ព័ត៌មានទាន់ហេតុការណ៍៖

យ៉ែម ស្រីពេជ្រ ជួបទុក្ខធំ ព្រោះបងប្រុសជាទីស្រឡាញ់ស្លាប់

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែងកញ្ញាយ៉ែម ស្រីពេជ្រ បានជួបទុក្ខជាទម្តន់ ក្រោយពីបងប្រុសបង្កើតជាទីស្រឡាញ់បានបាត់បង់ជីវិត ដោយសារជំងឺខ្សល់គរ ។ ក្រោយការស្លាប់នេះ នាងនឹងបាត់បង់ប្អូនបង្កើតម្នាក់ទៀត ក្រោយពីបងប្អូននាង៤នាក់ទៀត បានស្លាប់កាលពីពេលកន្លងទៅ ។

យ៉ែម ស្រីពេជ្រ បានធ្វើឲ្យអ្នកគាំទ្រ និងអ្នករួមអាជីពបង្ហាញពីអារម្មណ៍ខ្លោចចិត្តអាណិតនាងជាពន់ពេក ក្រោយពីបងប្រុសបង្កើតជាទីស្រឡាញ់បានស្លាប់ចោលភ្លាមៗ។ បងប្រុសបង្កើតរបស់តារាសម្តែងយ៉ែម ស្រីពេជ្រ ឈ្មោះរិទ្ធ ណាណូ អាយុ២៣ឆ្នាំ បានដេកស្លាប់នៅលើគ្រែដោយមិនដឹងមូលហេតុ ដែលគេសង្ស័យថា ស្លាប់ដោយសារជំងឺខ្សល់គរកាលពីថ្ងៃទី២៨ ខែមករានេះ។

កញ្ញាយ៉ែម ស្រីពេជ្រនិយាយថា នាងពិតជាពិបាកក្នុងការទទួលយកស្ថានភាពពេលនេះ ព្រោះតែបងប្រុសជាទីស្រឡាញ់បានបាត់បង់ជីវិតទាំងវ័យក្មេង។ នាងបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២៨ ខែមករា គឺមួយថ្ងៃបន្ទាប់នាង និងគ្រួសារប្រារព្ធពិធីសែនចូលឆ្នាំចិន នាងបានទៅដាស់បងប្រុសឲ្យងើបពីគេង ទើបដឹងថា បងប្រុសនាងបានស្លាប់ ប៉ុន្តែដោយសភាពសាកសពនៅទន់ដៃ ជើង ទើបនាងនិងក្រុមគ្រួសារមិនអស់ចិត្ត បានដឹកបញ្ជូនទៅមន្ទីរពេទ្យដើម្បីពិនិត្យទើបដឹងថា បងប្រុសនាងបានស្លាប់បាត់ទៅហើយ។

តារាស្រីវ័យ១៩ឆ្នាំរូបនេះ បញ្ជាក់ដែរថា នៅថ្ងៃសែនចូលឆ្នាំចិនបងប្រុសនាងនៅជួបជុំគ្នាលេងសប្បាយជាមួយប្អូនៗ និងមិនមានសញ្ញាណាមួយបញ្ជាក់ថា បងប្រុសនាងមានជំងឺប្រចាំកាយនោះទេ។ នាងថា បងប្អូននាងសរុបទាំងអស់៨នាក់ ស្រី៤នាក់ ដែលបងស្រីបងប្រុសនាង៣នាក់បានស្លាប់ដោយសារលង់ទឹកក្នុងស្រះជាមួយគ្នាហើយប្អូនស្រីម្នាក់ទៀតបានស្លាប់កាលពីប៉ុន្មានឆ្នាំកន្លងទៅ។ នាងថា នាង និងក្រុមគ្រួសារពិតជាពិបាកក្នុងការទទួលយកសភាពនៃការបាត់បង់សមាជិកក្រុមគ្រួសារបន្តបន្ទាប់គ្រាដែលម្តាយនាងសន្លបបាត់ស្មារតីម្តងៗ រីឯឪពុកនាងមានជំងឺលើសឈាម និយាយ និងដើរមិនកើត និងនៅសល់ តែនាងដែលជាជំហរក្នុងគ្រួសារ ព្រោះតែបងប្រុសម្នាក់បានចេញទៅរស់នៅប្រទេសកាណាដា។ នាងបញ្ជាក់ថា នាងពិតជាពិបាកក្នុងខ្លួនដែលស្ទើរតែផុតដង្ហើមសន្លប់ម្តងៗ ពេលនឹកឃើញដល់បងប្រុសហើយនាងលួចពួនយំមិនឲ្យម្តាយដឹងពីភាពទន់ខ្សោយរបស់នាងបាន។

នាងថាបងប្រុសម្នាក់នេះ មិនដែលសម្ដីអាក្រក់ដាក់ប្អូន និងមិនដែលវ៉ៃនាងសូម្បីមួយដៃ ហើយនាងតែងនឹកឃើញពីការអាណិតស្រឡាញ់យកចិត្តទុកដាក់របស់បងប្រុសចំពោះនាង ដែលនាងស្ទើរតែរត់ចេញមិនចង់ឃើញសភាពក្នុងផ្ទះ និងទិដ្ឋភាពនានាដែលនាំឲ្យនឹងឃើញដល់បងប្រុសនោះ។ នាងថា កម្មវិធីបុណ្យត្រូវបានជួយដោយអ្នកភូមិស្រុកគ្រាដែលនាងត្រូវរត់ចុះឡើងស្ទើរខ្សោះខ្សល់ក្នុងខ្លួនហើយក៏មិនមានមិត្តភ័ក្កិច្រើនបានដឹង និងចូលរួមដែរព្រោះតែចំថ្ងៃសម្រាកក្រោយពិធីចូលឆ្នាំចិនភ្លាមៗ។

គួរបញ្ជាក់ដែរថា ពិធីបុណ្យសពរបស់បងប្រុសនាង ត្រូវបានធ្វើឡើងនៅផ្ទះនាងនាភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ជិតរង្វល់មូលចោមចៅដែលពិធីបូជាសព នឹងត្រូវធ្វើឡើងនៅរាត្រីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ និងបន្តរៀបចំពិធីនិមន្តព្រះសង្ឃរាប់បាត្រនៅថ្ងៃសុក្រ ទី៣ ខែកុម្ភៈខាងមុខនេះ។ សម្រាប់សិល្បករជាមិត្តរួមអាជីពដែលមានបំណងចូលរួមពិធីបុណសព និងបុណ្យគម្រប់៧ថ្ងៃអាចចូលរួម និងទំនាក់ទំនងបានតាមលេខទូរស័ព្ទលេខ086876455 ៕ វឌ្ឍនា

1 2 5 as ew y


ចែករំលែក៖