ខេត្តកណ្តាលៈ បុរសម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកមុខកំពូលចាប់ខ្លួនដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ បន្ទាប់ពីបុរសរូបនេះធ្វើសកម្មភាពវាយទាត់ធាក់ទៅលើស្ត្រីជាប្រពន្ធកាលពីវេលាម៉ោង១២ និង៣០នាទី ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧ នៅភូមិស្វាយអំពារ ឃុំស្វាយអំពារ ស្រុកមុខកំពូល ។
មន្ត្រីនគរបាលស្រុកមុខកំពូលបានឲ្យដឹងថា ជនសង្ស័យជាប្តីឈ្មោះ សឿង ចាន់ថេង ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ រីឯស្ត្រីរងគ្រោះជាប្រពន្ធឈ្មោះ ឌី ស្រីប៉ិច ភេទស្រី អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ (រងរបួសហើមដៃខាងឆ្វេង និងលើផ្ទៃមុខយ៉ាងដំណំ) ។ ជនសង្ស័យ និងស្ត្រីរងគ្រោះរស់នៅផ្ទះជាមួយគ្នាក្នុងភូមិស្វាយអំពារ ឃុំស្វាយអំពារ ស្រុកមុខកំពូល ។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុជនសង្ស័យជាប្តី និងអ្នកជិតខាងបានជួបជុំគ្នាអង្គុយផឹកស្រានៅផ្ទះរបស់ខ្លួន ។ បន្ទាប់ពីផឹកស្រាសអស់ចំនួន៣លីត្រ អ្នកជិតខាងក៏បាននាំគ្នាត្រឡប់ទៅលំនៅដ្ឋានវិញរៀងៗខ្លួន ដោយឡែកជនសង្ស័យបាននៅអង្គុយផឹកបន្តទៀត ខណៈនោះស្ត្រីរងគ្រោះជាប្រពន្ធបាននិយាយទៅកាន់ជនសង្ស័យជាប្តីថា “ឯងអើយឈប់ផឹកទៅ រួចហូបបាយដល់ម៉ោងទៅលីសែងស្រូវឲ្យគេហើយ” ។ ភ្លាមៗនោះជនសង្ស័យក៏បានតបទៅស្ត្រីរងគ្រោះវិញថា “ចឹងចៀនសាច់ជ្រូកដួសបាយមកអញស៊ី” ។ ជនសង្ស័យបាននិយាយបន្តទៅកាន់ស្ត្រីជាប្រពន្ធទៀតថា “ចៀនតែសាច់ជ្រូកបានហើយ… កុំធ្វើថោកបាស់កន្តួយ-បាស់ក្តដាក់គ្នា បើអញតាមទាន់ អញកាប់ជាកង់ៗហើយ” ។
ប្រភពដដែលបានបន្តទៀតថា ពេលឮជនសង្ស័យជាប្តីនិយាយបែបនេះស្ត្រីជាប្រពន្ធបានឈរសំឡឹងមើលមុខជនសង្ស័យ ធ្វើឲ្យជនសង្ស័យអត់ទ្រាំមិនបានក៏ស្ទុះចូលទៅទាត់ធាក់និងទះកំផ្លៀងទៅលើស្ត្រីរងគ្រោះជាច្រើនដៃ ទើបស្ត្រីជាម្តាយនិងអ្នកជិតខាងចូលទៅជួយឃាត់ ។ ក្រោយពីមានហេតុការណ៍កើតឡើងស្ត្រីរងគ្រោះជាប្រពន្ធបានសម្រេចចិត្តប្តឹងឲ្យសមត្ថកិច្ចនគរបាលស្រុមមុខកំពូលជួយអន្តរាគមន៍ចាប់ខ្លួនជនសង្ស័យជាប្តី ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ ស្អាងជ័យ