ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌព្រែកព្នៅបានឃាត់ខ្លួនជនដៃដល់ជានាយផ្នែកនគរបាលអត្តសញ្ញាណកម្មខណ្ឌព្រែកព្នៅម្នាក់បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីដាក់ពិន័យនិងចាត់ការតាមច្បាប់ បន្ទាប់ពីផឹកស្រវឹងមានទំនាស់គ្នាជាមួយគូបដិបក្ខ យកចាននិងកែវគប់ទៅលើគូទំនាស់ និងទាញកាំភ្លើងខ្លីបាញ់៤គ្រាប់ទៀត បណ្តាយឱ្យមន្ត្រីនគរបាលប៉ុស្តិ៍សំរោងម្នាក់ បាក់កំភួនជើងស្តាំរបួសធ្ងន់ ។
ហេតុការណ៍ផ្ទុះអាវុធដោយសារទំនាស់ក្នុងវង់ផឹកស៊ីនេះ បង្កឱ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥ និង៥០នាទីល្ងាចថ្ងៃទី២៤ មករា ស្ថិតនៅមុខប៉ុស្តិ៍សំរោង តាមផ្លូវលេខ១៥១ ស្ថិតនៅភូមិសំរោងខាងត្បូង ក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនបង្កដែលត្រូវឃាត់ខ្លួនឈ្មោះទឹម សៅសុភក្កិ អាយុ៣៤ឆ្នាំ ឋានន្តរស័ក្តថ្នាក់អនុសេនីយ៍ទោជានាយផ្នែកអត្ត សញ្ញាណកម្មនៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ។ ចំណែកអ្នករងរបួសឈ្មោះទឹម វណ្ណថេត ភេទប្រុស អាយុ២៧ឆ្នាំ ជាមន្ត្រីនគរបាលប៉ុស្តិ៍សំរោង មានលំនៅភូមិកើតហេតុខាងលើ (រងរបួស១គ្រាប់ចំកំភួនជើងស្តាំ) ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ ជនរងគ្រោះនិងជនបង្ក រួមទាំងមន្ត្រីនគរបាលប៉ុស្តិ៍ទាំងអស់ប្រមាណ៥ ទៅ៦នាក់ ក្នុងនោះមានពលរដ្ឋម្នាក់ឈ្មោះញឹម សុភា ភេទប្រុស អាយុ៣០ឆ្នាំផងបាននាំគ្នាផឹកស្រាបៀរអស់២កេសហើយស្រវឹង គ្រប់ៗគ្នា។បន្ទាប់មក ជនបង្កឈ្មោះ ទឹម សៅសុភក្កិ បានមានទំនាស់ជាមួយឈ្មោះញឹម សុភា ពីរឿងនិយាយថា «មាន ក្រ» ។បន្ទាប់ពីមានទំនាស់ពាក់្យសម្តីគ្នា គេឃើញជនដៃដល់បានយកកែវ និងចានគប់ទៅលើគូទំនាស់ ហើយនិយាយថា អូសក្បាលវាចេញឱ្យឆ្ងាយពីមុខអញ បើពុំនោះទេ អញបាញ់វាចោលឥឡូវ? ពេលឃើញដូច្នេះ មន្ត្រីនគរបាលដែលផឹកជាមួយគ្នាបានឃាត់ និងបាននាំគ្នា ចាប់ដៃឱ្យចូលក្នុងរថយន្តរួចជិះចេញទៅទិសខាងលិចបាត់ទៅ ។
ប្រភពដដែលបានឲ្យដឹងទៀថា មួយសន្ទុះក្រោយមកមិនដឹងរឿងអីជនដៃដល់ក៏ត្រឡប់មកវិញ ហើយចុះពីលើរថយន្តដកកាំភ្លើងខ្លី បាញ់ឡើងលើគំរាមចំនួន៣គ្រាប់ និងលើកកាំភ្លើងតម្រង់ មកគូទំនាស់ ហើយឈ្មោះទឹម វណ្ណថេត ដែលជាមន្ត្រីនគរបាលប៉ុស្តិ៍ បានទៅឃាត់ហើយ ផ្ទុះអាវុធ១គ្រាប់ទៀត បណ្តាលឱ្យត្រូវជើងគាត់មួយគ្រាប់តែម្តង ។ពេលឃើញសភាពការណមិនស្រួលជនដៃដល់បានគេចខ្លួន តែក្រោយមក ត្រូវបានអង្គភាពឃាត់ខ្លួនបានបញ្ជូនទៅស្នការដ្ឋាននគរបាលរាជធានីនិងបានដើររើសសំបកគ្រាប់បានចំនួន៤គ្រាប់ផងដែរ។
បើយើងតាម ពាក្យបណ្តឹងរបស់ឈ្មោះញឹម សុភា ឱ្យដឹងថា នៅពេលផឹកស្រវឹងនោះឈ្មោះទឹម សុភក្កិ និយាយថា ខ្លួនគេជាអ្នកក្រ ខណៈនោះខ្លួនក៏បានតបថា បើនិយាយពីរឿងក្រ ខ្ញុំគ្មាននរណាក្រជាងខ្ញុំទេ ហើយក៏កើតទៅជាទំនាស់ពាក្យសម្តីគ្នា ហើយឈ្មោះទឹម សុភក្តិ ទាញកែវនិងចានគប់មកលើខ្លួន និងដកអាវុធបាញ់ឡើងលើ និងបាញ់តម្រង់ខ្លួន តែត្រូវបានលោកកទឹម វណ្ណថេតជាមន្រី្តនគរបាលប៉ុស្តិ៍សំរោងទៅឃាត់ បណ្តាលឱ្យមន្រី្តនករបាសលរូបនេះរងរបួសតែម្តងទៅ ៕ ប្រាថ្នា