ខេត្តព្រះសីហនុ៖ កម្មការិនីប្រមាណ៣០នាក់ បានដួលសន្លប់ជាបន្តបន្ទាប់ ក្នុងចំនួនកម្មករ-កម្មការិនីប្រមាណ៤០០នាក់ នៃ រោងចក្រផលិតកាបូបស្ពាយ យីហោ យូមីហុង ក្រុមហ៊ុន រ៉ូមែនធីតលេឌើរ ខេមបូឌែរ ដែលមានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ច ពិសេសស្ថិតក្នុងភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
យោងតាមការផ្តល់ព័ត៌មានពីកម្មការនីរោងចក្រខាងលើបានឲ្យដឹងថា ហេតុការណ៍ដួលសន្លប់ជាបន្តបន្ទប់បានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ ខណៈដែលកម្មករ-កម្មការិនីនៃរោងចក្រខាងលើកំពុងតែបំពេញការងារទៅតាមជំនាញរៀងៗខ្លួន ហើយក៏ត្រូវដួលសន្លប់ជាបន្តបន្ទាប់។
ស្របពេលជាមួយគ្នាខាងលើនេះ កម្មការិនីដែលរងគ្រោះ ដួលសន្លប់ត្រូវបាន ក្រុមគ្រូពេទ្យ ប្រចាំការនៅរោងចក្រខាងលើសង្គ្រោះបឋម ប៉ុន្តែ ដោយសារតែអ្នករងគ្រោះទាំងអស់មិនមានភាពធូរស្រាល ក៏ត្រូវបានបញ្ជូនតាមរថយន្តមកព្យាបាលនៅគ្លីនិក ឯកជន ក្រុងព្រះសីហនុ។
តាមការសន្និដ្ឋាន ជាបឋម របស់ ក្រុមគ្រូពេទ្យគ្លីនិកឯកជនបានឲ្យដឹងថា ហេតុការណ៍ដួលសន្លប់របស់កម្មការិនីខាងលើនេះ បណ្តាលមកពីអ្នករងគ្រោះខ្វះជាតិស្ករច្រើន។
នៅក្នុងពេលដែលកម្មការិនី កំពុងតែសង្គ្រោះបន្ទាន់ និងសម្រាកព្យាបាល ក៏មានវត្តមាន លោកយន្ត-មីន អភិបាលខេត្តព្រះសីហនុ អញ្ជើញចុះសាកសួរសុខទុក្ខដល់គ្លីនិកព្យាបាល និងបានជូនជាថវិកាដល់កម្មការិនីដែលរងគ្រោះទាំងអស់ក្នុងម្នាក់ៗទទួលបាន៤០០០០រៀល។
ទោះបីជាយ៉ាងណានៅក្នុងហេតុការណ៍ខាងលើនេះ មិនបណ្តាលឲ្យបាត់បង់ដល់អាយុជីវិតកម្មការិនីដែលរងគ្រោះខាងលើនោះទេ ៕ ឆ្លាម សមុទ្រ