ខេត្តបន្ទាយមានជ័យ ៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានដឹកនាំកិច្ចប្រជុំពិភាក្សាដើម្បីរកដំណោះស្រាយលើផលប៉ះពាល់ផ្ទៃអាងស្តុកទឹកអូរខៃដន ដែលស្ថិតក្នុងភូមិសាស្ត្រស្រុកម៉ាឡៃ ខេត្ត បន្ទាយមានជ័យ ។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលាខេត្តបន្ទាយមានជ័យកាលពីព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ ដោយមានការចូលរួមពីអភិបាលនៃគណៈអភិបាលខេត្តអភិ បាលក្រុងប៉ោយប៉ែត មន្ត្រីក្រសួងបរិស្ថាន តំណាងក្រុមហ៊ុនអានកូវ៉ធើស៊ូផ្លាយ មន្ទីរ ជំនាញជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងអាជ្ញាធរមូលដ្ឋានគ្រប់ លំដាប់ថ្នាក់សរុបចំនួន៦៨នាក់។
គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ ដើម្បីរួមគ្នាស្វែងរកដំណោះស្រាយឱ្យបានសមស្របឆ្លើយតបតម្រូវការចំពោះមុខ របស់ប្រជាពលរដ្ឋទាំងនៅទីក្រុងប៉ោយប៉ែត និងប្រជាកសិករក្នងតំបន់ប៉ោយប៉ែតក៏ដូចជាបម្រើឱ្យវិស័យសេវាកម្មមួយចំនួនទៀត សំដៅធានាឱ្យបាននូវគុណភាពបរិស្ថាន ការអភិវឌ្ឍដោយចីរភាព និងការរស់នៅ ដោយសុខដុមរមនា ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ជំហររបស់ រាជរដ្ឋាភិបាលក្នុងការជំរុញឱ្យគ្រប់ភាគី ពាក់ព័ន្ធទាំងអស់រួមគ្នាដោះស្រាបញ្ហាដើម្បី ឧត្តមប្រយោជន៍របស់ជាតិ មាតុភូមិ និង ប្រជាជន ។
លោករដ្ឋមន្ត្រីបានស្នើឱ្យគណៈអភិ បាលខេត្តបន្ទាយមានជ័យពីកត្តាមួយ ចំនួនដូចជា៖
១-សិក្សាកំណត់តំបន់និងប្រភេទឧស្សា ហកម្មដែលមានលក្ខណៈសមស្របនឹង សក្តានុពលតំបន់ ។
២-សហការជាមួយអគ្គនាយកដ្ឋានរដ្ឋបាលការពារនិងអភិរក្សធម្មជាតិនៃក្រសួងបរិស្ថាន និងក្រសួងធនធានទឹក និងឧតុ និយមក្នុងការសិក្សារៀបចំផែនការស្តារ អាងធម្មជាតិសម្រាប់ស្តុកទឹកឱ្យបានត្រឹមត្រូវតាមផែនការអភិវឌ្ឍន៍ខេត្ត និងស្របតាម បទដ្ឋានបច្ចេកទេស ។
៣-សហការជាមួយអគ្គនាយកដ្ឋាន សហគមន៍មូលដ្ឋាននៃក្រសួងបរិស្ថានក្នុងការជួយរៀបចំផែនការអភិវឌ្ឍន៍ដំណាំកសិ កម្មជុំវិញអាង និងប្រែក្លាយតំបន់អាងស្តុកទឹកឱ្យទៅជាគោលដៅទេសចរណ៍ប្រកបដោយសោភណភាពនិងបរិស្ថានល្អស្អាត។
លោករដ្ឋមន្ត្រីក៏បានបញ្ជាក់អំពីភាពចាំបាច់និងអត្ថប្រយោជន៍នៃការរៀបចំតំបន់អាងស្តុកទឹកនេះឱ្យមានលក្ខណៈជាតំបន់ដីសើមដែលមានមុខងារជារបៀងអភិរក្សជីវៈចម្រុះផងដែរ ៕ ហេង សូរិយា