ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋាភិបាលអាល្លឺម៉ង់ចំណាយថវិកា៥០០លានដុល្លារអាមេរិកដល់ប្រទេសកម្ពុជា ចាប់ពីឆ្នាំ១៩៩២ ដល់២០១៥

ចែករំលែក៖

ភ្នំពេញៈ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និង លោក ហ៊ុយ សារ៉ាវុធ អនុរដ្ឋលេខាធិការក្រសួងព័ត៌មានតំណាង លោក ខៀវ កាញារីទ្ធរដ្ឋមន្ត្រីក្រសួងព័ត៌មានបានអញ្ជើញធ្វើជាអធិបតីនៅក្នុងពិធីខួបអនុស្សាវរីយ៍១០ឆ្នាំរបស់អង្គការផ្ទះមេត្តា(Meta House) ស្ថិតនៅមហាវិថីសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីរាត្រីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧នេះ ។

លោក នីកូ ម៉ាស្ទ័រហាម ( Nico Masterham)ប្រធានអង្គការផ្ទះមេត្តាបានមានប្រសាសន៍ថា មជ្ឈមណ្ឌលវប្បធម៌កម្ពុជា អាល្លឺម៉ង់ដែលបានស្គាល់ឈ្មោះថា «ផ្ទះមេត្តា(Meta House)» គឺបង្កើតឡើងនៅក្នុងផ្ទះឯកជនមួយកាលពីខែមករា ឆ្នាំ២០០៧ ។ លុះឆ្នាំ២០១០ ក៏បានបើកស្ថាប័នផ្ទះខ្លួននៅតាមបណ្តោយមហាវិថីសុធារស។

លោកបានបន្តថា ផ្ទះមេត្តាគឺជាដៃគូរកម្ពុជារបស់មូលនិធិវប្បធម៌អាល្លឺម៉ង់ វិទ្យាស្ថាន Goetheដែលជាវិទ្យាស្ថានវប្បធម៌សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ដែលប្រតិបត្តិការនៅទូទាំងពិភពលោក។ គោលបំណងរបស់ផ្ទះមេត្តាគឺលើកកម្ពស់ផ្លាស់ប្តូរវប្បធម៌គ្នារវាងប្រទេសកម្ពុជាជាមួយប្រទេសជិតខាង និងប្រទេសលោកខាងលិច។ ជាមួយគ្នានេះ វាក៏ស្ថិតលើគោលបំណងដើម្បីបំពេញតាមតម្រូវការរបស់ប្រជាជនកម្ពុជាផ្នែកវប្បធម៌ដោយខិតខំឲ្យមានការចូលរួមពីសំណាក់មនុស្សគ្រប់វ័យក្នុងការបង្កើត ត្រិះរិះពិចារណា វាយតម្លៃនិងការកោតសរសើរសិល្បៈ។

និយាយដល់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអាល្លឺម៉ង់ លោក ហ៊ុយ សារ៉ាវុធ អនុរដ្ឋលេខាធិការក្រសួងព័ត៌មានបានមានប្រសាសន៍ថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការកិច្ចសហប្រតិបត្តិការដ៏ល្អរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអាល្លឺម៉ង់ចាប់តាំងពីឆ្នាំ២០១២ មកដែលព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់បានចុះហត្ថលេខានូវកិច្ចព្រមព្រៀងចំនួន២គឺសហប្រតិបត្តិការហិរញ្ញវត្ថុនិងកិច្ចសហប្រតិបត្តិការបច្ចេកទេសដែលមានថវិកា៣០,១លានអឺរ៉ូ។ កិច្ចព្រមព្រៀងទាំងពីរនោះគឺបានគ្របដណ្តប់គាំទ្រដល់ការអនុវត្តគម្រោងនិងវិស័យអាទិភាពនានាដូចជា សុខភាព ការអភិវឌ្ឍន៍ជនបទនិងអភិបាលកិច្ចល្អពោលគឺគាំទ្រការអនុវត្តគម្រោងក្នុងការធ្វើកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ។ ការគាំទ្រពីរដ្ឋាភិបាលអាល្លឺម៉ង់គឺជាការចូលរួមចំណែកយ៉ាងសំខាន់សម្រាប់ភាពជោគជ័យនៃការកាត់បន្ថយភាពក្រីក្រនៅប្រទេសកម្ពុជា។

លោកបានបន្តថា កាលពីខែតុលាឆ្នាំ២០១៦កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជានិងអាល្លឺម៉ង់បានរៀបចំកិច្ចពិគ្រោះយោបល់បច្ចេកទេសលើសហប្រតិបត្តិការអភិវឌ្ឍដើម្បីពិនិត្យវឌ្ឍនភាពដែលបានអនុវត្តលើគម្រោងសហប្រតិបត្តិការនៅកម្ពុជា។ ភាគីទាំងពីរបានពិភាក្សាអំពីសំណើរបស់កម្ពុជាសម្រាប់គម្រោងថ្មីចំនួន៩ផងដែរដែលមានតម្លៃ៥២លានអឺរ៉ូរវាងឆ្នា ២០១៨.២០២០ដែលគម្រោងថ្មីនេះផ្តោតទៅលើវិស័យអាទិភាព៣រួមមានសុខភាព, អភិវឌ្ឍន៍ជនបទនិងអភិបាលកិច្ចល្អ។ លើសពីនេះទៅទៀតប្រទេសអាល្លឺម៉ង់បានផ្តល់ថវិកាចំនួនួ៣០លានអឺរ៉ូប្រហែលជា៣៤លានដុល្លារអាមេរិកក្នុង១ឆ្នាំដល់កម្ពុជាសម្រាប់កិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុនិងបច្ចេកទេស។ ចាប់ពីឆ្នាំ១៩៩២ដល់ឆ្នាំ២០១៥រដ្ឋាភិបាលអាល្លឺម៉ង់បានចំណាយថវិកា៥០០លានដុល្លារអាមេរិកដល់ប្រទេសកម្ពុជាគឺស្មើនឹង២,៧ភាគរយនៃហិរញ្ញវត្ថុទូទៅដែលផ្តល់ដោយដៃគូអភិវឌ្ឍ ៕ ស តារា

unnamed (1) unnamed (2) unnamed (3) unnamed (4) unnamed (5) unnamed


ចែករំលែក៖