ភ្នំពេញ ៖ បុរសម្នាក់ខណៈតាមទាន់ប្រពន្ធរបស់ខ្លួនកំពុងដេកជាមួយប្អូនប្រុសធម៌ដណ្តប់ភួយមួយពីរនាក់ ធ្វើឲ្យទប់កំហឹងលែងបាន ស្ទុះទៅទាញទូរស័ព្ទដៃថតរូបភាពទុក រួចដើរទៅយកប៉័ងតោបំណងកាប់ប្អូនប្រុសធម៌រូបនោះ តែបែរជាត្រូវក្បាលប្រពន្ធបណ្ដាលឲ្យរយះហូរឈាមជោកក្បាលផ្អើលទាំងយប់ ។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣ និង៣០នាទីយប់ឈានចូល ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៧ នៅហាងលក់ទឹកត្នោតជូរម្តុំដីវាល ក្រោយកាណាឌីយ៉ា ស្ថិតក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
បុរសជាប្តីឈ្មោះ ខាត់ សុខា អាយុ៣៦ឆ្នាំ មុខរបរបើកហាងលក់ទឹកត្នោតជូរ និងស្រាបៀរស្នាក់នៅកន្លែងកើតហេតុ មានប្រពន្ធឈ្មោះ ព្រុំ សុភាព អាយុ៣៥ឆ្នាំ រស់នៅជាមួយគ្នា ។ ចំណែកប្អូនធម៌ដែលដេកជាមួយបងស្រីធម៌ឈ្មោះ ហម ចិន្តា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
តាមសម្តីស្រី្តរងគ្រោះជាប្រពន្ធបានឲ្យដឹងថា គាត់ជាស្ត្រីមេម៉ាយ បានស្គាល់គ្នាជាមួយបុរសឈ្មោះ ខាត់ សុខា ដែលជាបុរសមានប្រពន្ធជាច្រើននាក់៧ឆ្នាំមកហើយដោយរួមរស់ជាមួយគ្នាជាប្តីប្រពន្ធមិនបានរៀបការ និង មិនមានកូនចៅទេ ហើយប្តីរបស់គាត់ជាមនុស្សមិនសូវចេះទទួលខុសក្នុងគ្រួសារទៀតផង ។សព្វថ្ងៃនេះពួកគាត់ទាំងពីរនាក់បានបើកមុខរបរលក់ទឹកត្នោតជូរ និងស្រាបៀរនៅចំណុចខាងលើ។
ស្រី្តរូបនេះបានឲ្យដឹងទៀតថា រយៈពេលមួយខែចុងក្រោយនេះ រូបគាត់និងប្តីរស់នៅមិនសូវចុះសម្រុងគ្នាទេ ដោយសារតែរឿងជួយឪពុកម្តាយទាំងសងខាងមិនស្មើគ្នាធ្វើឲ្យប្តីគាត់បោះបង់ការរកស៊ី និងមិនសូវចូលផ្ទះទេ ។ លុះបានប្រមាណ២ខែមកនេះ រូបគាត់បានស្គាល់បុរសម្នាក់ឈ្មោះ ហម ចិន្តា ដែលជាភ្ញៀវតែងតែមកផឹកស៊ីកន្លែងគាត់ជាញឹកញាប់រហូតរាប់អានគ្នាជាបងប្អូនធម៌នឹងគ្នា ។ នៅព្រលប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ ប្អូនធម៌ឈ្មោះ ហម ចិន្តា បាននាំប្អូនស្រី និងប្អូនថ្លៃស្រីម្នាក់ទៀតមកផឹកស៊ីនៅហាងរបស់គាត់ ដោយផឹកស្រាបៀរអស់១កេសកន្លះ ហើយពេលដែលអង្គុយផឹកនោះរូបគាត់ជាថៅកែហាង និងជាបងធម៌ក៏បានចេញចូលមកអង្គុយផឹកជាមួយផងដែរ ។ រហូតដល់ម៉ោង៩យប់ ប្តីគាត់បានទៅចំណតរថយន្តដើម្បីជិះរថយន្តទៅស្រុកកំណើត ប៉ុន្តែមុននឹងចេញទៅ រូបគាត់និងប្តីបានឈ្លោះប្រកែកគ្នាមួយប្រាវពីរឿងមិនគិតជួយរកស៊ីគិតតែដើរចោលផ្ទះ។
បន្ទាប់មក ពេលដែលប្អូនធម៌របស់គាត់ និងប្អូនស្រី២នាក់ផឹកស៊ីស្រវឹងក៏បាននាំគ្នាទៅចងមុងដេកនៅក្នុងក្យូសមួយទាំងអស់គ្នា ដោយគាត់ក៏បានដេកនៅជិតប្អូនធម៌ប្រុស និងប្អូនស្រី២នាក់ដែរ បានន័យថា មុងមួយដេក៤នាក់។លុះដល់បាក់កណ្តាលអធ្រាត្រខណៈពួកគាត់កំពុងតែដេកលង់លក់ដាក់ដៃប៉ះគ្នា ស្រាប់តែប្តីត្រឡប់មកវិញឃើញបែបនេះក៏យកទូរស័ព្ទមកថតរូបភាពទុក និងបានយកកាំបិតប៉ុងតោកាប់គាត់ រយះក្បាលហូរឈាមជោកតែម្តង ។
ចំណែកសម្តីបុរសជាប្តីវិញបានប្រាប់ឲ្យដឹងថា នៅយប់កើតហេតុគាត់បានជិះម៉ូតូឌុបទៅចំណតរថយន្តប្រុងឡើងរថយន្តជិះទៅស្រុកកំណើត ប៉ុន្តែពេលទៅដល់ចំណតរថយន្តមានអារម្មណ៍ហាក់ដូចជាមិនទុកចិត្តប្រពន្ធក៏ត្រឡប់មកផ្ទះវិញ។ នៅពេលមកដល់ស្រាប់តែឃើញប្រពន្ធដេកឱបគ្នាជាមួយប្អូនធម៌និងដណ្តប់ភួយមួយពីរនាក់ទៀត ចំណែកប្អូនស្រីរបស់ប្អូនប្រុសធម៌ដេកជាមួយគ្នា ដណ្តប់ភួយមួយពីរនាក់ផ្សេង ធ្វើឲ្យគាត់ទ្រាំមិនបានក៏ផ្ទុះកំហឹង និងបានយកទូរស័ព្ទថតរូបភាពទុកជាភស្តុតាង រួចស្ទុះទៅយកកាំបិតបុ័ងតោដើម្បីកាប់ប្អូនប្រុសធម៌នោះ ប៉ុន្តែប្អូនប្រុសធម៌គេចផុតក៏ត្រូវប្រពន្ធរយះក្បាល និងរបួសដៃប្អូនស្រីធម៌បន្តិច។
ទោះយ៉ាងណាករណីនេះត្រូវបានភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានហើយសមត្ថកិច្ចមកដល់នាំប្តីប្រពន្ធពីរនាក់នេះទៅកាន់ប៉ុស្តិ៍នគរបាលចោមចៅដើម្បីសួរនាំនិងអនុវត្តតាមនីតិវិធី ៕ ប្រាថ្នា