ខេត្តកណ្តាលៈ សមត្ថកិច្ចបានឃាត់ខ្លួនបុរសសង្ស័យម្នាក់ ពាក់ព័ន្ធករណីបង្កហិង្សាដោយចេតនា យកដែកបំពង់ទីបវាយទៅលើម្តាយក្មេក និងបងថ្លៃ ខណៈព្យាយាមចូលទៅឃាត់រូបគេកំពុងប្រតាយប្រតប់ជាមួយប្រពន្ធរឿងប្រចណ្ឌនោះ ។
ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១៥និង២០នាទី ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅភូមិព្រែកតាសៅ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ។
សមត្ថកិច្ចបានបញ្ជាក់នៅក្នុងរបាយការណ៍ថា ជនរងគ្រោះ ឈ្មោះ រិន សុខរី ហៅបាក់ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិ ខ្មែរមុខរបរ កម្មករសំណង់ ត្រូវជាបងថ្លៃជនសង្ស័យ មានស្នាមមុតក្បាលខាងឆ្វេងមួយកន្លែង និងមុតម្រាមដៃពីរកន្លែង និងឈ្មោះ ជី ទូច ភេទស្រី អាយុ៦៥ឆ្នាំ ជនជាតិ ខ្មែរ ត្រូវជាម្តាយក្មេកជនសង្ស័យ រងរបួសស្នាមមុតក្បាលមួយកន្លែង ។
ជនរងគ្រោះទាំងពីរនាក់ខាងលើ មានទីលំនៅភូមិព្រែកតាសៅ ឃុំ ស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ។ រីឯជនសង្ស័យ ដែលសមត្ថកិច្ចឃាត់ខ្លួន ឈ្មោះ រិន វ៉ាត ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ ជាកូនប្រសារ និងប្អូនថ្លៃជនរងគ្រោះទាំងពីរនាក់ មុខរបរកម្មករបេះផ្លែស្វាយ មានទីលំនៅភូមិព្រែកតាសៅ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ។
សមត្ថកិច្ចបញ្ជាក់ថា វត្ថុតាងចាប់យក៖ ដែកសសៃរាងអក្សរ V ចំនួនមួយដើម ដែលជនសង្ស័យប្រើប្រាស់ជាមធ្យោបាយបង្កអំពើហិង្សាលើជនរងគ្រោះ ។
ប្រភពបន្តថា នៅថ្ងែទី២៩ ខែមករា ឆ្នាំ២០១៧វេលាម៉ោង១៥និង២០នាទីមានឈ្មោះ រិន វ៉ាតបាន ប្រតាយប្រតបជាមួយប្រពន្ធឈ្មោះ រិន ពិសី អាយុ២៩ឆ្នាំ ដោយសាររឿងប្រចណ្ឌ ស្ថិតនៅក្រោមផ្ទះឈ្មោះ ជី ទូច ភ្លាមនោះឈ្មោះ រិនសុខរី បានចូលឃាត់ ក៏ត្រូវឈ្មោះរិន វ៉ាត យកដែកវាយត្រូវក្បាល និងដៃឈ្មោះរិន សុខរី ចំនួនមួយដែក ហើយឈ្មោះ ជី ទូច បានចូលឃាត់បន្ថែមទៀត ត្រូវបានឈ្មោះរិន វ៉ាត វាយត្រូវក្បាលឈ្មោះជី ទូច ចំនួនមួយដែកហូរឈាមតែម្តង។
ក្រោយមក សមត្ថកិច្ចប៉ុស្តិ៍ស្វាយប្រទាលបានចុះអន្តរាគមន៍ដល់ កន្លែងកើតហេតុ និងបានឃាត់ខ្លួនជនសង្ស័យ រួមទាំងវត្ថុតាងដើម្បីបន្ដ អនុវត្តន៍តាមនីតិវិធី។
ចំណែកជនរងគ្រោះត្រូវ បានក្រុមគ្រួសារនាំទៅព្យាបាលរបួលនៅមន្ទីរពេទ្យ ៕