ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចមិនទាន់ឃាត់ខ្លួនជនសង្ស័យជាឃាតកចាក់សម្លាប់កម្មករម្នាក់នៅក្នុងស្រុកកំរៀងនៅឡើយទេ

ចែករំលែក៖

ខេត្តបាត់ដំបង៖ សមត្ថកិច្ចនៅស្រុកកំរៀង មិនទាន់ចាប់ឃាត់ខ្លួនជនសង្ស័យជាឃាតកវាយ និងចាក់សម្លាប់កម្មករគ្នាឯងស៊ីឈ្នួលកាប់ដំឡូងមីនៅឡើយនោះទេ ដោយកំពុងតាមដានស្រាវជ្រាវស៊ើបអង្កេត ដើម្បីស្វែងរកចាប់ឃាត់ខ្លួនជនសង្ស័យជាឃាតក ក្រោយពីមានអំពើឃាតកម្មចាក់សម្លាប់កម្មករម្នាក់បណ្តាលឱ្យស្លាប់ នៅវង់ផឹកស៊ី ក្នុងដីចំការដាច់ស្រយ៉ាលមួយកន្លែង កាលពីវេលាម៉ោង៨ យប់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅភូមិផ្លូវ០៦ ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង។

ការស្វែងរកចាប់ឃាត់ខ្លួនជនសង្ស័យជាឃាតក ត្រូវគេនិយាយថា សមត្ថកិច្ចមានការលំបាកក្នុងស្វែងចាប់ខ្លួន ពីព្រោះជនសង្ស័យជាជនចំណាកស្រុក មិនស្ថិតក្នុងការរស់នៅនិងគ្រប់គ្រងក្នុងមូលដ្ឋាន ខេត្តបាត់ដំបងនោះឡើយ។

លោកវរសេនីយ៍ត្រី មុយ សារិទ្ធ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំរៀង ប្រាប់ឱ្យដឹងថា ជនសង្ស័យជាឃាតករសមត្ថកិច្ចបានស្គាល់អត្តសញ្ញាណនោះហើយ មានឈ្មោះ សាន ទូច ភេទប្រុសអាយុ២៨ឆ្នាំ ប្រកបមុខរបរកម្មករ រស់នៅភូមិអន្លង់ក្រសាំង ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពុងធំ។ចំណែកជនរងគ្រោះ មានឈ្មោះ ម៉ង់ ភេទប្រុស អាយុ២៥ឆ្នាំ ប្រកបមុខរបរកម្មករ រស់នៅក្នុងខេត្តសៀមរាប ពួកគេមកស៊ីឈ្នួលកាប់ដំឡូងមី ឱ្យគេ ស្ថិតនៅចំណុចកើតហេតុខាងលើ។

លោកប្រាប់ឱ្យដឹងទៀតថា រឿងរ៉ាវឈានដល់វាយនិងចាក់សម្លាប់ប្រើប្រាស់ ដោយកាំបិតគឺផ្តើមចេញពីអ្នកទាំង២នាក់ស្រវឹងស្រា ផឹកជុំគ្នា ហើយបានទាស់ពាក្យសំដីនិងគ្នាទៅវិញទៅមកមិនដឹងមូលហេតុ។មុនពេលកើតហេតុពួកគេបានជួបជុំគ្នាផឹកស៊ីនៅខាងក្រោមដើមឈើមួយដើមលុះបន្ទាប់មកឈានដល់ការប្រើអំពើហិង្សាវាយកាប់សម្លាប់គ្នាតែម្តង។ជនរងគ្រោះបានស្លាប់ក្រោយពីគេបានដឹកបញ្ជូនយកមកដល់មន្ទីរពេទ្យយោធានៃកងពល៥៣។ជនសង្ស័យជាឃាតករក្រោយពីធ្វើសកម្មភាពវាយនិងចាក់សម្លាប់ជនរងគ្រោះរួចហើយក៏បានរត់គេចខ្លួនបាត់។

លោកបញ្ជាក់ឱ្យដឹងទៀតថា នៅចំណុចកើតហេតុជាតំបន់ដាច់ស្រយ៉ាលឆ្ងាយពីទីប្រជុំ ជនមានការលំបាក ទម្រាំតែសមត្ថកិច្ចបានដឹងព័ត៌មាន ហើយចុះទៅដល់ទីកើតហេតុ ជនសង្ស័យបានរត់គេចខ្លួន ឆ្ងាយបាត់ទៅហើយ ទោះបីសមត្ថកិច្ចខិតខំដាក់កម្លាំងពង្រាយតាមពួកស្ទាក់ក៏ដោយ៕ សំ វិច្ឆិកា

IMG_6697 IMG_6698 IMG_6699 IMG_6700


ចែករំលែក៖