ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចក្រឡាហោមជំរុញឲ្យបោសសម្អាតគ្រឿងញៀនភូមិត្រពាំងឈូកឲ្យបាន

ចែករំលែក៖

ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៧ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី១ បានអញ្ជើញជាអធិបតីនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១ ប្រចាំខែមករា ឆ្នាំ២០១៧ និងផ្សព្វផ្សាយសេចក្តីសម្រេចរាជរដ្ឋា ភិបាល ស្តីពីការបង្កើតគណៈកម្មការចម្រុះប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅទីស្តីការក្រសួងមហាផ្ទៃ ។

សម្តេចក្រឡាហោមបានមានប្រសាសន៍ ជំរុញឲ្យអាជ្ញាធររាជធានីភ្នំពេញ សហការជាមួយអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងរយៈពេល១ខែ ពោលគឺក្នុងខែកុម្ភៈនេះតែម្តង ត្រូវបោសសម្អាតទីតាំងត្រពាំងឈូក ដែល សម្បូរទៅដោយបញ្ហាគ្រឿងញៀន ។ ដោយបង្កើតទីបញ្ជាការស្រាលមួយប្រចាំនៅទីនោះ ក៏បានមិនបាច់បង្កើតក៏បាន តែធ្វើ ម៉េចត្រូវដោះស្រាយឲ្យបាន ។ ជាមួយគ្នានោះសម្តេចក៏បានជំរុញឲ្យកងកម្លាំងមានសមត្ថកិច្ចទាំងអស់ ចាប់មេខ្លោងជួញដូរ ចែកចាយគ្រឿងញៀនឲ្យបាន ព្រោះថា ពួកនេះមិនមានច្រើនប៉ុន្មាននោះទេ ។

សម្តេចក្រឡាហោម ក៏បានស្នើឲ្យអភិបាលខេត្ត និងជាប្រធានគណៈកម្មាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខេត្ត ទាំងអស់ ខិតខំបង្កើត មជ្ឈមណ្ឌលព្យាបាល និងស្តានីតិសម្បទាយ៉ាងហោចណាស់ក្នុង១ខេត្តឲ្យបាន១ ។ បន្ថែមពីលើនេះ សម្តេចក្រឡាហោម ក៏បានដាក់ចេញនូវវិធានការចំនួន៥ ៖ ១-វិធានការអប់រំ, ២-វិធានការរដ្ឋបាល, ៣-វិធានការអនុវត្ត ច្បាប់, ៤-វិធានការព្យាបាល និងស្តានីតិសម្បទា និង៥-កិច្ចសហប្រតិបត្តិការអន្តរជាតិ ។

គួរបញ្ជាក់ផងដែរថា តំបន់ត្រពាំងឈូក ជាតំបន់ភូមិសាស្ត្រសំណង់អនាធិបតេយ្យ លំបាកក្នុងការគ្រប់គ្រង គឺមានផ្ទះឈើ ផ្ទះស្លឹក ហើយវាបណ្តែតលើទឹកថែមទៀតផង ពិបាកក្នុងការចុះអនុវត្ត ជនល្មើសតែងតែលោតចូលទៅក្នុងទឹក និងគាស់ ជញ្ជាំងលួចចូលទោះបីយើងឃ្លុំបេក៏ដោយនោះ ៕ សហការី

ស ខេង


ចែករំលែក៖