ភ្នំពេញ៖ ទីបំផុត ក្រុមអាណាចក្របៃតងអតីតម្ចាស់ជើងឯកឆ្នាំចាស់ បានត្រឹមចំណាត់ថ្នាក់លេខ៣ប្រចាំរដូវកាល ពានរង្វាន់បាល់ទាត់ Soccer Leagueលើកទី៤ឆ្នាំ២០១៧ ក្រោយពីលេងឈ្នះក្រុមយុវជនឆន្ទៈកីឡា ក្នុងលទ្ធផលបច្ចេកទេស ៤ទល់២ កាលពីល្ងាចថ្ងៃទី២៥ខែមករាឆ្នាំ២០១៧ នៅទីលានពហុកីឡដ្ឋានជាតិ ។
កម្មភាពប្រកួត រវាងក្រុងទាំង២ក្នុងវគ្គចុងក្រោយនេះ ត្រូវទស្សនិកជនមើលឃើញថា ហាក់មានភាពផុយស្រួយ បន្តិច ខុសប្លែកពីការប្រកួត ក្នុងវគ្គជម្រុះដណ្តើមកៅអី ។ ដោយកីឡាករម្នាក់ៗពុំសូវមានកម្លាំងចិត្ត ក្នុងការប្រកួត ក្រោយពីលេងធ្លាក់ពីតំណែងម្ចាស់ជើងឯក និងជើងឯករង សម្រាប់រដូវកាល២០១៧នេះ កាលពីថ្ងៃទី២២ និង២៣ខែមករាកន្លងទៅ។ គឺក្រុម អាណាចក្របៃតងលេងចាញ់ ក្រុមសាលាខណ្ឌពោធិសែនជ័យ ក្នុងលទ្ធផល២-០និងក្រុមយុវជនឆន្ទៈកីឡា លេងចាញ់ក្រុម សហភាពសហព័ន្ធយុវជន កំចាយមា ក្នុងលទ្ធផល១-០។
ចំពោះគ្រាប់ដែលកីឡាករក្រុមទាំង២ រកបានក្នុងលទ្ធផល៤ទល់២នោះ គឺ ចាប់ផ្តើមបាន២៥នាទី កីឡាករ ស្រ៊ុយ តាយឃាង ពាក់អាវលេខ១១ របស់ក្រុម យុវជនឆន្ទៈកីឡាធ្វើបានសម្រេច១គ្រាប់ នៅវគ្គទី១នៃការប្រកួតនេះ ប៉ុន្តែការនាំមុខមុនរបស់ ក្រុមឆន្ទៈកីឡា បានត្រឹមតែ១០នាទីប៉ុណ្ណោះ ធ្វើឲ្យកីឡាករ ឡាក់ ភីរុណពាក់អាវលេខ១០ របស់ក្រុមអាណាចក្របៃតងមានឱកាសទាត់បាល់បញ្ចូលទី ក្រុមឆន្ទៈកីឡាតាមស្មើ១-១វិញ និង៥នាទីក្រោយ ពោលគឺនៅម៉ោងបន្ថែម៤៥នាទីបូក២នាទី កីឡាករ ពេជ្រ ស៊ីណា ពាក់អាវលេខ១៩ធ្វើបានសម្រេច១គ្រាប់ទៀត នាំឲ្យលទ្ធផលការប្រកួតក្នុងវគ្គទី១ ក្រុមអាណាចក្របៃតង នាំមុខក្រុមឆន្ទៈកីឡា២-១ជាបណ្តោះអាសន្ន។
ដោយឡែក សកម្មភាពលេងក្នុងវគ្គទី២ ក្រុមឆន្ទៈកីឡា រកបានគ្រាប់បាល់ស្មើជាមួយក្រុម អាណាចក្របៃតង់វិញ នៅនាទី៥០ ដោយកីឡាករសេង ពិទូរ្យពាក់អាវលេខ១០ក្រោយពីទទួលបានការណែនាំរបស់គ្រូបង្វឹកខ្លួន ។ លទ្ធផលស្មើ២-២ មិនបានយូរប៉ុន្មានឡើយ កីឡាករ ឡាក់ ភីរុណ និងព្រជ្រ ស៊ីណា របស់ក្រុមអាណាចក្របៃតង បន្តរកគ្រាប់ឲ្យខ្លូនបន្ថែមទៀត គឺនៅនាទី ៦៧ និង៨៦ ធ្វើឲ្យលទ្ធផលចប់ការប្រកួត ដណ្តើមពានរង្វាន់ Soccer League រដូវកាលទី៤ឆ្នាំ២០១៧ ចំណាត់ថ្នាក់លេខ៣បានទៅលើក្រុម អាណាចក្របៃតង និងចំណាត់ថ្នាក់លេខ បានទៅក្រុម ឆន្ទៈកីឡា ៕ សារីម