ខេត្តបន្ទាយមានជ័យ៖ មេបញ្ជាការយោធាសឹករងស្រុកមង្គលបុរីម្នាក់ពាក់សក្តិ៤ មានឈ្មោះកែវ ស៊ុនលី អាយុ៥០ឆ្នាំ រស់នៅភូមិអូរស្ងួត ឃុំអូរប្រាសាទ ស្រុកមង្គលបុរីខេត្តបន្ទាយមានជ័យ ក្រោយពីស្ពាយកាំភ្លើងអាកា ដោះអាវ ពាក់ទុសៀគ្រាប់ពេញខ្លួន ក្នុងស្ថានភាពស្រវឹង ធ្វើសកម្មភាពបម្រុងបង្កហេតុគំរាមកំហែងបាញ់សម្លាប់ម្ចាស់ហាង និងស្រ្តីបុគ្គលិកធ្វើការងារ នៅហាងផឹកស៊ីហេងគង់ នៅស្រុកមង្គលបុរីបង្កឱ្យម្ចាស់ហាង និងស្រ្តីធ្វើការងារនៅទីនោះរត់គេចខ្លួនទាំងព្រលឹងចុងសក់ ត្រូវបានថ្នាក់លើដកយកមកបញ្ឈជើងនោះហើយ ។
ទន្ទឹមដែលម្ចាស់ហាងផឹកស៊ី ហេង គង់បានមកដាក់ពាក្យប្តឹងនាយទាហានរូបនោះនៅអធិការដ្ឋានគរបាលស្រុកមង្គលបុរីពីបទឧក្រិដ្ឋពាក់ព័ន្ធនិងបទប្រើប្រាស់អាវុធគំរាមសម្លាប់។
លោកឧត្តមសេនីយ៍ត្រី ភ្លន់ តារា មេបញ្ជាការយោធាសឹករងខេត្តបន្ទាយមានជ័យ បានប្រាប់អ្នកយកព័ត៌មានយើងនៅរសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៧ ឱ្យដឹងថា កូនចៅលោក ឈ្មោះ កែវ ស៊ុនលី មានមុខងារជាមេបញ្ជាការសឹករងស្រុកមង្គលបុរី ដែលធ្វើសកម្មភាពអនុវត្តខុសនិងវិន័យកងកម្លាំងប្រដាប់អាវុធ ត្រូវបានលោកដកមកបញ្ឈជើង នៅអង្គភាពអនុវត្តតាមវិ័យយោធារួចហើយ ។
លោកបញ្ជាក់ឱ្យដឹងទៀតថា ពាក់ព័ន្ធនិងម្ចាស់ហាងប្តឹងទៅលើកូនចៅលោកឈ្មោះ កែវ ស៊ុនលី នោះដែរ លោកមិនដឹងនោះទេ បុគ្គលដែលធ្វើខុសជាអ្នកទទួលខុសត្រូវដោយខ្លួនឯងចំពោះមុខច្បាប់។
សូមរំលឹកថា កាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧ មេបញ្ជាយោធាសឹករងស្រុកមង្គលបរី បានស្ពាយកាំភ្លើងវែងធុនអាកានិងទុសៀ គ្រាប់ពេញខ្លួនទៅស្រែកឡូឡាដោយគំរាមរកបាញ់ម្ចាស់ហាង និងបុគ្គលិកស្រីៗនៅខាងមុខណុចហាង ផឹកស៊ី និងខារ៉ាអូខេ ហេង គង់ ស្ថិតនៅភូមិជំទាវ ឃុំប្ញស្សី ក្រោកស្រុកមង្គលបុរី បណ្តាលអោយម្ចាស់ហាង និងបុគ្គលិកស្រីៗនាំគ្នារត់គេចខ្លួនអស់ ដែលគេសង្ស័យដោយសារតែនាយទាហានរូបនោះខឹងនិងម្ចាស់ហាងគិតលុយទាំងថ្លៃ ក្បាលមីក្រូហ្វូននិងអាំភ្លីដែលនាយទាហានរូបនោះចាក់ស្រាពីលើធ្វើអោយខូចខាតគិតសរុបទាំងថ្លៃផឹកស៊ីនិងសងថ្លៃខូចខាតឧបករណ៍រហូតដល់២៥០ដូល្លា។
លោកវរសេនីយ៍ទោ ស៊ីឌី អធិការនគរបាលស្រុកមង្គលបុរីប្រាប់ឱ្យដឹងថា ក្រោយពីកើតហេតុកូនចៅលោកក៏ចុះទៅធ្វើការស្រាវជ្រាវ មុនពេលកើតហេតុ ឈ្មោះ កែវ ស៊ុនលី មានតួនាទីជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្រុកមង្គលបុរី នៅអំឡុងម៉ោងប្រមាណជាង៦ល្ងាច ថ្ងៃដដែល បាននាំប្រពន្ធនិងសហការី មានគ្នាចំនួន៦នាក់ ពួកគេមើលទៅក្នុងសស្ថានភាពស្រវឹងរួចហើយ ដោយមិនដឹងចេញពីផឹកស៊ីស្រវឹងមកពីកន្លែងណានោះទេ។ លុះបន្ទាប់មកបានមកចូលច្រៀងខារ៉ាអូខេនៅហាងហេងគង់។ នៅពេលនោះឈ្មោះ កែវ ស៊ុនលី បានខឹងនិងស្ត្រីអ្នកចាក់ខារ៉ាអូខេក្នុងបន្ទប់ខារ៉ាអូរខេ ថា ចាក់តែបទដែល ខ្លួនមិនចេះច្រៀង។ ឈ្មោះ កែវ ស៊ុនលី ខឹងបានយកស្រាចាក់ដាក់ក្បាលម៉ៃក្រូហ្វូនបណ្តាលឱ្យខូចហើយស្ត្រីបំរើការងារនៅក្នុងបន្ទប់ប្រាប់ថាក្រោយពីច្រៀងចប់ក៏ហៅម្ចាស់ហាងគិតលុយ ។
ម្ចាស់ហាងគិតលុយទាំងថ្លៃផឹកស៊ី តែ៧០ដូល្លារប៉ុណ្ណោះ និងថ្លៃធ្វើឱ្យខូចក្បាលមីក្រូហ្វូន១គ្រឿង ២០០ដូល្លា ម្ចាស់ហាងគិតសរុប២៥០ដុល្លារប៉ុណ្ណោះ។ ក្រោយពីគិតលុយរួចហើយពួកគេក៏ឡើងរថយន្តចេញមកផ្ទះវិញ។ លុះមួយសន្ទុះមកស្រាប់តែគឃើញឈ្មោះ កែវ ស៊ុនលី តែម្នាក់ឯង ជិះរថយន្តកាមរីបាឡែន មកវិញចតនៅមុខហាងហើយដោះអាវពាក់ខោពណ៌ទាហ៊ានដោយមានកាន់កាំភ្លើង អាកានិងពាក់ទុសៀដាក់គ្រាប់ពេញផងដែរ។ នៅពេលនោះនាយទាហានរូបខាងលើ បាននិយាយស្រែកឡូឡា គំរាមបាញ់សម្លាប់ ម្ចាស់ហាង និងស្រីៗបុគ្គលិក នាំឱ្យម្ចាស់ហាងនិងអ្នកធ្វើការងារក្នុងហាងនោះ រត់គេចខ្លួនទាំងភ័យស្លន់្លគ្រប់គ្នាប៉ុន្តែមិនបានផ្ទុះកាំភ្លើងនោះឡើយ។បន្ទាប់មកក៏មានអ្នកស្គាល់គ្នាម្នាក់អង្គុយផឹកស៊ីក្នុងហាងនោះដែរបានចូលមកហាមឃាត់ឈ្មោះ កែវ ស៊ុនលី និងលួងលោមអោយគាត់ត្រឡប់ទៅផ្ទះវិញតែម្តង។
លោកអធិការបានប្រាប់ឱ្យដឹងទៀតថា នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៧ ម្ចាស់ហាង ឈ្មោះ នី ឈុនគង់ ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិជំទាវ ឃុំប្ញស្សីក្រោក ស្រុកមង្គលបុរី បានមកដាក់ពាក្យប្តឹង ទៅលើឈ្មោះ កែវ ស៊ុនលី ដែលជាមេបញ្ជាការសឹករងស្រុកមង្គលបុរីនោះហើយពីបទប្រើប្រាស់អាវុធគំរាមសម្លាប់។
លោកអធិការបញ្ជាក់ឱ្យដឹងទៀតថា ហាង ផឹក ស៊ី ហេង គង់នោះ កន្លងមក មានបញ្ហាមិនចេះចប់មិនចេះហើយទាល់តែសោះ ធ្វើសមត្ថកិច្ចនិងអាជ្ញាធរឈឺក្បាលផងដែរ។
ជុំវិញបញ្ហានោះដែរ លោក កែវ ស៊ុន លី ដែលរងការចោទប្តឹងពីម្ចាស់ហាង ហេង គង់ បានបំភ្លឺតាមរយៈអ្នកយកព័ត៌មានយើងឱ្យដឹងថា រូបគាត់ទទួលកំហុសក្នុងការយកកាំភ្លើងស្ពាយទៅខាងមុខហាងនោះមែន ប៉ុន្តែមិនមែនស្ពាយយកទៅបាញ់រឺគំរាមសម្លាប់អ្នកណានោះទេ គ្រាន់តែទៅសួរនាំពីម្ចាស់ហាងថា នៅពេលរូបគាត់ចូលផឹកស៊ីនិងច្រៀងខារ៉ាអូខេ ដោយម្ចាស់ហាងឈ្មោះគង់នោះនិយាយថាអញគមន៍ឯងយូរហើយ ដោយមិនដឹងច្បាស់ហាងគុំកួនរឿងអ្វីនោះឡើយ។
លោកបញ្ជាក់ប្រាប់ទៀតថា ដោយបដិសេដ្ឋមិនបានយកស្រាចាក់ក្បាលមីក្រូហ្វូននោះឱ្យខូចឡើយ លោកខឹងត្រង់ថាហាងនោះគិតថ្លៃពេកគ្រាន់ថ្លៃផឹកស៊ីអស់តែ៧០ដូល្លានោះទេ ប៉ុន្តែចោទគាត់ថា ធ្វើឱ្យខូចក្បាលមីក្រូហ្វូន១គ្រឿងឱ្យសង តម្លៃ២០០ដូល្លា សរុប២៥០ដូល្លា។លោកថាម្ចាស់ហាងចង់ធ្វើស៊ីគាត់ទៀតផង។
ពាក់ព័ន្ធនិងបញ្ហានេះដែរ លោក នី ឈុនគង់ ម្ចាស់ហាងបានបំភ្លឺឱ្យដឹងថា លោជាអ្នករកស៊ីមិនចង់មានរឿងរ៉ាវអ្វីកើតឡើងនៅហាងរបស់លោកនោះទេ លោកគ្មានហេតុផលណាចង់ធ្វើស៊ី លោក កែវ ស៊ុនលី នោះឡើយហើយ លោកក៍គ្មានគំនុំជាមួយនិងលោក កែវស៊ុនលី នោះដែរ។ លោកកែវ ស៊ុនលី នេះពីមុនមកតែងតែមកផឹកស៊ីរករឿងនៅកន្លែងគាត់ជានិច្ច នៅថ្ងៃកើតហេតុចូលមកផឹកស៊ីច្រៀងខារ៉ាអូខេរករឿងស្រីៗបុគ្គលិក និងបម្រុងយកថាសវាយក្បាលស្រីៗបុគ្គលិកទៀតផង។ លោក កែវ ស៊ុនលី បានចាក់ស្រាខូចក្បាលមីក្រូហ្វូនពិតប្រាកដ ។ បើខូចមីក្រូហ្វូនខូចនិងអាំភ្លីទៀតផង ពីព្រោះវាភ្ជាប់គ្នាគិតថ្លៃសងខូចខាត២០០ដូល្លា ។ លោកប្រគល់ឱ្យទាំងមីក្រូហ្វូន និអាំភ្លីទៅឈ្មោះ កែវ ស៊ុនលី ប៉ុន្តែគាត់យកបោកចោលនៅពេលបើករថយន្តចេញទៅផ្ទះវិញនោះ៕ សំ វិច្ឆិកា