ខេត្តបាត់ដំបង៖ នគរបាលក្រុមបង្ការបង្កាបនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងសហការជាមួយនគរបាលក្រុងបាត់ដំបងក្រោមការដឹកនាំកម្លាំងបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី ជេត វណ្ណី ស្នងការរងទទួលផែនព្រហ្មទណ្ឌ និងលោកអនុសេនីយ៍ឯក ឈឿង គឹមសុង ប្រធានក្រុមនគរបាលបង្ការបង្រ្កាប បានចេញប្រតិបត្តិការចំណាយពេលមួយយប់ទល់ភ្លឺចុះប្រមូលឃាត់ខ្លួនក្រុមក្មេងទំនើងសរុបចំនួន៥៦នាក់ ដែលបង្កវាយតប់គ្នា និងប៉ះពាល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ដែលធ្វើឱ្យប្រជាពលរដ្ឋរស់នៅក្នុងក្រុងបាត់ដំបង មានភាពភ័យខ្លាច។
កម្លាំង នគរបាលបង្រ្កាបឃាត់ខ្លួនក្រុមក្មេងទំនើងទាំងនោះបានធ្វើឡើងចាប់ពីវេលាម៉ោង១០និង៣០នាទីយប់ រហូតដល់វេលម៉ោង៤ទាបភ្លឺឈានចូលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៧ នៅក្នុងភូមិសាស្រ្តក្រុងបាត់ដំបង។
ការចេញបង្រ្កាបឃាត់ខ្លួនក្រុមក្មេងទំនើង៥៦នាក់ ក្រោយពីវិធានការពង្រឹងសន្តិសុខ និងវិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀនទូទាំងខេត្តបាត់ដំបងកំពុងត្រូវបានអនុវត្តយ៉ាងក្តៅគគុក ក្រោមការអនុវត្តតាមផែនការនិងបទបញ្ជារបស់លកឧត្តមសេនីយ៍ទោ ស ថេត ស្នងការនគរបាលខេត្តបាត់ដំបង ក្នុងការពង្រឹងស្តិសុខរក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋរស់នៅប្រកបដោយភាពកក់ក្តៅ។ គ្រាដែលមានសេចក្តីរាយការណ៍ឱ្យដឹងថា ក្នុងរយៈពេលចុងក្រោយនេះក្រុមក្មេងទំនើងនៅខេត្តបាត់ដំបងហាក់បីដូចជាបានកំរើកឡើងវិញ បង្កភាពអាធិបតេយ្យប៉ះពាល់សន្តិសុខសង្គមហើយធ្លាប់ធ្វើកម្មភាពវាយកាប់ចាក់គ្នាតាមផ្លូវសាធារណៈបណ្តាលឱ្យរងរបួសជាបន្តបន្ទាប់ផងដែរ។
លោកអនុសេនីយ៍ឯកឈឿង គឹមសុង ប្រធានក្រុមនគរបាលបង្ការបង្រ្កាប នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងប្រាប់ឱ្យដឹងថាក្នុងប្រតិបត្តិការឃាត់ខ្លួនក្មេងទំនើងខាងលើសមត្ថកិច្ចដកហូតបានដាវកាំបិតវែង១ដើម ដែលពួកក្មេងទាំងនោះទុកជាអាវុធដើម្បីបង្ករបួសស្នាមគូរសត្រូវ។ក្នុងចំណោមក្មេងទំនើងទាំង៥៦នាក់ សមត្ថកិច្ចធ្វើតេស្ថទឹកនោមរកឃើញក្មេងទំនើង២២នាក់មានផ្ទុកសារធាតុញៀននៅក្នុងខ្លួន។
ក្មេងដែលមានផ្ទុកសារធាតុញៀនត្រូវបានចាប់បញ្ជូនយកទៅអប់រំនៅមណ្ឌលកែប្រែបន្សាបគ្រឿងញៀន ដោយឡែកក្មេងទំនើងដែលគ្មានផ្ទុកសារធាតុញៀនសមត្ថកិច្ចបានធ្វើការអប់រំនិងឱ្យធ្វើកិច្ចសន្យា ហើយកោះហៅអាណាព្យាបាលមកទទួលដើម្បីយកទៅអប់រំបន្ត៕សំ វិច្ឆិកា