅសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ទី១.ឈ្មោះ សន សុភា ភេទប្រុស អាយុ១៩ឆ្នាំ និងទី២ឈ្មោះសំ កក្កដា ហៅដូង អាយុ១៩ឆ្នាំ រស់នៅសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ក្នុងពេលឃាត់ខ្លួន សមត្ថកិច្ចរកឃើញថ្នាំញៀន២កញ្ចប់ ហើយឈានទៅឃាត់ខ្លួនម្នាក់ទៀត ឈ្មោះ ចាន់សុខ ណៃ ភេទប្រុស អយុ២២ឆ្នាំ រស់នៅភូមិចារថ្មី ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង រកឃើញថ្នាំញៀនមួយកញ្ចប់ ។
សមត្ថកិច្ចបានអោយដឹងថា កិច្ចប្រតិបត្តិការនេះ ដោយសារមានកិច្ចសហការល្អជាមួយអាជ្ញាធរមូលដ្ឋាន និង ប្រជាពលរដ្ឋក្នុងការផ្តល់ព័ត៌មានមុខសញ្ញាជនសង្ស័យដែលធ្វើសកម្មភាពចែកចាយ និងប្រើប្រាស់គ្រឿងញៀន ។ ជនសង្ស័យទាំងនេះ ត្រូវបានសមត្ថិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការបន្តទៅតាមនីតិវិធី ៕ ចន្ថា