ខេត្តកណ្តាលៈ បុរសម្នាក់ជាបុគ្គលិកគ្រឹៈស្ថានមីក្រូហិរញ្ញវត្ថុ “គ្រេត” ត្រូវបានរថយន្តមិនស្គាល់អត្តសញ្ញាណបើកកិនបែកក្បាលស្លាប់យ៉ាងអណោចអធ័ម គ្រាដែលបុរសរូបនេះជិះម៉ូតូត្រឡប់មកពីកំដរមិត្តភ័ក្រនៅក្នុងពិធីមង្គលការវិញ ប្រញាប់ទៅធ្វើការរហូតជ្រុលចង្កូតទៅបុកបង្គោលចំណាំងផ្លាតក្បែរចិញ្ចើមផ្លូវ កាលពីវេលាម៉ោង៥ និង៣០នាទីព្រឹក ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧ លើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ៣៧-៣៨ ស្ថិតក្នុងភូមិស្ពានថ្មី ឃុំរកាកោង២ ស្រុកមុខកំពូល ខេត្តកណ្តាល ។
មន្ត្រីនគរបាលចរាចរណ៍ស្រុកមុខកំពូលបានឲ្យដឹងថា ជនរងគ្រោះស្លាប់បាត់បង់ជីវិតនោះឈ្មោះ ខៀវ បញារិទ្ធ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិសៀមរាប ឃុំសៀបរាប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។ ជនរងគ្រោះជាបុគ្គលិក នៃគ្រឹៈស្ថានមីក្រូហិរញ្ញវត្ថុ “គ្រេត” មានទីតាំងនៅឃុំរកាកោង១ ស្រុកមុខកំពូល ជិះម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ1CZ-3358 ។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញជនរងគ្រោះជិះម៉ូតូម្នាក់ឯងតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីជើងទៅត្បូងដោយមានពាក់មួកការពារសុវត្ថិភាពត្រឹមត្រូវ ខណៈជិះដល់ចំណុចកើតហេតុខាងលើទំនងជាជនរងគ្រោះងងុយដេក ទើបបណ្តាលឲ្យម៉ូតូរេចង្កូតធ្លាក់ទៅចិញ្ចើមផ្លូវជ្រុលទៅបុកបង្គោលចំណាំងផ្លាតដួលបោកទៅលើចិញ្ចើមផ្លូវ ស្របពេលនោះក៏មានរថយន្តមិនស្គាល់អត្តសញ្ញាញបើកស្របទិសគ្នា បើកមកកិនពីលើជនរងគ្រោះត្រូវចំក្បាល បណ្តាលឲ្យបែកមួកសុវត្ថិភាព និងក្បាលជនរងគ្រោះស្លាប់យ៉ាងអណោចអធ័មតែម្តង ។ ក្រោយពីមានហេតុការណ៍កើតឡើងរថយន្តបានបើកគេចបាត់ស្រមោល ។ រីឯម៉ូតូ និងសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចនគរបាលប្រគល់ទៅឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។
សាច់ញាតិជនរងគ្រោះនិយាយថា នៅមុនពេលកើតហេតុជនរងគ្រោះបានទៅចូលរួមកំដរមិត្តភ័ក្រ នាឱកាស់មិត្តភ័ក្ររបស់ជនរងគ្រោះរៀបមង្គលការនៅឯខេត្តកំពង់ស្ពឺ ។ នៅយប់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៧ ជនរងគ្រោះនិងមិត្តភ័ក្រជាច្រើនទៀតបានជួបជុំគ្នាយ៉ាងសប្បាយ លុះវេលាម៉ោងប្រមាណ៣ទាបភ្លឺជនរងគ្រោះក៏ បានក្រោកជិះម៉ូតូឆ្ពោះមកស្រុកមុខកំពូល ដើម្បីចូលបម្រើការងារវិញ ខណៈជិះជិតដល់គោលដៅទៅហើយនោះក៏ជួបគ្រោះថ្នាក់ចរាចរណ៍រហូតស្លាប់បាត់បង់ជីវិតយ៉ាងដូច្នេះ ៕ស្អាងជ័យ