ព័ត៌មានទាន់ហេតុការណ៍៖

អាវុធហត្ថរកឃើញឈើរាជកុលជិត ៣០ម៉ែត្រគូបក្នុងដែនជំរកសត្វព្រៃភ្នំសំកុស

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ លោក វរសេនីយ៍ទោ ញឹម នី មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ដឹកនាំកម្លាំងជាង ១០នាក់ សហការជាមួយកម្លាំងស្រាវជ្រាវ និងបង្រ្កាបបទល្មើសកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចុះរុករកនិងបង្រ្កាបបទល្មើសព្រៃឈើ ក្នុងនោះកម្លាំងរកឃើញគំនរឈើប្រភេទ(រាជកុល) នៅក្នុងដែនសមត្តកិច្ចរបស់មន្ត្រីបរិសា្ថន(ដែនជំរកសត្វព្រៃភ្នំសំកុស)។

យុទ្ធាការបង្រ្កាបបទល្មើសព្រៃឈើយ៉ាងក្តៅគគុកខាងលើនេះ ប្រតិបត្តិការឡើងកាលវេលាម៉ោង ១៦ និង៣០នាទី ថ្ងៃទី ១ ខែមករា ឆ្នាំ២០១៧ ត្រង់ចំណុចក្នុង(ដែនជំរកសត្វព្រៃភ្នំសំកុស) ជាដែនសមត្តកិច្ចមន្រ្តីបរិស្ថាន ស្ថិតក្នុងភូមិសំឡាញលើ ឃុំក្រពើរពី ស្រុកវាវែង ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីកងកម្លាំងសហការគ្នាចុះបង្រ្កាបបទល្មើសព្រៃឈើ និងរកឃើញគំនរឈើយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងដែនសមត្តកិច្ចមន្រ្តីបរិស្ថានខាងលើ ជាប្រភេទឈើហុបអារជ្រុង មុខកាត់អង្កត់ផ្ចិតទំហំចាប់ពី ៣០មីលីជុំ ទៅទំហំ ៦០មីលីជុំ ហើយប្រវែងចាប់ពី ៣ម៉ែត្រ ទៅ ៥ម៉ែត្រ ឈើ(រាជកុល) ហើយមានចំនួន ៥១ដុំ ស្មើរនឹងចំនួន ២៧.៧២៩ម៉ែត្រគូប។ ប្រភពដដែលខាងលើនេះបន្តទៀតថា វត្ថុតាងឈើទាំងអស់កម្លាំងបានធ្វើការវាស់វែងរួមគ្នា និងធ្វើកំណត់ហេតុត្រឹមត្រូវ ហើយបានប្រគល់ឲ្យមន្រ្តីបរិស្ថានរក្សាទុកដើម្បីអនុវត្តន៍តាមនីតិវិធី ចំពោះប្រតិបត្តិការខាងលើកម្លាំងកំពុងអនុវត្តន៍បន្តនៅកន្លែងផ្សេងៗទៀត។

ពាក់ព័ន្ធនឹងយុទ្ធាការបង្រ្កាបបទល្មើសព្រៃឈើមួយរយៈពេលនេះ ពលរដ្ឋងឿងឆ្ងល់ហើយដាក់ជាសំណួរសួរថា ហេតុអ្វីបានជាគេតែងតែសង្កេតឃើញតែកម្លាំងកងរាជអាវុធហត្ថធ្វើបង្រ្កាបបានរហូតដូច្នេះ? ហើយនៅតែក្នុងតំបន់ហាមឃាត់.ការពារ.អភិរក្ស ជាដែនសមត្តកិច្ចមន្រ្តីបរិសា្ថនដូច្នេះនោះ? ឬមួយមន្រ្តីបរិស្ថានទាំងនោះជាឈ្មួញរកស៊ីជំនួញឈើ? ឬមួយក្រុមមន្រ្តីបរិស្ថានទាំងនោះរដ្ឋមន្រ្តីចាត់តាំងទៅសម្រាប់តែប្រព្រិត្តអំពើពុករលួយទេដឹង?៕ ប៉ឹម ពិន

sapur (1) sapur (2) sapur (3) sapur (4)


ចែករំលែក៖