ភ្នំពេញ៖ អ្នកស្រែ គឺជាអ្នកផលិតស្បៀងសម្រាប់ទ្រទ្រង់ក្រពះនគរខ្មែរ។ ប៉ុន្តែអ្នកស្រែ ត្រូវបានគេ ប្រមាថមើលងាយពីសំណាក់អ្នករស់នៅទីក្រុង ឬទីប្រជុំជន ដែលបង្កជាជម្លោះវណ្ណៈរវាងអ្នកទីក្រុង និងអ្នកជនបទ។ ពាក្យ«អាស្រែ» ត្រូវបានមនុស្សមួយចំនួននិយាយ ដើម្បីបន្តុះបង្អាប់ អ្នកជនបទជារឿយៗ ហើយពាក្យនេះ បានធ្វើឲ្យប៉ះពាល់ដល់សតិអារម្មណ៍របស់ពួកគេយ៉ាងខ្លាំង។
មានអ្នកស្រែ មានអ្នកក្រុង មានអ្នកក្រ មានអ្នកមាន មានអ្នកតូច មានអ្នកធំ ទាំងនេះ គឺជាក្រឹត្យក្រមពីធម្មជាតិ ដើម្បីចាត់ថ្នាក់មនុស្សនៅក្នុងសង្គម។ ទោះបីជា សម័យនេះ ជាសម័យសកលភាវូបនីយកម្មហើយក៏ដោយ ប៉ុន្តែ មនុស្សនៅគ្រប់សង្គម មិនថាតែនៅកម្ពុជានោះទេ បានបង្កើតឲ្យមានវណ្ណៈ គ្រាន់តែគេមិនហាននិយាយពាក្យទាំងនេះ។ ប៉ុន្តែទង្វើរបស់មនុស្ស សបញ្ជាក់ពីការរើសអើងវណ្ណៈ។ វណ្ណៈអ្នកមាន រស់ជារបៀបអ្នកមាន ទំនាក់ទំនងជាមួយអ្នកមាន ផ្សាភ្ជាប់សាច់ឈាមជាមួយអ្នកមាន។ ឯវណ្ណៈអ្នកក្រ រស់នៅជារបៀបអ្នកក្រ ទំនាក់ទំនងជាមួយអ្នកក្រ និងផ្សាភ្ជាប់សាច់ឈាមជាមួយអ្នកក្រ។
ជាការពិត មនុស្សមិនអាចរស់នៅដាច់តែឯងបានទេ។ ទោះបីជាអ្នកមាន និងអ្នកក្រ រស់នៅដាច់ឆ្ងាយពីគ្នាក៏ដោយ ប៉ុន្តែ ពួកគេនៅតែត្រូវការគ្នា និងមានទំនាក់ទនងគ្នា ទាំងវិស័យសេដ្ឋកិច្ច សាសនា វប្បធម៌ និង នយោបាយ។ កម្មករ ត្រូវការថៅកែ ថៅកែក៏ត្រូវការកម្មករ។ អ្នកនយោបាយត្រូវការប្រជាជន ប្រជាជនក៏ត្រូវការអ្នកនយោបាយ អ្នកលក់ត្រូវការអ្នកទិញ អ្នកទិញក៏ត្រូវការអ្នកលក់…។
ប៉ុន្តែ នៅក្នុងសង្គមខ្មែរ បើជា មានមនុស្សមួយចំនួន តែងតែដៀលអ្នកស្រែ ថា ជាមនុស្សល្ងង់ មនុស្សមិនបានការ ឬមើលអ្នកស្រែ ក្នុងក្រសែភ្នែក ហាក់ដូចជា សំរាម ឬជាមនុស្សគ្មានតម្លៃ ជាដើម។ ផ្នត់គំនិត មើលងាយអ្នកស្រែ ភាគច្រើន គឺចេញពីអ្នកទីក្រុង និងអ្នកដែលមានទ្រព្យស្តុកស្តម្ភមួយចំនួន។ តែពួកគេច្រើនតែ ជាមនុស្សគ្មានការយល់ដឹង។
អ្នកស្រែ ជាអ្នកដាំដំណាំស្រូវ ពោត សណ្តែក ល្ង ដំឡូង និងដំណាំជាច្រើនប្រភេទទៀត។ លើសពីនេះ អ្នកស្រែ ក៏ជាអ្នកចិញ្ចឹមសត្វ ដើម្បីបំពេញតម្រូវការរបស់មនុស្សទូទៅនៅក្នុង សង្គម។ ជាងនេះទៅទៀតនោះ អ្នកស្រែ រស់នៅដោយសម្មាអាជីវោ មិនចេះកេងប្រវ័ញ្ច ពុករលួយ ពោលគឺពួកគេ រស់នៅដោយសេចក្តីថ្លៃថ្នូរ ស្មោះត្រង់ និងមានមនសិការខ្ពស់ ចំពោះមាតុភូមិកម្ពុជា។
ដ្បិតអ្នកទីក្រុង រស់នៅដោយជីវិតស៊ីវិលល័យ មានផ្ទះវីឡាធំៗ មានឡានទំនើបថ្លៃៗ ប៉ុន្តែ អ្នកមានមួយចំនួនធំ គឺបានមកដោយសារ ការប្រព្រឹត្តអំពើពុករលួយ កេងប្រវ័ញ្ច លួចលុយជាតិ និងធ្វើអំពើល្មើសច្បាប់ជាដើម។ លើសពីនេះ ជីវិតរស់នៅរបស់អ្នកទីក្រុង គឺរស់នៅដោយការភ័យខ្លាច អាត្មានិយម គ្មានគំនិតអាណិតអាសូរ គ្មានតម្លៃនៃភាពស្មោះត្រង់ គិតតែប្រយោជន៍ និងរស់នៅចំណោមមនុស្សមិនទុកចិត្តគ្នា។
រីឯអ្នកស្រែ ពួកគេរស់នៅ ដោយការស្រលាញ់ ចេះសាមគ្គីគ្នា និងស្មោះត្រង់នឹងគ្នា។ ជាក់ស្តែងនៅពេលមានបុណ្យទានម្តងៗ អ្នកស្រែ មិនដែលទៅជួលអ្វីឲ្យលុយច្រើននោះទេ គឺមានអ្នកជិតខាងជួយគ្នាទៅវិញទៅមក ប្រកបដោយទឹកចិត្តស្មោះស។ ចំណែកឯអ្នកទីក្រុង បើមានកម្មវិធីអ្វីមួយ គឺសុទ្ធសឹងជួលគេទាំងអស់។ ហើយពិធីទៀតសោត មានអ្នកចូលរួមដោយសារតែសម្លឹងមើលផលប្រយោជន៍ គ្មានចិត្តជ្រះថ្លាក្នុងការចូលរួមឡើយ។
សូមកុំភ្លេចថា អ្នកស្រែ គឺជាអ្នកមានគុណរបស់អ្នកទីក្រុង ពីព្រោះ អាហារដែលអ្នកទីក្រុងទាំងនោះ កំពុងបរិភោគសព្វថ្ងៃ គឺកើតចេញពីអ្នកស្រែផលិតទាំងអស់។ ក្នុងនោះរួមមាន៖ បន្លែ ត្រី សាច់ ពោត សណ្តែក ឬ កសិផលផ្សេងៗទៀត។
ដូច្នេះ ការដៀលអ្នកស្រែរបស់មនុស្សមួយចំនួន គឺជាទង្វើឆោតល្ងង់ មិនស្គាល់អ្វីជាតម្លៃរបស់មនុស្ស។ ហើយទង្វើនេះ ផ្ទុយនឹងពាក្យទូន្មានរបស់ច្បាប់ក្រមង៉ុយមួយឃ្លាថា «កុំដៀលអ្នកស្រែ ត្រកូលយើងខ្មែរ កុំប្រែក្រឡាស់ ក្រឡេកឃើញគុណ ទន់ខ្លួនសំពះ កុំធ្វើអ្នកណាស់ កុំត្មះអ្នកក្រ»។ លើសពីនេះ អ្នកមានគួរចេះជួយអ្នកក្រ មានក្តីអាណិតអាសូរ និងយោគយល់គ្នា មើលគ្នាក្នុងក្រសែភ្នែកជាភាតរភាព និងជាមនុស្សជាតិដូចគ្នា សមដូចពាក្យ ស្លោកមួយឃ្លាថា «អ្នកមានរក្សាខ្សត់ ដូចសំពត់ព័ន្ធពីក្រៅ អ្នកប្រាជ្ញរក្សាខ្លៅ ដូចសំពៅពឹងសំប៉ាន»៕ សំរិត