ភ្នំពេញ៖ សម្រាប់សប្តាហ៍ទី៣ នៃការប្រកួតកីឡាប្រដាល់ក្បាច់គុនបុរាណខ្មែរ ដណ្តើមពានរង្វាន់ TV5 KNOCK OUT SERIES ប្រភេទទម្ងន់៦០គីឡូក្រាមបានរកឃើញ កីឡាករ២នាក់បន្ថែមទៀត កាលពីល្ថាចថ្ងៃទី២៧ខែមករាឆ្នាំ២០១៧ នៅសង្វៀនទូរទស្សន៍ប៉ុស្តិ៍លេខ៥ អារីណា គឺកីឡាករ វេង សុភ័ក្រ មកពីក្លិបកងពលតូចឆត្រយោងលេខ៩១១ និងកីឡាករ ឃីម បូរ៉ាមកពីក្លិបរស្មីភូមិគាប ខេត្តបន្ទាយមានជ័យ ឈ្នះកៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រោយពីវាយផ្តួលនិងយកឈ្នះដៃគូប្រកួតរៀងៗខ្លួន។
សម្រាប់ការប្រកួតកីឡាករ វេង សុភ័ក្រ និងកីឡាករ សំណាង សម្បត្តិ មកពីក្លិបដួងសែនសុខគុនខ្មែរ ត្រូវបានអ្នកទស្សនាកត់សម្គាល់ឃើញថា សំណាង សម្បត្តិ ចាញ់ប្រៀប វេង សុភ័ក្រតាំងពីចាប់ផ្តើមប្រកួតទឹកទី១ម្លេះ។ មានកត្តាជាច្រើនដែលបង្ហាញពីលក្ខណៈឈ្នះមុនការប្រកួត រវាងកីឡាករ វេង សុភ័ក្រ និង សំណាង សម្បត្តិ ។ជាក់ស្តែង រយៈពេលប្រកួត២ទឹកក្នុងចំណោម៣ទឹក កីឡាករ សំណាង សម្បត្តិត្រូវ វេង សុភ័ក្រប្រើស្នៀតជង្គង អុកទៅលើពោះបណ្តាលឲ្យអាជ្ញាកណ្តាលរាបចំនួន៤ដង។ ដោយសារកាយសម្បទារបស់សម្បត្តិមិនអាចរងនូវការវាយសន្ធប់ និងស៊ូទ្រាំតស៊ូជាមួយស្នៀតជង្គង របស់ វេង សុភ័ក្រមិនលោកអាជ្ញាកណ្តាលសម្រេចបញ្ឈប់ការប្រកួត ត្រឹមទឹកចុងទឹកទី២ ដូច្នេះកីឡាករ វេង សុភ័ក្រទទួលបានកៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ តាមរយៈប្រើស្នៀតជង្គងផ្តួលដៃគូប្រកួតឲ្យចុះចាញ់។
ដោយឡែកកីឡាករ ឃីម បូរ៉ា និងកីឡាករ ឈាង សារុន មកពីពន្លឺណេអុង ពួកគេបានធ្វើឲ្យអ្នកទស្សនា ជក់ចិត្តខ្លាំង តាមបទពិសោធន៍វាយនៅលើសង្វៀនដ៏ប៉ិនប្រសប ។ ឃីម បូរ៉ា អាចមានប្រៀបឈ្នះសារុនដោយពិន្ទុបានយ៉ាងប្រផុតប្រផើយនោះគឺស្នៀតកណ្តាប់ដៃ វាយបកសងភ្លាមៗ ដោយមិនចាំយូឡើង មានន័យថា សងទៅសងមក ប៉ុន្តែ ឃីម បូរ៉ា វាយចំគោលដៅបានល្អជាង សារុន ក្នុងចំណោម៣ទឹកនោះ។
គួររំលឹកថា ចំពោះការប្រកួតកីឡាប្រដាល់ក្បាច់គុនបុរាណខ្មែរ ដណ្តើមពានរង្វាន់TV5 KNOCK OUT SERIES ប្រភេទទម្ងន់៦០គីឡូក្រាម នឹងបញ្ចប់វគ្គប្រកួតជម្រុះ១៦ នៅសប្តាហ៍នេះ រួចបន្តធ្វើការប្រកួតវគ្គ៨នាក់ចុងក្រោយ ដើម្បីស្វែងរកកីឡាករតែ៤នាក់ប៉ុណ្ណោះ សម្រាប់ប្រកួតផ្តាច់ គ្រងតំណែងកំពូលជើងឯក TV5 KNOCK OUT SERIES ប្រភេទទម្ងន់៦០គីឡូក្រាមអមជាមួយថវិកាចំនួន៤ពានដុល្លារ សម្រាប់កីឡាករចំណាត់ថ្នាក់លេខ១៕ សារីម