ព័ត៌មានទាន់ហេតុការណ៍៖

មេភូមិលេខ៣ឃុំស្វាយរលំដើរឆ្លងផ្លូវមិនប្រយ័ត្នត្រូវស្ត្រីម្នាក់បើកម៉ូតូបុកបណ្តាលឲ្យរងរបួសបាក់ស្មងជើង

ចែករំលែក៖

ខេត្តកណ្ដាលៈ បុរសម្នាក់ដែលគេដឹងថា ជាប្រធានភូមិលេខ៣ ឃុំស្វាយរលំ ស្រុកស្អាង ដើរឆ្លងផ្លូវជាតិលេខ២១Aដោយខ្វះការប្រុងប្រយ័ត្ននៅពេលយប់ ត្រូវបានស្ត្រីម្នាក់បើកម៉ូតូបុកពេញមួយទំហឹង បណ្តាលឲ្យរងរបួសបាក់ស្មងជើងខាងឆ្វេង រីឯស្ត្រីជាអ្នកបើកបរម៉ូតូក៏ទទួលរងរបួសធ្ងន់ផងដែរ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើង កាលពីវេលាម៉ោង១៩ និង១០នាទី ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៧ តាមបណ្តោយផ្លូវជាតិលេខ២១A ស្ថិតក្នុងភូមិលេខ៣ ឃុំស្វាយរលំ ស្រុកស្អាង ខេត្ដកណ្ដាល ។

មន្រ្ដីនគរបាលចរាចរណ៍ស្រុកស្អាងបានឲ្យដឹងថា លោកប្រធានភូមិលេខ៣ដែលរងរបួសបាក់ស្មងជើងនោះឈ្មោះ គង់ វណ្ណថន ភេទប្រុស អាយុ៦៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិលេខ៣ ឃុំស្វាយរលំ ស្រុកស្អាង ។ ចំណែកឯអ្នកបើកបរម៉ូតូឈ្មោះ ប៊ន ស្រស់ ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់បន្លែ មានទីលំនៅក្នុងសង្កាត់ចក្រអង្រែក្រោម ខណ្ឌមានជយ័ រាជធានីភ្នំពេញ បើកបរម៉ូតូម៉ាកហុងដាវ៉េវ ធុនសេ១១០ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1FI-9723 ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុសាក្សីបានឃើញបុរសវ័យចំណាស់ខាងលើនេះដើរឆ្លងផ្លូវជាតិលេខ២១A ក្នុងទិសដៅពីត្បូងទៅជើង ដោយខ្វះការប្រុងប្រយ័ត្ន ខណៈនោះម៉ូតូបើកមកពីកើតទៅលិច ដល់គេចមិនទាន់ជាន់ហ្រ្វាំងមិនជាប់ ក៏ជ្រុលទៅបុកបុរសចំណាស់រូបនេះពេញមួយទំហឹង បណ្តាលឲ្យដួលបោកទៅលើផ្លូវរងរបួសយ៉ាងធ្ងន់ធ្ងរ រីឯស្ត្រីជាអ្នកបើកបរម៉ូតូរងរបួសស្រាល ។

ក្រោយពីមានហេតុការណ៍កើតឡើងជនរងគ្រោះទាំង២នាក់ ត្រូវបានរថយន្ដសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យជ័យជំនះ ។ ចំណែកឯមធ្យោបាយពាក់ព័ន្ធត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ស្រុកស្អាង ធ្វើការវាស់វែងដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ ស្អាងជ័យ

sw (1) sw (2) sw (3)


ចែករំលែក៖