ភ្នំពេញ ៖ អគ្គលេខាធិការគណៈកម្មា ធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាបានហៅវគ្គ បណ្តុះបណ្តាលស្តីពីកម្មវិធីអភិវឌ្ឍន៍កីឡា ជនពិការថា «គឺជាថ្នាំពេទ្យដ៏ពូកែស័ក្តិសិទ្ធិ»។ ការលើកឡើងបែបនេះរបស់លោកអគ្គលេខាធិការធ្វើឡើងក្នុងពិធីបិទវគ្គ និងប្រគល់វិញ្ញា បនបត្របញ្ជាក់ការសិក្សារយៈពេល៣ថ្ងៃក្រោមកិច្ចសម្របសម្រួលពីអង្គការបេះដូងមាស ដោយទទួលបានអ្នកជំនាញផ្នែក បច្ចេកទេសកីឡាជនពិការជនជាតិជប៉ុនកាលពីល្ងាចថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៧កន្លង ទៅ ។
លោក យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានចាត់ទុកថាវគ្គបណ្តុះបណ្តាលស្តីពីកម្មវិធី «អភិវឌ្ឍន៍កីឡាជនពិការគឺជាថ្នាំពេទ្យដ៏ពូកែស័ក្តិសិទ្ធិ បំផុតដើម្បីជំរុញឲ្យកម្រិតបច្ចេកទេសអត្តពលិកយើងឈានដល់ កម្រិតពិភពលោក ហើយក្នុងនោះក៏បាន ជំរុញជំនាញបនែ្ថមដល់គ្រូបង្វឹកកីឡាជនពិការលើវិញ្ញាសាកីឡាអត្តពលកម្មទាំង អស់ដើម្បីលើកកម្ពស់វិស័យកីឡាជនពិការ នៅកម្ពុជាឲ្យបានប្រសើរឡើង» ។
លោកបានបន្តថា វគ្គបណ្តុះបណ្តាល រយៈពេល៣ថ្ងៃក្រោមការហ្វឹកហាត់ផ្ទាល់ ទាំងទ្រីស្តី និងការអនុវត្តជាក់ស្តែងពីអ្នក ជំនាញការជប៉ុនធ្វើឲ្យអត្តពលិកយើងទទួលបានចំណេះដឹងនិងបទពិសោធន៍យ៉ាងច្រើន ព្រមទាំងបច្ចេកទេសដែលអត្តពលិកពុំធ្លាប់ជួបប្រទះពីមុនមកនោះ ។
លោកអគ្គលេខាធិការរូបនេះបញ្ជាក់ បន្ថែមថា តាមរយៈវគ្គបណ្តុះបណ្តាលខ្លីនេះនឹងជំរុញលើកកម្ពស់សមត្ថភាពកីឡាករកីឡាការិនីជនពិការបានកាន់ប្រសើរឡើង ពិសេសធ្វើឲ្យអត្តពលិកយើងទទួលបាន បទពិសោធន៍ផ្នែកបច្ចេកទេសដើម្បីត្រៀមចូលរួមប្រកួតប្រជែងយកមេដាយនៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី៩នៅប្រទេសម៉ាឡេស៊ីនាខែកញ្ញាខាងមុខនេះ ។
លោក Toshito MITSUI នាយកប្រតិបត្តិនៃកីឡាប៉ារ៉ាឡាំពិកជប៉ុន និងជាគ្រូ ឧទ្ទេសប្រចាំវគ្គបណ្តុះបណ្តាលកម្មវិធីអភិ វឌ្ឍន៍ជនពិការបានវាយតម្លៃថា ក្នុងចំណោមអត្តពលិកជនពិការប្រមាណ៨០នាក់ដែលទទួលបានការបណ្តុះបណ្តាលផ្ទាល់រយៈពេល៣ថៃ្ងលោកកត់សម្គាល់ឃើញថា មានអត្តពលិកជនពិការដែលមានសមត្ថភាពគ្រប់គ្រាន់អាចចូលរួមប្រកួតកីឡាប៉ារ៉ាឡាំពិកពិភពលោកនៅទីក្រុងតូក្យូប្រទេសជប៉ុនឆ្នាំ២០២០មានចំនួន២ទៅ៣នាក់ដែរ ប៉ុន្តែពួកគេត្រូវធ្វើការបណ្តុះបណ្តាលជំនាញបច្ចេកទេសបន្ថែមរយៈពេល៥ឆ្នាំតាមកម្ម វិធីហ្វឹកហាត់របស់ជប៉ុនទៀត ។ លោក Toshito Mitsui បានបញ្ជាក់ថា បើតាមការធ្វើតេស្តរបស់លោកអត្តពលិកមានសមត្ថភាពប្រមាណជា៣នាក់នេះ គឺមានល្បឿន រត់អាចកំណត់ចូលក្នុងល្បឿនរត់របស់ កីឡាករជនពិការពិភពលោក ។
សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ រៀបចំដោយគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជានិងអង្គការបេះដូងមាសក្រោមការឧបត្ថម្ភពីកម្មវិធី Sport tomarow ដែល ជាគម្រោងអភិវឌ្ឍន៍កីឡារបស់ប្រទេស ជប៉ុនដើម្បីជំរុញដល់ការអភិវឌ្ឍវិស័យ កីឡាជនពិការនៅតាមបណ្តាប្រទេសដែលគ្រោងនឹងបញ្ជូនអត្តពលិកទៅចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡាប៉ារ៉ាឡាំពិកនៅទីក្រុងតូក្យូប្រទេសជប៉ុននាឆ្នាំ២០២០ខាងមុខ ៕ សារីម