ភ្នំពេញ ៖ ពិតជារឿងមួយគួរឲ្យចម្លែក ដែលបុរសម្នាក់បានជិះម៉ូតូដើររកប្រពន្ធជាច្រើនថ្ងៃមិនជួប លុះមកដល់ម៉ោង៦និង ៣០នាទីព្រលប់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៧ ស្រាប់តែឃើញប្រពន្ធកំពុងឡើងជិះម៉ូតូជាមួយប្រុសសហាយក៏ស្ទុះទៅចាប់ឱបប្រពន្ធ ឲ្យចុះចេញពីម៉ូតូ តែត្រូវបុរសជាសហាយ ស្រែកថា «ចោរ» នៅតាមបណ្ដោយផ្លូវជាតិ លេខ៤ទល់មុខសាលាសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យបង្កការភ្ញាក់ផ្អើលដល់ មនុស្សម្នាទៅចោមរោមមើលគ្រប់ៗគ្នា ។
បុរសដែលតាមរកប្រពន្ធច្រើនថ្ងៃនោះឈ្មោះ ចាន់ ចូច អាយុ២៥ឆ្នាំ មុខរបរ កម្មកររោងចក្រ (ដេរស៊ីថ្ងៃ)ស្នាក់នៅផ្ទះ ជួលភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌ មានជ័យ។ រីឯប្រពន្ធឈ្មោះ ន.ព.ល អាយុ ២១ឆ្នាំ មុខរបរកម្មការិនីរោងចក្រ(ដេរស៊ីថ្ងៃ) នៅរោងចក្រផ្សេងគ្នាតែស្នាក់នៅជា មួយគ្នាក្នុងសង្កាត់ចោមចៅ។ ចំណែកបុរស ដែលរងការចោទប្រកាន់ថា ជាសហាយ ឈ្មោះ ផល សុភា អាយុ២៥ឆ្នាំ មុខរបរកម្ម កររោងចក្រជាមួយស្ត្រីជាប្រពន្ធ ស្នាក់នៅ ភូមិ ព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
បុរសជាប្តីបាននិយាយថា រូបគាត់និងប្រពន្ធបានរៀបការជាមួយគ្នាតាំងពីឆ្នាំ២០១៣ម្លេ៉ះ ដែលមកដល់ពេលនេះជិត៤ឆ្នាំ ហើយ តែមិនទាន់មានកូនទេហើយរាល់ថ្ងៃពួកគាត់ទាំង២នាក់រស់នៅជាមួយគ្នាតែធ្វើការរោងចក្រផ្សេងគ្នា។ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧ ប្រពន្ធបានសុំគាត់ថាទៅលេងផ្ទះបងប្អូននៅស្រុកកំណើតមួយអាទិត្យ ហើយបន្ទាប់មកក៏ទូរស័ព្ទឲ្យគាត់ផ្ញើលុយ៣ម៉ឺនរៀលសម្រាប់ទិញម្ហូប។ ក្នុងរយៈពេលមួយអាទិត្យនេះឲ្យតែនៅពេល ក្បាលព្រលប់គឺអំឡុងម៉ោង៥ទៅម៉ោង៦ល្ងាចប្រពន្ធតែងតែទូរស័ព្ទមកនិយាយលេង ជាមួយគាត់មិនដែលខានទេ។ កាលពី៣ ថ្ងៃមុននេះនៅវេលាម៉ោង៨ទៅ៩យប់គាត់បានទូរស័ព្ទទៅប្រពន្ធតែប្រពន្ធមិនលើកទេ ពេលខ្លះបិទទូរស័ព្ទទៀតផង ។
សកម្មភាពបែបនេះធ្វើឲ្យគាត់មិនអស់ ចិត្តមិនដឹងថា ប្រពន្ធមានរឿងអី ព្រោះពួក គាត់ស្រឡាញ់គ្នាណាស់តាំងពីរៀបការមក មិនដែលមានទំនាស់នឹងគ្នាទេរឿងអីម្តងនេះទូរស័ព្ទមិនចូល? ម្យ៉ាងទៀតប្រពន្ធគាត់ ហាក់ខុសប្លែកពីធម្មតាពេលគាត់ទូរស័ព្ទសួរម្តងនាងថា នៅម្តុំឃ្យូអឹមអាយ ម្តងថា នៅម្តុំលូប្រាំ ម្តងថានៅម្តុំកាណាឌីយ៉ា ទើបគាត់កើតការសង្ស័យក៏កាន់រូបថតប្រពន្ធ ជិះម៉ូតូម៉ាក MSX ពណ៌ស ដើរសួរគេឯងតែ រកមិនឃើញសោះ។ លុះមកដល់ព្រលប់ថ្ងៃកើតហេតុស្រាប់តែឃើញប្រពន្ធជិះម៉ូតូជាមួយប្រុសផ្សេងនៅមុខសាលាសង្កាត់ ចោមចៅគាត់រន្ធត់ចិត្តពេកក៏ស្ទាក់ម៉ូតូឲ្យឈប់អុសដៃប្រពន្ធចុះពីលើម៉ូតូគេមកជិះជាមួយគាត់វិញ តែបែរជាបុរសជាសហាយ ស្រែកដាក់គាត់ថាជាចោរទៅវិញ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចនៅក្បែរនោះឃើញសកម្មភាពបែបនេះក៏បាននាំភាគីទាំង៣នាក់ទៅសួរនាំនៅប៉ុស្តិ៍នគរ បាលចោមចៅ។ នៅពេលនោះភាគីទាំង៣នាក់មិនបានប្តឹងផ្តល់គ្នាទេទោះបីគេដឹងថាបុរសជាប្តីពេលដែលឃើញប្រពន្ធជិះម៉ូតូជាមួយប្រុសថ្មីខឹងស្ទើរទប់កំហឹងមិនបានចង់ទៅសម្លាប់ប្រពន្ធចោលក៏ដោយ។ បុរស ជាប្តីបានត្រឹមអង្គុយលត់ជង្គង់សំពះអង្វរប្រពន្ធឲ្យទៅរស់នៅជាប្តីប្រពន្ធវិញដោយសន្យាមិនប្រកាន់ទោសអូសដំណើរអ្វីទាំងអស់។ តែស្ត្រីជាប្រពន្ធវិញបានបញ្ជាក់ថា រូបនាងមិនហ៊ានទៅរស់នៅជាមួយប្តីវិញ ទេខ្លាចប្តីវាយធ្វើបាប និងបានសុំឲ្យសមត្ថកិច្ចជួយដឹកនាងទៅផ្ទះបងប្អូនរបស់នាង វិញទៅ។ ពេលអង្វរប្រពន្ធមិនស្តាប់ និងឮសម្តីនាងនិយាដូច្នេះបុរសជាប្តីអស់ចិត្តក៏សុខចិត្តបិទភ្នែក ហើយទាញម៉ូតូជិះត្រឡប់ ទៅផ្ទះវិញទាំងអស់សង្ឃឹមនិងដង្ហើមស្ទើរមិនដល់គ្នា ៕ ប្រាថ្នា